បេសកជនពិសេសអ.ស.ប ប្រចាំតំបន់គ្រីមេលោកROBERT SERRY បានសម្រេចបញ្ចប់បេសកកម្មរបស់លោកនៅឧបទ្វីបគ្រីមេ របស់អ៊ុយក្រែន ក្រោយពីពួកជនប្រដាប់អាវុធចាប់ឃុំលោកមួយរយៈខ្លីកាលពីថ្ងៃ ទី៥ មីនា នៅទីក្រុងស៊ីមហ្វេរ៉ូប៉ូល ។ប្រភពព័ត៌មានជិតដិតនឹងអ្នកការទូតហូឡង់រូបនេះដែលមកដល់ទីក្រុងស៊ីមហ្វេរ៉ូប៉ូល កាលពីថ្ងៃទី៤ មីនា គូសបញ្ជាក់ថា លោកROBERT SERRY មានសុខភាពល្អ ហើយ លោកចង់ឡើងយន្តហោះមកកាន់ទីក្រុងគៀវ ។
យោងតាមអគ្គលេខាធិការរងអ.ស.បលោកJAN ELIASSON ថា លោកSERRYស្ថិតនៅមុខទីស្នាក់ការកងទ័ពជើងទឹកនៅក្រុងស៊ីមហ្វេរ៉ូប៉ូល ពេលលោកត្រូវរងការគំរាមកំហែងពីសំណាក់ពួកជនប្រដាប់អាវុធ ។ ពួកជនមិនស្គាល់មុខប្រដាប់អាវុធនាំលោកទៅហើយនោះសម្លុតលោកឱ្យទៅកាន់ព្រលានយន្តហោះ រួចចាកចេញពីគ្រីមេ ។
លោក ELIASSON បញ្ជាក់ថា ពុំដឹងថាតើពួកជនប្រដាប់អាវុជទាំងនេះ ដែលគំរាមលោកSERRYនិយាយភាសាអ្វីឡើយ។ លោកបញ្ជាក់ថា អ.ស.ប ស្នើដល់អាជ្ញាធរអ៊ុយក្រែនធានាសន្តិសុខរបស់លោកSERRY ។ ក្រសួងការបរទេសអ៊ុយក្រែនរាយការណ៍ថា លោកSERRYត្រូវឃុំខ្លួនរយៈពេលខ្លីមួយដោយពួកជនប្រដាប់អាវុធស្លៀកពាក់ឯកសណ្ឋានយោធានៅក្រុងស៊ីមហ្វេរ៉ូប៉ូល ៕
ចែករំលែកព័តមាននេះ