ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្រែក​ និង​វត្ត​មានសត្វ​មួយ​ចំនួន​ក្នុង​ភូមិ​ ជន​ជាតិ​ខ្មែរ​មាន​ជំនឿ​ថា​មាន​ឥទ្ធិ​ពល​លើ​មនុស្ស​

11 ឆ្នាំ មុន

ខេត្ត​កំពង់​ឆ្នាំង​ ៖ ជន​ជាតិ​​ខ្មែរ​យើង​តាំង​ពី​បុរាណ​កាល​មក​ដល់​សព្វ​ថ្ងៃ​ នៅ​តែ​មាន​ជំនឿ​​ថា សម្រែក​ និង​វត្ត​មាន​របស់​សត្វ​មួយ​ចំនួន​ ជា​​ប្រផ្នូល​​នាំ​មក​គ្រោះ​ចង្រៃ​ និង​លាភ​ជ័យ​ចូល​ក្នុង​ភូមិ​ ឬ​ក្នុង​ផ្ទះ​ ។ ជំនឿ​ចំពោះ​សម្រែក​ ឬ​វត្ត​មាន​របស់​សត្វ​ទាំង​នោះ​ មិន​ថា​តែ​សត្វ​ស្រុក​ សត្វ​ព្រៃ​ឡើយ​ ហើយ​សត្វ​ខ្លះ​ទៀត​ដែល​យល់​ថា​ វា​នឹង​នាំ​មក​ភាព​ចង្រៃ​ អ្នក​ភូមិ​ក៏​និមន្ត​ព្រះ​សង្ឃ​សូត្រ​មន្ត​រំដោះ​គ្រោះ​ ចំណែក​

ខេត្ត​កំពង់​ឆ្នាំង​ ៖ ជន​ជាតិ​​ខ្មែរ​យើង​តាំង​ពី​បុរាណ​កាល​មក​ដល់​សព្វ​ថ្ងៃ​ នៅ​តែ​មាន​ជំនឿ​​ថា សម្រែក​ និង​វត្ត​មាន​របស់​សត្វ​មួយ​ចំនួន​ ជា​​ប្រផ្នូល​​នាំ​មក​គ្រោះ​ចង្រៃ​ និង​លាភ​ជ័យ​ចូល​ក្នុង​ភូមិ​ ឬ​ក្នុង​ផ្ទះ​ ។ ជំនឿ​ចំពោះ​សម្រែក​ ឬ​វត្ត​មាន​របស់​សត្វ​ទាំង​នោះ​ មិន​ថា​តែ​សត្វ​ស្រុក​ សត្វ​ព្រៃ​ឡើយ​ ហើយ​សត្វ​ខ្លះ​ទៀត​ដែល​យល់​ថា​ វា​នឹង​នាំ​មក​ភាព​ចង្រៃ​ អ្នក​ភូមិ​ក៏​និមន្ត​ព្រះ​សង្ឃ​សូត្រ​មន្ត​រំដោះ​គ្រោះ​ ចំណែក​សត្វ​ខ្លះ​ទៀត​ គេ​ធ្វើ​ពិធី​ដេញ​ដោយ​លើក​គ្នា​ទាំង​ភូមិ​ មាន​ដំបង​ មាន​ត្រដោក​ និង​ដុត​ភ្លើង​ លាន់​ទ្រហឹង​អឺង​កង​​ទាំង​យប់​ ។

ពាក់​ព័ន្ធ​ជំនឿ​នោះ​​ លោក​សុខ​ ធួក​ ប្រធាន​មន្ទីរ​វប្ប​ធម៌​ និង​វិចិត្រ​សិល្បៈ​ខេត្ត​កំពង់​ឆ្នាំង​ កាល​ពី​ថ្ងៃ​ទី​២​ មីនា​ ២០១៤​ មាន​ប្រសាសន៍​ថា សម្រែក​សត្វ​យំ​ និង​វត្ត​មាន​របស់​សត្វ​ដែល​ខ្មែរ​យើង​មាន​ជំនឿ​ថា​នាំ​គ្រោះ​ចង្រៃ​ ឬ​លាភ​ជ័យ​ចូល​ភូមិ​ឋាន​ ដូច​ជា​៖ សម្រែក​សត្វ​ខ្លែង​ស្រាក​, មៀម​ និង​លលក​ខ្មោច​ ជា​ដើម​ ។ សត្វ​ទាំង​​​នោះយំ​នៅ​ពេល​យប់​ ហើយ​នៅ​ពេល​យំ​ ម្តង​ៗ​ មនុស្ស​ម្នា​នៅ​ភូមិ​នោះ​​ភ័យ​ខ្លាច​ និង​មាន​ជំនឿ​ថា នៅ​ក្នុង​ភូមិ​នោះ​នឹង​មាន​អ្នក​ឈឺ​ធ្ងន់​ ឬ​មាន​អ្នក​ស្លាប់​ពុំ​ខាន​ ពិសេស​បើ​វា​ទុំ​ស្រែក​យំ​លើ​ដំបូល​ផ្ទះ​ណា​ សមា​ជិក​គ្រួសារ​នោះ​នឹង​ជួប​ហេតុ​អាក្រក់​ពុំ​ខាន​ ។

