សម្រាប់ទិវាបុណ្យសិទ្ធិនារី ៨ មីនា នៃឆ្នាំ២០១៤នេះ កោះសន្តិភាពសូមបង្ហាញព័ត៌មានគួរឱ្យចាប់អារម្មណ៍មួយចំនួនទាក់ទិនស្ត្រីដូចខាងក្រោមនេះ ។
លោកយាយជប៉ុនអាយុវែងជាងគេលើពិភពលោកប្រារព្ធខួបគម្រប់១១៦ឆ្នាំ
លោកយាយមីសាអូ អូការ៉ា បានប្រារព្ធពិធីខួបកំណើតគំរប់១១៦ឆ្នាំ កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៤ ។ ប្រភពព័ត៌មានបរទេសផ្សាយថា លោកយាយមីសាអូ អូការ៉ា កើតនៅថ្ងៃទី៥ ខែមីនា ឆ្នាំ១៨៩៨ ។ មនុស្សជាច្រើនបានចូលរួមអបអរសាទរនៅក្នុងថ្ងៃកំណើតរបស់លោកយាយ មីសាអូ អូកាវ៉ា ដោយជូនបាច់ផ្កា និងជូនពរគាត់ក្នុងពិធីដែលប្រារព្ធទ្បើង នៅមជ្ឈមណ្ឌលមនុស្សចាស់ជរា ក្នុងទីក្រុងអូសាកា ភាគខាងលិចប្រទេសជប៉ុន ។
លោកយាយមីសាអូ អូកាវ៉ា ជាកូនរបស់អាជីវករលក់សម្លៀកបំពាក់ ក្នុងទីក្រុងអូសាកា ។ គាត់មានកូនចំនួន៣នាក់ និង២នាក់ នៅរស់រានមានជីវិតក្នុងពេលបច្ចុប្បន្នក្នុងវ័យ៩០ឆ្នាំ ។ លោកយាយមីសាអូ អូកាវ៉ា ទទួលទានអាហារគ្រប់ប្រភេទ និងមានអាហារមួយប្រភេទ ដែលពេញចិត្តបំផុត គឺត្រីឆៅ ដោយក្នុងអំទ្បុងពេល៦ខែកន្លងមក គាត់ទទួលទានត្រីឆៅអស់ប្រហែល៤គីទ្បូក្រាម ។
លោកយាយមីសាអូ អូកាវ៉ា គឺជាបុគ្គលមានអាយុច្រើនជាងគេនៅលើពិភពលោក តាំងពីខែមិថុនាឆ្នាំមុនមក ក្រោយពីមរណភាពរបស់លោកតាជីរ៉ូម៉ុង គីមូរ៉ា ជនជាតិជប៉ុន អាយុ១១៦ឆ្នាំ ៕
ស្ត្រីមានស្តុកស្តម្ភបំផុតនៅលើពិភពលោកប្រចាំឆ្នាំ២០១៤
ទស្សនាវដ្ដីហ្វប់ បានរៀបចំណាត់ថ្នាក់ស្រ្ដីមានស្ដុកស្ដម្ភបំផុតនៅលើពិភពលោកប្រចាំឆ្នាំ២០១៤ ដោយលំដាប់ទី១បានទៅលើលោកស្រីគ្រីស្ទី វ៉លតុន ប្រធានផ្សារទំនើបវ៉លម៉ាត មានទ្រព្យសម្បត្ដិសរុប៣៦.៧០០លានដុល្លារ ។
ចំណាត់ថ្នាក់ទី២ គឺលោកស្រីលីលីអាន ប៊េតតេងគួ ប្រធានក្រុមហ៊ុន«ឡូរីអាល» មានទ្រព្យសម្បត្ដិ៣៤.៥០០លានដុល្លារ ។ លំដាប់ទី៣ លោកស្រីអាលីស វ៉លតុន អ្នកកាន់ភាគហ៊ុនវ៉លម៉ាត មានទ្រព្យសម្បត្ដិសរុប៣៤.៣០០លានដុល្លារ ។ សម្រាប់លំដាប់ទី៤ លោកស្រីហ្គ័រលីន ម៉ាស មានទ្រព្យសម្បត្ដិសរុប ២០.០០០លានដុល្លារ ពីភាគហ៊ុនក្នុងក្រុមហ៊ុនផលិតរថយន្ដ BMW ។ លំដាប់ទី៥ គឺលោកស្រីជីណា រ៉ៃហាត មានចំណូលពីអណ្ដូងរ៉ែ និងជាអ្នកចំណាយលើពន្ធនៅអូស្រ្ដាលីច្រើនបំផុត មានទ្រព្យសម្បត្ដិសរុប ១៧.៧០០លានដុល្លារ ។
