ប្រឈមមុខនឹងការបង្កើនបាញ់គ្រាប់មីស៊ីលបាលីស្ទីកដោយកូរ៉េខាងជើង សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបានទាមទាររួមគ្នា កាលពីថ្ងៃទី៦ មីនា ដល់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប ឱ្យមានទណ្ឌកម្មនានា ដោយចោទប្រកាន់ក្រុងព្យុងយ៉ាងថា រំលោភបំពានដោយគិតទុក និងច្បាស់បំផុតលើបណ្តាដំណោះស្រាយ អ.ស.ប ។
រដ្ឋាភិបាលនៃប្រទេសទាំងពីរបានដាក់សំណើដល់គណៈកម្មាធិការទណ្ឌកម្មប្រឆាំងកូរ៉េខាងជើងដោយអះអាងថា ការបាញ់មីស៊ីលទាំងនោះជាការរំលោភបំពានលើបណ្តាដំណោះស្រាយអ.ស.ប ដូច្នេះក្រុមប្រឹក្សាសន្តិសុខត្រូវមានប្រតិកម្ម ។ ប្រទេសទាំងពីរបន្តថា ដោយគិតដល់បច្ចេកវិទ្យាបាលីស្ទីកដែលប្រើប្រាស់សម្រាប់ការបាញ់មីស៊ីល២លើករបស់កូរ៉េខាងជើងនាពេលថ្មីៗនេះ នោះជាផ្នែកមួយនៃកម្មវត្ថុដាក់ទណ្ឌកម្មរបស់អ.ស.ប ដែលលើកឡើងក្នុងសេចក្តីប្រកាសមួយចេញផ្សាយដោយអ.ស.ប ក្រោយការបាញ់មីស៊ីលធុន SCUD កាលពីខែកក្កដា ឆ្នាំ២០០៩ ។
អ.ស.ប បានអនុម័តកាលពីឆ្នាំ២០០៦ ក្រោយការសាកល្បងនុយក្លេអ៊ែររបស់កូរ៉េខាងជើងនូវដំណោះស្រាយមួយដែលហាមឃាត់រាល់ការបាញ់មីស៊ីល ដែលប្រើប្រាស់បច្ចេកវិទ្យាបាលីស្ទីក ។ប្រទេសកូរ៉េខាងជើងបានបាញ់កាលពីថ្ងៃទី១៧ កុម្ភៈ នូវមីស៊ីលបាលីស្ទីករយៈខ្លីចំនួន៤គ្រាប់ ដែលមីស៊ីលទាំងនោះអាចបាញ់បានចម្ងាយជាង២០០គីឡូម៉ែត្រទៅកាន់ភាគឦសាន និងបាញ់មីស៊ីលអាចបាញ់បានចម្ងាយ៥០០គីឡូម៉ែត្រ២គ្រាប់ទៀតចេញពីវុ៉នសាន កាលពីថ្ងៃទី៣ មីនា ។
ចំណែកប្រទេសចិនវិញ កាលពីថ្ងៃទី៦ មីនា និយាយថា ខ្លួនមានការព្រួយបារម្ភចំពោះការបាញ់កាំភ្លើងធំ ឬគ្រាប់រុ៉ក្កែតរបស់កូរ៉េខាងជើងដែលធ្វើប៉ុន្មាននាទីប៉ុណ្ណោះមុនការហោះហើររបស់យន្តហោះពាណិជ្ជកម្មចិនមួយគ្រឿង ។យន្តហោះដឹកអ្នកដំណើរចិន១គ្រឿងមានមនុស្សជិត២២០នាក់ ដែលហោះពីក្រុងតូក្យូមកក្រុងសៀងហៃ កាលពីថ្ងៃទី៤ មីនា ហោះកាត់ផ្លូវរត់របស់គ្រាប់កាំភ្លើងធំបុ៉ន្មាននាទីបុ៉ណ្ណោះមុនយន្តហោះមកដល់ ។
ពេលសួរពីឧប្បត្តិហេតុនេះ អ្នកនាំពាក្យរបស់ក្រសួងការបរទេសចិនលោកស្រី QIN GANG ថ្លែងទៅកាន់ក្រុមអ្នកកាសែតថា ក្រុងប៉េកាំងផ្តោតការចាប់អារម្មណ៍ខ្លាំងដល់សន្តិសុខនៃការហោះហើររបស់បណ្តាយន្តហោះស៊ីវិលជាតិ ។ ចិននឹងសិក្សាពីសភាពការណ៍ជាមួយភាគីទាក់ទិន ហើយសម្តែងនូវការព្រួយបារម្ភចំពោះរឿងនេះ ។ចំណែកអ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងត្បូងលោក KIM MIN-SEOK ថ្លែងថា ការបាញ់កាំភ្លើងធំរបស់កូរ៉េខាងជើង គឺជាការគំរាមកំហែងមួយសម្រាប់យន្តហោះ ហើយរំលោភបំពានលើអនុសញ្ញាស្តីពីអាកាសចរណ៍អន្តរជាតិ ៕
ចែករំលែកព័តមាននេះ