រាជធានីភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រីបណ្ឌិតសភាចារ្យ សុខ អាន រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានធ្វើការបដិសេធចំពោះសំណើរបស់ប្រតិភូថៃលើការសុំឲ្យមានការលើកលែងទោសដល់ទណ្ឌិតជនជាតិថៃ វិរៈស៊ុមខ្វាងឃីត ដោយលើកហេតុផលថា រាជរដ្ឋាភិបាលកម្ពុជាមិនលូកដៃចូលកិច្ចការផ្ទៃក្នុងតុលាការទេ ព្រោះទណ្ឌិតរូបនោះត្រូវតុលាការកាត់ទោសរួចហើយ ហើយកន្លងមកតុលាការកម្ពុជាក៏បានបន្ធូរបន្ថយទោសគាត់ចំនួន៦ខែហើយដែរ ។
គួរបញ្ជាក់ថានៅថ្ងៃទី៥ មីនា លោកឧបនាយករដ្ឋមន្ត្រីបណ្ឌិតសភាចារ្យ សុខ អាន បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូថៃមួយក្រុម ដឹកនាំដោយលោកសាស្ត្រាចារ្យបណ្ឌិត Thirapat Serirangsang ប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍នយោបាយថៃ ។ លោក ឯក ថា មន្ត្រីអ្នកនាំពាក្យអង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស បានប្រាប់អ្នកសារព័ត៌មានថា ជំនួបពិភាក្សានោះបានផ្តោតជាសំខាន់លើជំហររាជរដ្ឋាភិបាលទាក់ទងបញ្ហាប្រាសាទព្រះវិហារ បញ្ហាទណ្ឌិតជនជាតិថៃវិរៈស៊ុមខ្វាងឃីត និងការអភិវឌ្ឍបេតិកភណ្ឌអង្គរកម្ពុជា ។
លោកបណ្ឌិតសភាចារ្យ សុខ អាន មានប្រសាសន៍ថា បញ្ហាទាក់ទងប្រាសាទព្រះវិហារ ដំណោះស្រាយដែលល្អបំផុតនោះ គឺភាគីទាំងពីរត្រូវគោរពការសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិឡាអេឆ្នាំ១៩៦២និងឆ្នាំ២០១៣ ។ លោកបញ្ជាក់ថា រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរនៅតែបន្តកិច្ចសហប្រតិបត្តិការល្អជាមួយ ពិសេសលើផ្នែកពាណិជ្ជកម្មនិងសេដ្ឋកិច្ច ៕
ចែករំលែកព័តមាននេះ