រាជធានីភ្នំពេញ ៖ បុរសម្នាក់អាយុប្រហែលជិត៤០ឆ្នាំ បើករថយន្តម៉ាកមីតស៊ុយប៊ីស៊ីពីរបាំង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ២C១៧២២ បត់ទៅប៉ះនឹងម៉ូតូម៉ាកអាសង់ប៊ិច ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ១BS ៥០០២ មួយគ្រឿងទៀតដែលកំពុងធ្វើដំណើរស្របទិសគ្នា បណ្តាលឱ្យដួលរងរបួសស្រាល ហើយចុះពីលើរថយន្តមកមិនបាននិយាយជាមួយជនរងគ្រោះទេ គិតតែនិយាយទូរស័ព្ទ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃទី៩ មីនា ២០១៤ ខណៈពេលរថយន្តបើកបត់ចូលទៅក្នុងតារាងបាល់ទាត់មួយឈ្មោះស្រ៊ី ជី ស្ថិតនៅតាមបណ្តោយផ្លូវខាងមុខរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូនេះដែរ មិនបានបង្កឱ្យជនរងគ្រោះរបួសធ្ងន់ធ្ងរ ឬរងការខូចខាតច្រើនទេ តែអ្វីដែលគួរកត់សម្គាល់នោះ គឺអ្នកបើករថយន្តប៉ះគេដួលហើយមិនរវល់នឹងការដោះស្រាយទេ គិតតែពីនិយាយទូរស័ព្ទដោយសំអាងទៅលើរថយន្តរបស់ខ្លួនមានធានារ៉ាប់រងពីក្រុមហ៊ុន។
នៅកន្លែងកើតហេតុគេឃើញរថយន្ត និងម៉ូតូដួលនៅលើផ្លូវដោយរង់ចាំការចុះមកធ្វើអន្តរាគមន៍ និងវាស់វែងពីកម្លាំងនគរបាលដើម្បីដោះស្រាយគ្នា ហើយត្រូវបានខាងរថយន្តសងថ្លៃខូចខាតចំនួន៧០ដុល្លារដើម្បីបញ្ចប់រឿង៕
ចែករំលែកព័តមាននេះ