ខេត្តបាត់ដំបង ៖យ៉ាងហោចណាស់មនុស្សក្មេងចាស់ចំនួន៥នាក់បានស្លាប់ រីឯ៧នាក់ទៀតបានរងរបួសធ្ងន់និងស្រាលដោយសារឧបទ្ទវហេតុជិះគោយន្តកន្ត្រៃក្រឡាប់ធ្លាក់ពីលើស្ពានថ្មឆ្លងអូរមួយកន្លែងដែលមានជម្រៅជិត១០ម៉ែត្រ កាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី៦ មីនា នៅភូមិជ្រៃ១ ឃុំជ្រៃ ស្រុកមោងឫស្សី គ្រាដែលពួកគេត្រឡប់មកពីចូលរួមពិធីមង្គលការសាច់ញាតិទៅផ្ទះវិញ ។
លោកគិត ហៀង អធិការនគរបាលស្រុកមោងឫស្សី បានផ្ដល់ព័ត៌មានថា គោយន្តកន្ត្រៃនោះបានជួបគ្រោះថ្នាក់បន្ទាប់ពីដឹកមនុស្សចំនួន១៣នាក់ មកពីចូលរួមពិធីមង្គលការបងប្អូននៅភូមិម្រះព្រៅ ឃុំជ្រៃ ស្រុកមោងឫស្សីត្រឡប់ទៅផ្ទះវិញនៅភូមិបឹងអំពិល ឃុំព្រែកជីក ស្រុករុក្ខគិរី ។
លោកអធិការបានបន្តថា គោយន្តកន្ត្រៃនេះអ្នកបើកបរឈ្មោះវិន ដែន អាយុ២៧ឆ្នាំ បានព្យាយាមបើកឡើងស្ពានថ្មកោងឆ្លងអូរ តែមិនដឹងយ៉ាងម៉េចពេលឡើងដល់កណ្ដាលស្ពានក៏រេចង្កូតទៅបុកបង្កាន់ដៃស្ពានទាំងកំរោលបណ្ដាលឲ្យបាក់ហើយគោយន្តដែលមានមនុស្សជិះពេញក៏ធ្លាក់ចូលទៅក្នុងអូរបាត់តែម្ដង ដែលមានកម្ពស់១០ម៉ែត្រ ។លោក គិត ហៀង បានបញ្ជាក់ថា ក្រោយពេលកើតហេតុបន្តិច កម្លាំងជំនាញរបស់លោកបានចុះទៅជួយអន្តរាគមន៍ភ្លាមៗដែរ ដើម្បីដឹកបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យ ។ ប៉ុន្តែគ្រានោះមានមនុស្ស២នាក់ត្រូវគោយន្តសង្កត់ស្លាប់ភ្លាមៗនិង៣នាក់ទៀតបានស្លាប់ជាបន្តបន្ទាប់ពេលបញ្ជូនទៅតាមផ្លូវ និងដល់មន្ទីរពេទ្យខេត្តខណៈមនុស្ស៧នាក់ទៀតរងរបួសធ្ងន់ និងស្រាលលើកលែងតែអ្នកបើកបរដែលគ្មានគ្រោះថ្នាក់ដោយសារលោតយករួចខ្លួន។
ក្មេងប្រុសរងគ្រោះអាយុ១២ឆ្នាំម្នាក់ដែលកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យបាននិយាយថា ខ្លួនបានអង្គុយក្បែរ អ្នកបើកបរលើគោយន្តនោះ ហើយពេលនោះគោយន្តបានព្យាយាមបើកឡើងស្ពានថ្មដែលកោងខ្ពស់ឆ្លងអូរតែឡើងមិនរួចវិលតែកង់ដោយសារតែអ្នកបើកបរមិនបានសាងលេខ ម្យ៉ាងគាត់ស្រវឹងស្រាផង ។ កុមារានោះបញ្ជក់ថា គ្រានោះអ្នកបើកបរបានកាច់ដៃចង្កូតងាកចុះឡើងប្រឹងឡើងស្ពាន ស្រាប់តែក្បាលគោយន្តស្ទុះបោកទៅលើបង្កាន់ដៃស្ពានបាក់ក្រឡាប់ធ្លាក់ទាំងគោយន្តទាំងអ្នកជិះចូលទៅក្រោមស្ពានតែម្ដងហើយសំណាងដែលបាត់ស្ពានអត់មានទឹក ។
