នៅតែម៉ឺងម៉ាត់ជាមួយរុស្ស៊ី ប្រធានាធិបតីបារាំងលោកហ្វ្រង់ស្វ័រហូឡង់ និងសមភាគីអាមេរិកលោកបារ៉ាក់ អូបាម៉ា គ្រោងអនុម័តវិធានការថ្មីៗប្រឆាំងក្រុងមូស្គូ ។
កាលពីរសៀលថ្ងៃទី៨ មីនា មេដឹកនាំទាំងពីរបានសន្ទនាគ្នាតាមទូរស័ព្ទពីវត្តមានយោធារុស្ស៊ីនៅតំបន់គ្រីមេ ។ យោងតាមមន្ទីរប៉ង់តាហ្គោនថា មានទាហានរុស្ស៊ីដល់ទៅ២០.០០០នាក់នៅគ្រីមេ ។ មេដឹកនាំទាំងពីរនៅតែទទូចលើភាពចាំបាច់ដែលរុស្ស៊ីត្រូវដកកងទ័ពរបស់ខ្លួនចេញពីគ្រីមេ ហើយប្តេជ្ញាធ្វើអ្វីគ្រប់យ៉ាងដើម្បីដាក់ពង្រាយពួកអ្នកសង្កេតការណ៍អន្តរជាតិ ។
ប្រធានាធិបតីបារាំង និងអាមេរិកបានលើកឡើងពីវិធានការថ្មីៗដែលនឹងប្រកាន់យកដែលវិធានការទាំងនោះ ពិតណាស់នឹងធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ទំនាក់ទំនងរវាងសហគមន៍អន្តរជាតិ និងរុស្ស៊ីដែល បែបនេះពុំបម្រើផលប្រយោជន៍របស់នរណាមួយឡើយ។
ចំណែកក្រុងមូស្គូវិញ បើតាមប្រធានព្រឹទ្ធសភារុស្ស៊ី លោកស្រីវ៉ាឡង់ទីណា ម៉ាតវីយេនកូថា រុស្ស៊ីស្នើឱ្យមានការស៊ើបអង្កេតឯករាជ្យមួយលើបណ្តាព្រឹត្តិការណ៍នៅទីក្រុងគៀវ ដែលនៅទីនោះមនុស្សប្រមាណជា១០០នាក់បានត្រូវស្លាប់កាលពីខែមុន ។
លោកស្រីថ្លែងទៅកាន់ក្រុមអ្នកកាសែតថា យើងប្រកាន់យកជំហរនោះ ហើយយើងនឹងស្នើដល់សហគមន៍អន្តរជាតិឱ្យបង្កើតគណៈកម្មការឯករាជ្យមួយស៊ើបអង្កេតលើការសម្លាប់មនុស្សទាំងនេះ ។ លោកស្រីបន្តថា ព្រឹទ្ធសភាសហព័ន្ធរុស្ស៊ីនឹងគាំទ្រចំពោះលទ្ធផលនៃការបោះប្រជាមតិនៅគ្រីមេស្តីពីការភ្ជាប់តំបន់នោះជាមួយរុស្ស៊ី។ ការសម្រេចចិត្តនោះពិតជានឹងស្របច្បាប់។
ដោយធ្វើការប្រៀបធៀបទៅនឹងការបោះប្រជាមតិស្តីពីឯករាជ្យភាពគ្រោងធ្វើនៅតំបន់អេកូសរបស់អង់គ្លេស លោកស្រីម៉ាតវីយេនកូ មានប្រសាសន៍ថា ការសម្រេចចិត្តរបស់គ្រីមេ គឺសមស្របទៅនឹងផ្នត់គំនិតអន្តរជាតិបច្ចុប្បន្ន ។ លោកស្រីក៏និយាយលុបបំបាត់ផងដែរការភ័យខ្លាចដែលថា រុស្ស៊ី និងអ៊ុយក្រែនអាចច្បាំងគ្នា ។ លោកស្រីចាត់ទុកការយល់បែបនេះថា មិនទំនង៕
ចែករំលែកព័តមាននេះ