កងទ័ពកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក បានបញ្ចប់កាលពីថ្ងៃទី៦ មីនា នូវសមយុទ្ធ Key Resolve ដែលហាក់ដូចជាប្រភពនៃការបាញ់មីស៊ីលបាលីស្ទីក និងគ្រាប់រ៉ុក្កែតទាំងឡាយនាពេលថ្មីៗនេះរបស់កូរ៉េខាងជើង ។ ចំណែកសមយុទ្ធយោធារួមឈ្មោះ Foal Eagle នៅបន្តទៀតរហូតដល់ថ្ងៃទី១៨ មេសា ។
សមយុទ្ធយោធារួម Key Resolve ចាប់ផ្តើមពីថ្ងៃទី២៤ កុម្ភៈ មក ដើម្បីសាកល្បងកម្រិតនៃការរៀបចំរបស់កងកម្លាំងសម្ព័ន្ធមិត្ត ហើយពង្រឹងជំហរការពាររបស់ខ្លួន ។ សមយុទ្ធនេះចូលរួម ដោយទាហានកូរ៉េខាងត្បូងប្រមាណជា១០.០០០នាក់ និងទាហានអាមេរិក៥.២០០នាក់ ។ សមយុទ្ធត្រូវបានធ្វើឡើងទោះបីមានការអំពាវនាវជាច្រើនរបស់កូរ៉េខាងជើងឱ្យបញ្ឈប់ក្តី ព្រោះចាត់ទុកថា វាជាការរៀបចំសង្គ្រាមមួយ ។
ក្រុងព្យុងយ៉ាងបានរិះគន់យ៉ាងខ្លាំងដល់ក្រុងសេអ៊ូល និងក្រុងវ៉ាស៊ីនតោន ថាបង្កើនភាពតានតឹង ដោយធ្វើសមយុទ្ធយោធាទាំងនោះ ក្នុងនោះរួមទាំងជាន់គ្នា២ថ្ងៃនឹងរយៈពេល៦ថ្ងៃនៃកម្មវិធីជួបជុំសាច់ញាតិព្រាត់គ្នាដោយសង្គ្រាមកូរ៉េផង ។រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលរយៈខ្លីជាច្រើនគ្រាប់ ព្រមទាំងគ្រាប់រ៉ុក្កែត ចេញពីតំបន់ឆ្នេរសមុទ្រខាងកើតសំដៅទៅសមុទ្រ ប្រហែលជាក្នុងក្របខណ្ឌនៃការបង្ហាញកម្លាំងមួយ ។ ចំណែកសមយុទ្ធឈ្មោះ Foal Eagle ជាសមយុទ្ធចូលរួមដោយទាហានអាមេរិក៧.៥០០នាក់ ៕
ចែករំលែកព័តមាននេះ