ខេត្តបន្ទាយមានជ័យ ៖ តាមប្រភពព័ត៌មានពីប្រទេសថៃបានឱ្យដឹងថា យ៉ាងហោចណាស់ពលករខ្មែរប្រុស ស្រីចំនួន៦នាក់បានស្លាប់ និង៤នាក់ទៀតរងរបួសធ្ងន់ ស្រាលដោយគ្រោះថ្នាក់ចរាចរណ៍កាលពីវេលាទៀបភ្លឺ ថ្ងៃទី៩ មីនា ២០១៤ ក្នុងខេត្តឈុនបុរី ប្រទេសថៃ។
ជុំវិញព័ត៌មានខាងលើនេះ លោកនេត សារី អគ្គកុងស៊ុលខ្មែរប្រចាំខេត្តស្រះកែវ ប្រទេសថៃបានប្រាប់កោះសន្តិភាពតាមទូរស័ព្ទនៅរសៀលនេះថា ករណីខាងលើពិតជាកើតមានមែន។ លោកបន្តថា ពលករខ្មែរដែលស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍មានចំនួន៦នាក់ ឯ៤នាក់ទៀតកំពុងត្រូវបានមន្ត្រីកម្ពុជាប្រចាំនៅប្រទេសថៃជួយបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងខេត្ត។
ទោះជាយ៉ាងណា លោកនេត សារី មិនទាន់ប្រាប់លំអិតពីមូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍នេះនៅឡើយទេ ដោយប្រាប់ថា ករណីនេះស្ថានទូតកម្ពុជាប្រចាំនៅប្រទេសថៃកំពុងបញ្ជូនមន្ត្រីក្រោមឱវាទចុះទៅកន្លែងកើតហេតុហើយ៕
ចែករំលែកព័តមាននេះ