តំបន់គ្រីមេបានស្នើកាលពីថ្ងៃទី៦ មីនា ដល់ប្រធានាធិបតីរុស្ស៊ីលោកវ៉្លាឌីមៀរ ពូទីន ឱ្យភ្ជាប់តំបន់នោះជាមួយរុស្ស៊ី ដែលនោះជាដំណាក់កាលថ្មីឆ្ពោះទៅរកការបំបែកខ្លួនចេញពីអ៊ុយក្រែន ខណៈពួកលោកខាងលិចប្រកាសពីទណ្ឌកម្មសេដ្ឋកិច្ច និងការទូតថ្មីៗប្រឆាំងក្រុងមូស្គូ ។
អ្នកបោះឆ្នោតគ្រីមេជាឧបទ្វីបមួយមានប្រជាជន២លាននាក់ភាគច្រើននិយាយភាសារុស្ស៊ី នឹងត្រូវធ្វើការជ្រើសរើសក្នុងឱកាសនៃការបោះប្រជាមតិមួយគ្រោងធ្វើនាថ្ងៃទី១៦ មីនា រវាងការផ្តាច់ខ្លួនទៅភ្ជាប់ជាមួយរុស្ស៊ី ឬក៏ស្វ័យភាពខ្លាំងមួយ ។ក្រុមប្រឹក្សាជាន់ខ្ពស់ (សភា) គ្រីមេបានសម្រេចរៀបចំការបោះប្រជាមតិមួយនាថ្ងៃទី១៦ មីនា ដើម្បីចង់ដឹងថា ដែនដីនោះនឹងទៅភ្ជាប់ជាមួយរុស្ស៊ី ឬក៏ស្ថិតនៅជាមួយអ៊ុយក្រែន។ លោកស័រហ្គេយ ស៊ូវ៉ាននីកូវ សមាជិកសភាគ្រីមេនៅមុខបាតុករជិត២០០.០០០នាក់ដែលប្រមូលផ្តុំគ្នានៅមុខសភាគ្រីមេថ្លែងថា កាលបរិច្ឆេទនៃការបោះប្រជាមតិនោះកំណត់ធ្វើនាថ្ងៃទី១៦ មីនា ពុំមែននាថ្ងៃទី៣០ មីនា ឡើយ ។
ចំណែកសភានៃសាធារណរដ្ឋស្វយ័តគ្រីមេកាលពីថ្ងៃទី៦ មីនា បានអនុម័តរួចហើយដាក់បញ្ចូលគ្រីមេទៅក្នុងប្រទេសរុស្ស៊ី ។ សរុបសមាជិកសភា៧៨រូបក្នុងចំណោមសមាជិកសភាទាំង៨៦រូបដែលមានវត្តមានក្នុងសភាបានអនុម័តគម្រោងច្បាប់មួយពីរឿងនេះក្នុងកិច្ចប្រជុំសម្ងាត់មួយ ។លោក SERGEY TSEKOV អនុប្រធានសភាគ្រីមេថ្លែងថា យើងបានធ្វើការសម្រេចចិត្តចូលរួមជាមួយសហព័ន្ធរុស្ស៊ី ។ យើងយល់ថា បែបនេះសម្រាប់យើងវានឹងប្រសើរជាង ។សភាគ្រីមេ ក៏ស្នើផងដែរដល់ប្រធានាធិបតីរុស្ស៊ីឱ្យពិនិត្យសំណើនោះ។
ចំណែកនាយករដ្ឋមន្ត្រីថ្មីអ៊ុយក្រែនលោកអាសឺនីអុីយ៉ាតសឺនីអ៊ុក ថ្លែងកាលពីថ្ងៃទី៦ មីនាថា ការបោះប្រជាមតិដែលសម្រេចដោយសភាគ្រីមេជាការសម្រេចចិត្តខុសច្បាប់មួយ ក៏បុ៉ន្តែលោកបដិសេធគំនិតនៃជម្លោះខាងយោធាមួយជាមួយរុស្ស៊ី ។ ក្នុងសន្និសីទសារព័ត៌មានមួយលោកគូសបញ្ជាក់ថា គ្រីមេជាផ្នែកមួយរបស់អ៊ុយក្រែន ។ លោកបញ្ជាក់ថា អ៊ុយក្រែននឹងពុំបង្កជម្លោះខាងយោធាជាមួយរុស្ស៊ីឡើយ ព្រោះថាកងទ័ពអ៊ុយក្រែន និងរុស្ស៊ីពុំអាចប្រៀបផ្ទឹមគ្នាបានឡើយ ។
រីឯប្រធានាធិបតីអាមេរិកលោកបារ៉ាក់ អូបាម៉ា បានចេញបញ្ជាកាលពីថ្ងៃទី៦ មីនា ឱ្យដាក់ទណ្ឌកម្មនានាប្រឆាំងបណ្តាមនុស្សដែលយល់ថា ទទួលខុសត្រូវដល់អន្តរាគមន៍យោធារុស្ស៊ីនៅអ៊ុយក្រែន ហើយប្រកាសថា គម្រោងបោះប្រជាមតិនៅគ្រីមេជាការរំលោភបំពានច្បាប់អន្តរជាតិ ។ទណ្ឌកម្មប្រឆាំងបណ្តាអ្នកទទួលខុសត្រូវរុស្ស៊ី និងអ៊ុយក្រែនផ្តោតលើការផ្អឹបទុកទ្រព្យសម្បត្តិ និងការហាមឃាត់មិនផ្តល់ទិដ្ឋាការ ហើយតាមមើលទៅ ទណ្ឌកម្មបែបនេះនឹងពុំមានចំពោះលោកពូទីន ឡើយ ។ ប្រធានសភារុស្ស៊ីលោកស័រហ្គេយ ណាវីតគីន ថ្លែងកាលពីថ្ងៃទី៧ មីនាថា សភារុស្ស៊ីនឹងគោរពការជ្រើសរើសជាប្រវត្តិសាស្ត្ររបស់គ្រីមេ ក្នុងការបោះប្រជាមតិបញ្ចូលដែនដីនេះមកក្នុងប្រទេសរុស្ស៊ី ៕
ចែករំលែកព័តមាននេះ