រាជធានីភ្នំពេញ ៖ ជនឆបោកម៉ូតូម្នាក់ត្រូវម្ចាស់ម៉ូតូជាមិត្តភក្តិចាប់ខ្លួនប្រគល់ឱ្យប៉ូលិសប៉ុស្តិ៍ចោមចៅសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី៦មីនា ២០១៤ នៅក្នុងបុរីសន្តិភាព២ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បន្ទាប់ពីជននេះខ្ចីម៉ូតូមិត្តភក្តិ ខណៈពេលកំពុងផឹកស៊ីជាមួយគ្នាជិះយកទៅឱ្យមិត្តភក្តិរបស់គេម្នាក់ទៀតយកទៅលក់បាត់ ហើយគេចខ្លួនបាន២ថ្ងៃ។
ជនសង្ស័យឈ្មោះរ៉េត សុខជា ភេទប្រុស អាយុ២៤ឆ្នាំ ជាអ្នកលក់បន្លែនៅក្នុងផ្សារបុរីសន្តិភាព២ មានទីលំនៅភូមិត្រាំដោក សង្កាត់ពងទឹក ខណ្ឌដង្កោ។ តាមប្រភពព័ត៌មានបានឱ្យដឹងថា កាលពីវេលាម៉ោង១២ និង៣០នាទីរំលងអធ្រាត្រថ្ងៃទី៣ មីនា ២០១៤ ជនសង្ស័យបានផឹកស៊ីនៅបុរីសន្តិភាព២ ខណៈនោះជនរងគ្រោះបានជិះម៉ូតូឆ្លងកាត់ទីនោះក៏ត្រូវជនសង្ស័យហៅឱ្យចូលផឹកជាមួយ និងបានខ្ចីម៉ូតូដោយប្រាប់ថា ជិះទៅរកទិញស្រាផឹកតែមួយភ្លែតទេ រួចក៏បានជិះយកទៅបាត់រហូត។ លុះដល់វេលាយប់ថ្ងៃទី៥ មីនា ២០១៤ ទើបជនសង្ស័យត្រឡប់ចូលផ្ទះវិញ ពេលនោះជនរងគ្រោះបានសួរនាំពីម៉ូតូរបស់ខ្លួន ត្រូវជនសង្ស័យប្រាប់ថា គេបានយកម៉ូតូនោះទៅឱ្យមិត្តភក្តិម្នាក់ទៀតយកទៅលក់បាត់ហើយ។
ប្រភពបន្តថា ក្រោយពេលឮជននេះនិយាយបែបនេះ នៅព្រឹកថ្ងៃទី៦ មីនា ជនរងគ្រោះបានឃាត់ខ្លួនជនសង្ស័យនាំទៅប្រគល់ឱ្យប៉ូលិសប៉ុស្តិ៍ចោមចៅសាកសួរ និងកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់តែម្តង ៕
ចែករំលែកព័តមាននេះ