រាជធានីភ្នំពេញ ៖ នារី២នាក់ចេញពីក្លឹបកម្សាន្តឈ្លោះប្រកែកគ្នាជាមួយសង្សារបានបើករថយន្តបញ្ចេញកំហឹងបុកជាមួយបង្គោលតឿដាក់ច្រវាក់ រួចផ្លោងទៅបុកបង្គោលភ្លើងនៅជាប់របងស្ថានទូតរុស្ស៊ីក្រឡាប់ផ្ងារជើងឡើងលើទ្រមេឃរបួសធ្ងន់ទាំង២នាក់ ត្រូវសង្សារជិះម៉ូតូមកតាមក្រោយដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២ និង៣០នាទីរំលងអធ្រាត្រ ថ្ងៃទី៦ មីនា ២០១៤ មុខស្ថានទូតរុស្ស៊ី តាមវិថីសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
សាក្សីឃើញហេតុការណ៍បានឱ្យដឹងថា មុនពេលកើតហេតុគេឃើញនារីទាំង២នាក់ដើរចេញពីក្លឹបកម្សាន្តមួយ ពេលនោះនារីម្នាក់បានស្រែកផ្តាំទៅយុវជនជាសង្សារថា ចាំទៅមើលនាងនៅមន្ទីរពេទ្យកាល់ម៉ែតផង និយាយចប់ហើយក៏ឡើងរថយន្តស៊ីលីកា ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ២N០២៦៩ បើកក្នុងទិសដៅពីលិចទៅកើតបោះពួយលឿនស្លេវមកដល់ចំណុចផ្លូវកោងមិនព្រមបត់ទេ បានបើកសំដៅទៅបុកបង្គោលតឿដាក់ច្រវាក់នៅមុខស្ថានទូតរុស្ស៊ីបាក់អស់៤ ហើយរថយន្តបង្កផ្លោងទៅបុកបង្គោលភ្លើងក្រឡាប់ផ្ងារជើងទ្រមេឃបណ្តាលឱ្យនារី២នាក់ជិះក្នុងរថយន្តរបួសធ្ងន់ ត្រូវបុរសជាសង្សារជិះម៉ូតូមកតាមក្រោយដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗដែរ។
ក្រោយកើតហេតុរថយន្តបង្កហេតុ ត្រូវសមត្ថកិច្ចស្ទូចយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក៕
ចែករំលែកព័តមាននេះ