ការិយាល័យអគ្គរដ្ឋអាជ្ញារាយការណ៍កាលពីថ្ងៃទី៥ មីនា ថា តុលាការទីក្រុងគៀវ រដ្ឋធានីអ៊ុយក្រែន បានចេញដីកាចាប់ខ្លួននាយករដ្ឋមន្ដ្រី និងប្រធានសភានៃសាធារណរដ្ឋស្វយ័តគ្រីមេរបស់អ៊ុយក្រែន ។ អគ្គរដ្ឋអាជ្ញាស្ដីទីអ៊ុយក្រែនលោកអូឡេក ម៉ាកនីតស្គី ថ្លែងថា ការចោទប្រកាន់ពីបទឧក្រិដ្ឋបានធ្វើប្រឆាំងអ្នកនយោបាយជាច្រើនរូបទៀតនៅគ្រីមេ ។
កាលពីថ្ងៃទី២៩ កុម្ភៈ កន្លងមកនេះក្នុងសម័យប្រជុំជាសម្ងាត់មួយ សភាតំបន់គ្រីមេបានតែងតាំងលោកស័រហេ្គយអាក់ស៊ី យ៉ូណូវ មេដឹកនាំគណបក្សឯកភាពរុស្សុីឱ្យកាន់តំណែងនាយករដ្ឋមន្ដ្រី ហើយប្រកាសពីការបោះប្រជាមតិមួយស្ដីពីលក្ខន្ដិកៈនៃដែនដីនោះ នាថ្ងៃទី៣០ មីនា ។ លោកអាស៊ីយ៉ូណូវ អះអាងកាលពីថ្ងៃទី១ មីនាថា លោកបានស្នើប្រធានាធិបតីរុស្សុីលោក វ៉្លាឌីមៀរ ពូទីន ឱ្យជួយធានាសន្ដិភាពក្នុងតំបន់គ្រីមេស្និទ្ធរុស្សុី ។
ចំណែកប្រទេសរុស្សុីបានចេញដីកាចាប់ខ្លួនអន្ដរជាតិប្រឆាំងលោក DMYTRO IAROCH មេដឹកនាំចលនាជាតិនិយមជ្រុលអ៊ុយក្រែនដែរ។ ក្នុងសេចក្ដីប្រកាសមួយអ្នកនាំពាក្យរបស់គណៈកម្មការស៊ើបអង្កេតរុស្សុីលោកវ៉្លាឌីមៀរ ម៉ាគីន ថ្លែងថា លោក DMYTRO IAROCH មានឈ្មោះក្នុងបញ្ជីអន្ដរជាតិ នៃពួកមនុស្សដែលត្រូវតាមរកចាប់ខ្លួនតាមរយៈប៉ូលិសអន្ដរជាតិ INTERPOL ។
លោកម៉ាគីនបន្ដថា គណៈកម្មាធិការស៊ើបអង្កេតសម្រេចផងដែរកាត់ទោសលោក IAROCH ក្នុងតុលាការដោយកំបាំងមុខ ។
ប្រទេសរុស្សុីចោទប្រកាន់លោក IAROCH មេដឹកនាំចលនាស្ដាំនិយមថា អំពាវនាវឱ្យបង្កអំពើភេរវកម្ម និងសកម្មភាពជ្រុលនិយមនានា តាមរយៈប្រព័ន្ធផ្សព្វផ្សាយ ។ យោងតាមគណៈកម្មាធិការស៊ើបអង្កេតរុស្សុីថា សកម្មជនអ៊ុយក្រែនរូបនោះអំពាវនាវដល់កងកម្លាំងប្រឆាំងរុស្សុីឱ្យធ្វើការវាយប្រហារភេរវកម្មនានាក្នុងទឹកដីរុស្សុី ៕
ចែករំលែកព័តមាននេះ