ចំណាត់ថ្នាក់ទី៦ គឺលោកស្រីស៊ូសាន ខ្លេតថេន កាន់ភាគហ៊ុនក្នុង BMW មានទ្រព្យសម្បត្ដិចំនួន ១៧.៤០០លានដុល្លារ ។ ចំណាត់ថ្នាក់ទី៧ លោកស្រីអាប៊ីជេល ចនសុន អ្នកវិនិយោគិន មានទ្រព្យសម្បត្ដិសរុប ១៧.៣០០លានដុល្លារ។ ចំណាត់ថ្នាក់ទី៨ លោកស្រីអ៊ែនឃុក ឆេមប៊័រ មានទ្រព្យសម្បត្ដិសរុប ១៥.៥០០លានដុល្លារ ។ លំដាប់ទី៩ លោកស្រីអៃរីស ហ្វុនបូណា ម្ចាស់អណ្ដូងរ៉ែមានទ្រព្យសម្បត្ដិសរុប ១៥.៥០០លានដុល្លារ ។ លំដាប់ទី១០ គឺលោកស្រីឡូរ៉េន ផាវវ៉េលចប ម្ចាស់ភាគហ៊ុនក្នុងក្រុមហ៊ុនអេបផល មានទ្រព្យសម្បត្ដិសរុប ១៤.០០០លានដុល្លារ ។
ទស្សនាវដ្ដីហ្វប់ឱ្យដឹងថា នៅក្នុងឆ្នាំនេះបានបង្ហាញថា មានស្រ្ដីជាប់ចំណាត់ថ្នាក់ជាមហាសេដ្ឋីនីក្នុងទឹកប្រាក់ជាង១ពាន់លានដុល្លារ ច្រើនបំផុតជាប្រវត្ដិសាស្រ្ដគឺជាង១.០៨០នាក់ ក្នុងចំណោមនោះស្រ្ដីជនជាតិអាមេរិកមានចំនួន៤៩២នាក់ លំដាប់ទី២ចិនមានចំនួន១៥២នាក់ និងរុស្សុី១១នាក់ ស្ថិតក្នុងចំណាត់ថ្នាក់ទី៣ ៕
ស្ត្រីអាមេរិកម្នាក់ជួលកាសែតផ្សាយបកអាក្រាតប្តីលួចមានប្រពន្ធចុង
ស្ត្រីឈ្មោះថែមសៀ ប្រោន បានរំសាយកំហឹងរបស់ខ្លួនតាមរយៈទំព័រកាសែតក្នុងស្រុកមួយនៅទីក្រុងតិចសាស់ សហរដ្ឋអាមេរិក ។ នាងបានសរសេរផ្សាយថា «ខ្ញុំសូមសម្តែងក្តីត្រេកអរចំពោះនាងសារ៉ា ឃ័រមៀ និងលោកផេតទ្រិក ប្រោន ព្រោះពួកគេកំពុងមានកូនតពូជពង្ស និងសង្ឃឹមថា ពួកគេទាំង២នាក់ នឹងស្រឡាញ់គ្នា និងរស់នៅរួមគ្នាជារៀងរហូត ។ ពីខ្ញុំថែមសៀ ប្រពន្ធរបស់លោកផេតទ្រិក» ។ រឿងនេះត្រូវគេដឹងតាមហ្វេសប៊ុក តែមិនដឹងថាកាសែតនោះផ្សាយនៅពេលណាទេ ៕
នារីកូរ៉េម្នាក់ធ្វើអត្តឃាតព្រោះអាម៉ាស់រឿងផ្សាយរកគូស្រករ
សារព័ត៌មានបរទេសកាលពីថ្ងៃទី៧ មីនា ២០១៤ ផ្សាយថា នាងជុន ដែលចូលរួមក្នុងកម្មវិធីរកគូស្រករ The mate ត្រូវគេប្រទះឃើញចង.កធ្វើអត្តឃាតនៅក្នុងបន្ទប់ទឹក រួមទាំងសរសេរបញ្ជាក់ពីមូលហេតុនៃការសម្លាប់ខ្លួនទៀតផង ។ អ្នកស្រីជាម្តាយនិយាយថា កូនស្រីបានទូរស័ព្ទប្រាប់គាត់ថា នាងមិនចង់រស់ទៀតទេ ពិសេសនៅពេលរូបភាពវីដេអូស្តីពីជីវិតខ្វះគូរបស់នាង បានផ្សព្វផ្សាយ។
ចំណែកមិត្តភក្តិរបស់នាងជុន បញ្ជាក់ថា នាងខឹងអ្នករៀបចំកម្មវិធីដែលប្រាប់ថា នាងជាស្ត្រីគួរឱ្យសោកសៅ និងបានផ្សាយឈុតឆាក ដែលនាងរស់នៅតែម្នាក់ឯងនៅក្នុងមជ្ឈមណ្ឌលរកគូស្រករជាច្រើនលើក ធ្វើឱ្យនាងមានការឈឺចាប់ និងអាម៉ាស់ ។
ស្ថានីយទូរទស្សន៍ SBS ជាម្ចាស់នៃកម្មវិធីនោះបានបញ្ឈប់ការផ្សាយរូបភាពវីដេអូនោះ និងបានសុំទោសដល់ទស្សនិកជន រួមទាំងក្រុមគ្រួសាររបស់នាងជុន ប៉ុន្តែបដិសេធមិនទទួលខុសត្រូវចំពោះការធ្វើអត្តឃាតរបស់នាងទេ ៕