សំឡេង​សត្វ​ឪឡ​យំ​ ។ «សត្វ​ឪឡ» ជា​ប្រភេទ​សត្វ​ស្លាប​រស់​នៅ​តែ​ក្នុង​ព្រៃ​ស្រោង​ ព្រៃ​ជ្រៅ​លើ​ភ្នំ​ ហើយ​វា​កម្រ​យំ​ណាស់​ ប៉ុន្តែ​បើ​វា​យំ​ច្រើន​តែ​នៅ​ពេល​ស្ងាត់​ មិន​ថា​យប់​ ឬ​ថ្ងៃ​ទេ​ ។ បើ​ឮ​សម្រែក​របស់​វា​ អ្នក​ស្រុក​មាន​ក្តី​រន្ធ​ត់​ណាស់​ ព្រោះ​តាម​ ចាស់​ៗ​និយាយ​​ត​គ្នា​ថា បើ​សត្វ​ឪ​ឡ​យំ​បែ​រ​មុខ​ឆ្ពោះ​ទៅ​ខាង​ណា​ អ្នក​ស្រុក​នៅ​ភូមិ​នោះ​នឹង​កើត​គ្រោះ​ភ័យ​អន្តរាយ​ ដូច​ជា​ជំងឺ​អាសន្ន​រោគ​ ជំងឺ​ឧត្បាត​ចង្រៃ​ និង​គ្រោះ​អត់​ឃ្លាន​ជា​ដើម​ ដែល​នឹង​ធ្វើ​ឱ្យ​អ្នក​ភូមិ​នោះ​​ស្លាប់​ច្រើន​ពុំ​ខាន​ ។ ទាក់​ទិន​រឿង​នេះ​លោក​សុខ​ ធួក​ នៅ​ចាំ​ថា កាល​ពី​បី​បួន​ឆ្នាំ​មុន​ នៅ​តាម​ផ្លូវ​ជាតិ​លេខ​៥​ ក្នុង​ភូមិ​ទួល​ខ្ពស់​ ឃុំ​មេ​លំ​ ស្រុក​បរិ​បូណ៌​ ខេត្ត​កំពង់​ឆ្នាំង​ មាន​សត្វ​ឪឡ​យំ​ ជាប់​ៗ​គ្នា​ប៉ុន្មាន​ថ្ងៃ​ ហើយ​កាល​ណោះ​ឃើញ​មាន​មនុស្ស​ឈឺ​ស្លាប់​បី​-បួន​នាក់​មែន​ ។ អ្នក​​ភូមិ​ និង​ព្រះ​សង្ឃ​​បាន​ធ្វើ​ពិធី​ដេញ​សត្វ​ចង្រៃ​នោះ​៣​យប់​ជាប់​គ្នា​ ហើយ​សារ​ព័ត៌​មាន​បាន​ចុះ​​ផ្សាយ​ ក្នុង​នោះ​មាន​សារ​ព័ត៌​មាន​កោះ​សន្តិ​ភាព​ដែរ​ ។

សត្វ​ឈ្លូស​ចូល​ភូមិ​ ។ ជា​ធម្ម​តា​សត្វ​ឈ្លូស​ជា​សត្វ​ចតុ​បាត​រស់​នៅ​តែ​ក្នុង​ព្រៃ​ ប៉ុន្តែ​ជួន​កាល​វា​ភ្លាត់​ស្នៀត​រត់​ចូល​ស្រុក​-ភូមិ​ម្តង​ម្កាល​ ។ បើ​សិន​ប្រជា​ពល​រដ្ឋ​បាន​ឃើញ​ឈ្លូស​ចូល​ភូមិ​ នឹង​លើក​គ្នា​ដេញ​វាយ​ ។ តាម​ចាស់​បុរាណ​និយាយ​ថា ភូមិ​ដែល​មាន​សត្វ​ឈ្លូស​ចូល​នោះ​ នឹង​មាន​វិបត្តិ​ចលា​ចល​​ មាន​ឧប​ទ្រព​ចង្រៃ​ ឬ​អ្នក​ស្រុក​បែក​បាក់​សាម​គ្គី​គ្នា​ជា​ក់​ជា​ពុំ​ខាន ។

