ការចរចាពីរឿងប្រាក់ខែមិនមែនជារឿងដ៏ងាយស្រួលធ្វើទេ ប៉ុន្តែវាជារឿងមួយដែលអ្នកមិនគួរមើលរំលង ។ អ្នកស្រី Sallie Krawcheck ដែលជាសហស្ថាបនិក និងនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Ellevest បានប្រាប់ដល់ CNBC Make It ថា ពេលដែលអ្នកគួរសុំឡើងប្រាក់ខែ គឺថ្ងៃម្សិលមិញ ហើយ ប្រសិនបើអ្នកមិនបានធ្វើវាពីម្សិលមិញទេ អ្នកគួរតែធ្វើវានៅថ្ងៃនេះ ។
ប្រសិនបើអ្នកមានសំណាងអ្នកអាចនឹងបានអ្វីតាមចិត្តទៀត ។ អ្នកស្រី Krawcheck បានឲ្យដឹងថា ក្រុមហ៊ុនមិនងាយផ្តល់ប្រាក់បៀវត្សរ៍ខ្ពស់ជាងមុនទេ ប្រសិនបើអ្នកមិនសុំ ។ ប្រាកដណាស់ ប្រសិន បើអ្នកមិនប្តូរពីក្រុមហ៊ុនមួយទៅក្រុមហ៊ុនមួយទេនោះ អ្នកគួរតែនិយាយពីរឿងដំឡើងប្រាក់ខែ ឬប្រាក់បូណឺសជាប្រចាំ ។
វាមិនមែនមានន័យថា អ្នកត្រូវតែអង្គុយចុះចរចាជាផ្លូវការជាមួយអ្នកគ្រប់គ្រងរបស់អ្នកជារៀងរាល់ខែទេ ប៉ុន្តែអ្នកអាចចាប់ផ្តើមដោយពិភាក្សាពីគោលដៅច្បាស់លាស់ និងអ្វីដែលអ្នកចង់បានជាដើម ។ ដូច្នេះពេលដែលដល់ពេលចរចាពីរឿងប្រាក់ខែ អ្នកអាចបង្ហាញពីអ្វីដែលអ្នកបានសម្រេច និងបង្ហាញប្រាប់ក្រុមហ៊ុនពីតម្លៃរបស់អ្នកសម្រាប់ក្រុមហ៊ុនជាដើម ។ អ្នកស្រីបានបន្ថែមទៀតថា អ្នកមិនគួរគិតថា មនុស្សក្នុងក្រុមហ៊ុនមើលឃើញពីការខិតខំប្រឹងប្រែងរបស់អ្នកឡើយ ។
លោក Ramit Sethi ដែលជាអ្នកជំនាញផ្នែកហិរញ្ញវត្ថុផ្ទាល់ខ្លួនយល់ស្របនឹងអ្នកស្រីដែរ ហើយលោកបានផ្តល់យោបល់មកថា អ្នកគួរតែមានភស្តុតាងច្បាស់លាស់ភ្ជាប់ជាមួយនឹងមូលហេតុដែលសមហេតុសមផល និងគួរឲ្យជឿសម្រាប់ចៅហ្វាយរបស់អ្នក ។ លោកបាននិយាយថា «វាងាយណាស់ក្នុងការប្រាប់ដល់ចៅហ្វាយអ្នកថា អ្នកធ្វើការបានល្អ ហើយអ្នកគួរតែទទួលបានការដំឡើងប្រាក់ខែ ។ ប៉ុន្តែប្រសិនបើអ្នកអាចបង្ហាញវាឲ្យឃើញច្បាស់លាស់ និងបកស្រាយការចូលរួមរបស់អ្នកដែលជួយរកប្រាក់ចំណេញ ឬកាត់បន្ថយការចំណាយដល់ក្រុមហ៊ុននោះអ្នកនឹងទទួលបានចំណាប់អារម្មណ៍ពីចៅហ្វាយអ្នកហើយ» ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