AFP ផ្សាយថា ១ភាគ៣នៃស្ត្រីនៅអឺរ៉ុបធ្លាប់មានបទពិសោធន៍ត្រូវគេធ្វើបាបរាងកាយ និងបំពានផ្លូវភេទ ខណៈពេលស្ត្រីប្រហែល៥% ទទួលរងការចាប់រំលោភ ។ ការផ្សាយនេះយោងតាមរបាយការណ៍ដែលបានផ្សព្វផ្សាយនៅទូទាំងសហគមន៍អឺរ៉ុប កាលពីថ្ងៃទី៥ មីនា ឆ្នាំ២០១៤។លទ្ធផលអង្កេតដែលរៀបចំឡើងដោយវិទ្យាស្ថានសិទ្ធិជាមូលដ្ឋាននៅអឺរ៉ុប (FRA) បញ្ជាក់ថា មានស្ត្រីជាង១ភាគ១០ ឱ្យដឹងថា ពួកនាងធ្លាប់ត្រូវមនុស្សចាស់ធ្វើទារុណលើផ្លូវភេទក្នុងគ្រប់រូបភាព ខណៈមានអាយុក្រោម១៥ឆ្នាំ ។
របាយការណ៍នោះបានបង្ហាញឱ្យឃើញថា ការប្រើអំពើហិង្សាលើស្ត្រីភេទទាំងផ្នែករាងកាយ ផ្លូវភេទ និងផ្លូវចិត្ត គឺជាការល្មើសលើសិទ្ធិមនុស្សដែលកើតនៅក្នុងប្រទេសជាសមាជិកនៅសហគមន៍អឺរ៉ុប ។ របាយការណ៍របស់ FRA ដែលមានស្នាក់ការធំនៅក្នុងទីក្រុងវីយែន ឱ្យដឹងថា ១ភាគ១០នៃស្ត្រីនៅអឺរ៉ុប ធ្លាប់រងអំពើហិង្សាផ្លូវភេទពីគ្រប់រូបភាព ចាប់តាំងពីអាយុក្រោម១៥ឆ្នាំ ។ លើសពីនេះក៏មានស្ត្រីម្នាក់ក្នុងចំណោម២០នាក់ ធ្លាប់រងការរំលោភ និង១នាក់ ក្នុងចំណោម៥នាក់ ធ្លាប់រងការធ្វើបាបរាងកាយ ឬធ្វើទារុណកម្មផ្លូវភេទ ។
លោកម័រតេន ខេឃេរ៉ាម នាយកវិទ្យាស្ថាននោះបញ្ជាក់ថា «យើងសូមអំពាវនាវឱ្យមានការលើកកម្ពស់បទដ្ឋានសម្រាប់ទប់ទល់រាល់ការប្រើអំពើហិង្សាដល់ស្ត្រី ចាប់ពីពេលនេះតទៅ» ។FRA បានអង្កេតពីជីវប្រវត្តិរបស់ស្ត្រីដែលធ្លាប់ប្រឈមមុខនឹងអំពើហិង្សាលើរាងកាយផ្លូវភេទ និងផ្លូវចិត្ត ។ សម្រាប់ស្ត្រីរងគ្រោះផ្នែកផ្លូវភេទជាង១ក្នុងចំណោម៥នាក់ ធ្លាប់រងការភិតភ័យតក់ស្លុត និងមាន១ក្នុងចំណោម៣នាក់ មានអាការសោកសៅ រួមទាំងមានស្ត្រីប្រហែល៤៣% ថ្លែងថា អ្វីដែលកើតឡើងមកលើខ្លួនគឺមានបញ្ហាផ្នែកសម្ព័ន្ធភាព ៕
ចែករំលែកព័តមាននេះ