នារីមានមន្តស្នេហ៍ម្នាក់ប្តឹងក្រុមហ៊ុនរកគូស្រករ ព្រោះប្រើរូបថតនាងឃោសនា
សារព័ត៌មានបរទេសបានផ្សាយថា ស្ត្រីជនជាតិអាមេរិកម្នាក់ដែលធ្លាប់ប្រព្រឹត្តខុសច្បាប់បានប្ដឹងក្រុមហ៊ុនស្វែងរកគូស្រករមួយពីបទយករូបភាពរបស់នាងទៅឃោសនាផ្សព្វផ្សាយព្រោះមានទឹកមុខស្រស់ស្អាត មានមន្តស្នេហ៍ធ្វើឱ្យនាងមានរឿងអាស្រូវមិនចេះចប់មិនចេះហើយដោយចាត់ទុកថាជាការល្មើសលើសិទ្ធិបុគ្គល ។ សារព័ត៌មានបរទេសផ្សាយថា ការផ្សព្វផ្សាយរូបភាពនោះធ្វើឱ្យមានការចាប់អារម្មណ៍ច្រើនក្នុងអីុនធើរណេតព្រោះនាងជាអតីតអ្នកប្រព្រឹត្តខុសច្បាប់ តែមុខមាត់មានមន្តស្នេហ៍ ។ នាងត្រូវសមត្ថកិច្ចចាប់ខ្លួនកាលពីឆ្នាំ២០១០ ពីបទបើកបរក្នុងពេលស្រវឹងនៅរដ្ឋផ្លរីដា សហរដ្ឋអាមេរិក ។ រូបភាពរបស់នារីនោះត្រូវគេប្រើសម្រាប់ឃោសនាក្នុងអត្ថន័យថា «មានពេលខ្លះអ្នកដែលមានសម្រស់ស្អាតមិនចាំបាច់មានភាពស្អាតស្អំ » ។ នារីរូបស្អាតនោះសម្រេចចិត្តជួលមេធាវីដំណើការរឿងក្ដីប្ដឹងក្រុមហ៊ុនដែលយករូបភាពរបស់នាងទៅស្វែងរកផលប្រយោជន៍ ៕
ស្ត្រីនៅសហភាពអឺរ៉ុប១ភាគ១០រងទារុណកម្មផ្លូវភេទ
AFP ផ្សាយថា ១ភាគ៣នៃស្ត្រីនៅអឺរ៉ុបធ្លាប់មានបទពិសោធន៍ត្រូវគេធ្វើបាបរាងកាយ និងបំពានផ្លូវភេទ ខណៈពេលស្ត្រីប្រហែល៥% ទទួលរងការចាប់រំលោភ ។ ការផ្សាយនេះយោងតាមរបាយការណ៍ដែលបានផ្សព្វផ្សាយនៅទូទាំងសហគមន៍អឺរ៉ុប កាលពីថ្ងៃទី៥ មីនា ឆ្នាំ២០១៤។លទ្ធផលអង្កេតដែលរៀបចំឡើងដោយវិទ្យាស្ថានសិទ្ធិជាមូលដ្ឋាននៅអឺរ៉ុប (FRA) បញ្ជាក់ថា មានស្ត្រីជាង១ភាគ១០ ឱ្យដឹងថា ពួកនាងធ្លាប់ត្រូវមនុស្សចាស់ធ្វើទារុណលើផ្លូវភេទក្នុងគ្រប់រូបភាព ខណៈមានអាយុក្រោម១៥ឆ្នាំ ។
របាយការណ៍របស់ FRA ដែលមានស្នាក់ការធំនៅក្នុងទីក្រុងវីយែន ឱ្យដឹងថា ១ភាគ១០នៃស្ត្រីនៅអឺរ៉ុប ធ្លាប់រងអំពើហិង្សាផ្លូវភេទពីគ្រប់រូបភាព ចាប់តាំងពីអាយុក្រោម១៥ឆ្នាំ ។ លើសពីនេះក៏មានស្ត្រីម្នាក់ក្នុងចំណោម២០នាក់ ធ្លាប់រងការរំលោភ និង១នាក់ ក្នុងចំណោម៥នាក់ ធ្លាប់រងការធ្វើបាបរាងកាយ ឬធ្វើទារុណកម្មផ្លូវភេទ ។
FRA បានអង្កេតពីជីវប្រវត្តិរបស់ស្ត្រីដែលធ្លាប់ប្រឈមមុខនឹងអំពើហិង្សាលើរាងកាយផ្លូវភេទ និងផ្លូវចិត្ត ។ សម្រាប់ស្ត្រីរងគ្រោះផ្នែកផ្លូវភេទជាង១ក្នុងចំណោម៥នាក់ ធ្លាប់រងការភិតភ័យតក់ស្លុត និងមាន១ក្នុងចំណោម៣នាក់ មានអាការសោកសៅ រួមទាំងមានស្ត្រីប្រហែល៤៣% ថ្លែងថា អ្វីដែលកើតឡើងមកលើខ្លួនគឺមានបញ្ហាផ្នែកសម្ព័ន្ធភាព ៕
ចែករំលែកព័តមាននេះ