សារព័ត៌មានបរទេសកាលពីថ្ងៃទី៧ មីនា ២០១៤ ផ្សាយថា ស្ថានីយទូរទស្សន៍ដ៏ល្បីមួយ របស់កូរ៉េខាងត្បូងប្រឈមមុននឹងការវាយប្រហារខ្លាំងពីទស្សនិកជន ក្រោយពីនារីម្នាក់ចង.កធ្វើអត្តឃាត បន្ទាប់ពីថតកម្មវិធី «រកគូស្រករ» រួច ដោយសារនាងបញ្ជាក់ថាកម្មវិធីនោះផ្សព្វផ្សាយពីជីវិតនាងដែលមើលទៅគួរឱ្យអៀនខ្មាស និងអាម៉ាស់ ។
របាយការណ៍បញ្ជាក់ថា នាងជុន ដែលចូលរួមក្នុងកម្មវិធីរកគូស្រករ The mate ត្រូវគេប្រទះឃើញចង.កធ្វើអត្តឃាតនៅក្នុងបន្ទប់ទឹក រួមទាំងសរសេរបញ្ជាក់ពីមូលហេតុនៃការសម្លាប់ខ្លួនទៀតផង ។ អ្នកស្រីជាម្តាយនិយាយថា កូនស្រីបានទូរស័ព្ទប្រាប់គាត់ថា នាងមិនចង់រស់ទៀតទេ ពិសេសនៅពេលរូបភាពវីដេអូស្តីពីជីវិតខ្វះគូរបស់នាង បានផ្សព្វផ្សាយ។
ចំណែកមិត្តភក្តិរបស់នាងជុន បញ្ជាក់ថា នាងខឹងអ្នករៀបចំកម្មវិធីដែលប្រាប់ថា នាងជាស្ត្រីគួរឱ្យសោកសៅ និងបានផ្សាយឈុតឆាក ដែលនាងរស់នៅតែម្នាក់ឯងនៅក្នុងមជ្ឈមណ្ឌលរកគូស្រករជាច្រើនលើក ធ្វើឱ្យនាងមានការឈឺចាប់ និងអាម៉ាស់ ។
ស្ថានីយទូរទស្សន៍ SBS ជាម្ចាស់នៃកម្មវិធីនោះបានបញ្ឈប់ការផ្សាយរូបភាពវីដេអូនោះ និងបានសុំទោសដល់ទស្សនិកជន រួមទាំងក្រុមគ្រួសាររបស់នាងជុន ប៉ុន្តែបដិសេធមិនទទួលខុសត្រូវចំពោះការធ្វើអត្តឃាតរបស់នាងទេ ៕
ចែករំលែកព័តមាននេះ