អាជ្ញាធរលីប៊ីកាលពីព្រឹកថ្ងៃ ទី៨ មីនា បានគំរាមវាយប្រហារនាវាដឹកប្រេងមួយដោតទង់ជាតិកូរ៉េខាងជើង ដែលបោះយុថ្កាក្នុងកំពង់ផែមួយនាភាគខាងកើតប្រទេសខ្លួន ដើម្បីដឹកប្រេងខុសច្បាប់ទិញពីពួកឧទ្ទាមស្វយ័តនិយមនៅភាគខាងកើតលីប៊ី ។
នាយករដ្ឋមន្ត្រីលីប៊ីលោកអាលី ហ្សឺ អីុដានក្នុងសន្និសីទសារព័ត៌មានមួយថ្លែងថា អគ្គរដ្ឋអាជ្ញាចេញបញ្ជាឱ្យចាប់នាវានោះ ។ លោកបន្តថា គ្រប់ភាគីទាំងអស់ត្រូវគោរពអធិបតេយ្យភាពរបស់លីប៊ី ។ ប្រសិនបើនាវានោះរឹងទទឹងនឹងក្លាយជាគោលដៅនៃការវាយប្រហារ ។
ពួកជីវពលប្រដាប់អាវុធលីប៊ីចាប់តាំងពីព្រឹកថ្ងៃទី៨ មីនា មកបាននាំចេញប្រេងលើកដំបូង ចេញពីកំពង់ផែប្រេង AL-SEDRA ដែលពួកគេឡោមព័ទ្ធចាប់តាំងពីខែកក្កដាមក ។ ពួកជីវពលទាំងនោះដែលជាអ្នកការពារបណ្តាទីតាំងប្រេងកាតមុនពេលធ្វើការបះបោរប្រឆាំងអាជ្ញាធរបណ្តោះអាសន្ន បានរាំងខ្ទប់បណ្តាទីតាំងបូមប្រេងដោយទាមទារស្វ័យភាព តំបន់របស់ពួកគេក្នុងផ្ទៃនៃប្រព័ន្ធសហព័ន្ធមួយហើយឱ្យមានការបែងចែកប្រាក់កម្រៃពីការលក់ប្រេងឱ្យបានប្រសើរ ។
យោងតាមលោកហ្សឺ អីុដាន ថាអាជ្ញាធរលីប៊ីបានស្នើដល់កាពីតែននាវានោះ ឱ្យចាកចេញពីដែនទឹក លីប៊ីតែកាពីតែនរូបនោះអះអាងថា ពួកជីវពលប្រដាប់អាវុធបានឡើងលើនាវាហើយរារាំងនាវាមិនឱ្យបើកចេញ ៕
ចែករំលែកព័តមាននេះ