ជាមួយគ្នានោះអ្នកជិះខ្លះត្រូវគោយន្តសង្កត់ស្លាប់ភ្លាមៗ និងខ្លះទៀតបាក់ដៃបាក់ជើងបែកក្បាល រីឯខ្លួនត្រូវគោយន្តក្រវាត់ផ្លោងដូចដុំដីធ្លាក់ទៅក្នុងអូរដែរ បណ្ដាលឲ្យរបួសបែកក្បាល ។ ប្រភពដដែលបានបន្ថែមថា អូរនោះមានជម្រៅពីលើស្ពានជិត១០ម៉ែត្រ មានតែដុំថ្មនៅខាងក្រោម គ្មានទឹកទេ ។ ភ្លាមនោះគេឃើញរថយន្តសមត្ថកិច្ចបានទៅដល់ជួយដឹកអ្នករបួសទៅមន្ទីរពេទ្យភ្លាមៗដែរ ។
ដោយឡែកនៅឯមន្ទីរពេទ្យបង្អែកខេត្តឯណេះវិញក្រុមគ្រូពេទ្យបានប្រឹងប្រែងជួយសង្គ្រោះយ៉ាងញាប់ដៃញាប់ជើងដោយសារជនរងគ្រោះមួយចំនួនស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរត្រូវការសង្គ្រោះបន្ទាន់បំផុតដែលក្នុងចំណោមនោះស្ទើរពាក់កណ្ដាលជាកុមារ ។
លោកវេជ្ជបណ្ឌិតមួយរូបដែលកំពុងប្រឹងប្រែងជួយសង្គ្រោះជនរងគ្រោះបាននិយាយថា ជនរងគ្រោះស្ទើរទាំងអស់សុទ្ធតែរងរបួសធ្ងន់ ។ លោកប្រាប់ថា មានជនរងគ្រោះចំនួន៧នាក់បានបញ្ជូនមកដល់មន្ទីរពេទ្យបង្អែកខេត្ត ។ ប៉ុន្តែពេលបញ្ជូនមកដល់ភ្លាមជនរងគ្រោះ២នាក់បានដាច់ខ្យល់ស្លាប់ ខណៈក្រុមគ្រូពេទ្យបានចាប់ផ្ដើមបញ្ចូលខ្យល់អុកសីុសែន ។ រីឯកុមារ២នាក់ទៀតដែលម្នាក់មានឈាមកកក្នុងពោះ និងម្នាក់ទៀតមានឈាមកកក្នុងខួរក្បាលត្រូវបានបញ្ជូនបន្តភ្លាមៗទៅកាន់មន្ទីរពេទ្យខេត្តសៀមរាប ព្រោះកុមារទាំង២នាក់នេះមានសភាពធ្ងន់ធ្ងរជាងគេ ។
លោកវេជ្ជបណ្ឌិតដដែលបានបញ្ជាក់ថា មានតែអ្នករបួសចំនួន៥នាក់ប៉ុណ្ណោះដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ក្នុងនោះមានកុមារចំនួន៣នាក់ ដែលស្ថិតក្នុងស្ថានភាពសង្គ្រោះបន្ទាន់ដូចគ្នា ។ លោក គិត ហៀង អធិការស្រុកមោងឫស្សីបានបញ្ជាក់ដែរថា ក្រោយពីជួយបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យ មន្រ្តីជំនាញមិនទាន់បានសួរនាំឲ្យលម្អិតអំពីហេតុការណ៍នេះទេ ដោយសារតែជនរងគ្រោះនិងក្រុមគ្រួសារកំពុងធ្វើបុណ្យសព និងថែទាំអ្នករបួសនៅឯមន្ទីរពេទ្យនៅឡើយ ។
ដោយឡែកអ្នកបើកបរបង្កគ្រោះថ្នាក់នោះក៏មិនទាន់បានកោះហៅមកបំភ្លឺជុំវិញករណីគ្រោះថ្នាក់នេះដែរ ដោយសារតែបុរសនេះកំពុងធ្វើបុណ្យសពឪពុកម្ដាយទាំង២នាក់ដែលស្លាប់ក្នុងឧបទ្ទវហេតុនេះដែរ ។ នេះជាសោកនាដកម្មដ៏រន្ធត់ដែលកើតឡើងដោយការធ្វេសប្រហែសរបស់អ្នកកាន់ចង្កូតដែលទំនងជាស្រវឹងស្រាផង ៕
ចែករំលែកព័តមាននេះ