សត្វ​ក្រៀល​យំ​ ។ សត្វ​ក្រៀល​គឺ​ជា​សត្វ​ស្លាប​ស៊ី​ត្រី​ ខ្យង ជា​អាហារ​ ពួក​វា​ចូល​ចិត្ត​នៅ​តាម​ត្រពាំង​ បឹង​បួរ​ ជា​ដើម​ ។ ប្រសិន​បើ​នៅ​ពេល​ក្រៀល​ហើរ​ខ្ពស់​ ជា​គូ​ ឬ​ជា​ហ្វូង​ ព័ទ្ធ​ជា​រង្វង់​ និង​យំ​ ក្រុល​ៗយា៉ង​គ្រលួច​នោះ​ អ្នក​ស្រុក​សន្មត​ថា ក្នុង​ភូមិ​នឹង​មាន​ក្រមុំ​កម្លោះ​ពង្រត់​គ្នា​ចេញ​ពី​ភូមិ​ពុំ​ខាន ។

សត្វ​ឃ្មុំ​ និង​សត្វ​ព្រួត​ ច្រើន​ធ្វើ​សម្បុក​តាម​មែក​ឈើ​​ក្នុង​ព្រៃ​ និង​តាម​រន្ធ​ឈើ​ជា​ដើម​ ។ ប៉ុន្តែ​សម្រាប់​សត្វ​ឃ្មុំ​​ម្តង​ម្កាល​ក៏​ធ្វើ​សម្បុក​ក្នុង​​ផ្ទះ​អ្នក​ភូមិ​ដែរ​ ។ គេ​មាន​ជំនឿ​ថា បើ​សត្វ​ឃ្មុំ​ចូល​នៅ​ក្នុង​ផ្ទះ​ នឹង​នាំ​មក​លាភ​សក្ការៈ​ និង​នាំ​សេច​ក្តី​សុខ​សប្បាយ​ដល់​អ្នក​ផ្ទះ​ពុំ​​ខាន​ ។ ដោយ​ហេតុ​នេះ​ហើយ​ទើប​ម្ចាស់​ផ្ទះ​មិន​ហ៊ាន​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពួក​វា​ឡើយ​ ។ ផ្ទុយ​ទៅ​វិញ​បើ​សត្វ​ព្រួត​មិន​ដែល​ចូល​មក​នៅ​កសាង​សម្បុក​ដូច​ឃ្មុំ​ឡើយ​ វា​គ្រាន់​តែ​ចូល​មក​សំចត​មួយ​រយៈ​ ហើយ​ក៏​ហើរ​ចេញ​ទៅ​វិញ​ ។ ព្រួត​កម្រ​ទិច​មនុស្ស​ណាស់​ ប៉ុន្តែ​បើ​វា​ចូល​មក​ផ្ទះ​ណា​ ហើយ​ទិច​សមា​ជិក​គ្រួសារ​នោះ​ តាម​ចាស់​ៗ​បុរាណ​ថា នឹង​មាន​ឧប​ទ្រព​ចង្រៃ​ និង​វិនាស​ទ្រព្យ​សម្បត្តិ​ក្នុង​គ្រួសារ​នោះ​ ។

លោក​សុខ​ ធួក​ ឱ្យ​ដឹង​ថា នៅ​មាន​សត្វ​ជា​ច្រើន​ប្រភេទ​ទៀត​ ដូច​ជា​ សត្វ​អំពិល​អំពែក​ចូល​ផ្ទះ​ មាន​ជំនឿ​ថា​មាន​លុយ​កាក់​ហូរ​ចូល​ផ្ទះ​ ។ ចំណែក​សត្វ​ឆ្មា​សម្បុរ​៣​ ចូល​កើ​ត​កូន​លើ​ផ្ទះ​នឹង​មាន​លាភ​សំណាង​ទ្រព្យ​សម្បត្តិ​ហូរ​​ចូល​ជា​ដើម​៕