ខេត្តកំពង់ឆ្នាំង ៖ កម្មករប្រុសស្រី០៣នាក់បានរងរបួសមធ្យម ចំណែកម៉ូតូរងការខូចខាតបង្គួរ ខណៈម៉ូតូរបស់ពួកគេបានប៉ះគ្នាជាមួយរថយន្តលោកប្រធានមន្ទីរបរិស្ថានខេត្ត ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង០៥នាទីថ្ងៃត្រង់ ថ្ងៃទី០៥ មីនា នៅចំណុចសួនរិទ្ធីសែននាងកង្រី ស្ថិតក្នុងភូមិកណ្តាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។
សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះទាំង០៣នាក់មានទី១-ឈ្មោះ មាស ពិសី ភេទប្រុស អាយុ១៧ឆ្នាំ ជាអ្នកបើកបរម៉ូតូ ,ទី២-ឈ្មោះ ថាប់ ធីតា ភេទស្រី អាយុ១៧ឆ្នាំ និងទី៣-ឈ្មោះ សឿន ស្រីមុំ ភេទស្រី អាយុ២១ឆ្នាំ អ្នកទាំង០៣ជាកម្មករកម្មការនីរោងចក្រកាត់ដេរតាបារាំង ។ មុនពេលកើតហេតុពួកគេទាំង០៣នាក់ បានជិះម៉ូតូមួយគ្រឿងម៉ាកស្មាស់រីវ៉ូ ពណ៌ខ្មៅ អត់ស្លាកលេខ បំណងទៅផ្សារទិញអីវ៉ាន់ ។ លុះបើកមកដល់ចំណុចកើតហេតុក៍បានបុកជាមួយរថយន្តលោកប្រធានមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង ម៉ាកហ្វត ពណ៌ស ពាក់ស្លាកលេខរដ្ឋ19 2-0033 បណ្តាលឱ្យពួកគេដួលរងរបួសមធ្យម ហើយម៉ូតូត្រូវកង់ក្រោយរថយន្តជាន់បាក់បូមមុខ និងបែកបាក់ក្បាំងមួយចំនួន។ ក្រោយពេលកើត លោកប្រធានមន្ទីរក៍បានបើករថយន្តរត់គេច ទៅលាក់ទុកនៅហាងលក់ទឹកត្នោតជូយីហោ សៀ លីហួរ ក្នុងភូមិចំការតាម៉ៅ ឃុំស្រែថ្មី ស្រុករលាប្អៀរ ដើម្បីដូរកង់ក្រោយ ព្រោះថាពេលកិនម៉ូតូនោះ រថយន្តបានបែកកង់ក្រោយដែរ ហើយត្រូវសមត្ថកិច្ចតាមរកឃើញ។
ទាក់ទិននឹងករណីគ្រោះថ្នាក់ចរាចរណ៍នេះ លោកប្រធានមន្ទីរបរិស្ថានខេត្ត បានឱ្យដឹងថា លោកមិនបានបើកឡានកិនត្រូវម៉ូតូអ្នករងគ្រោះនោះទេ គឺពួកគាត់ទេដែលបើកម៉ូតូមកបុកចំកង់រថយន្តរបស់លោក ហើយត្រូវតែចេញលុយសងកង់ឡានទើបត្រូវ គឺលោកមិនសងអ្វីទាំងអស់ ។
ប្រជាពលរដ្ឋចាំមើលថាតើករណីគ្រោះថ្នាក់ចរាចរណ៍នេះ សមត្ថកិច្ចចរាចរក្រុងកំពង់ឆ្នាំងដោះ
ស្រាយបែបណាទៅវិញ? ព្រោះអ្នកដែលឃើញហេតុការណ៍នោះបាននិយាយថា ប្រសិនបើលោកប្រធានមន្ទីរមិនមានកំហុសទេនោះ ចុះហេតុអ្វី ចាំបើករថយន្តរត់គេច ពេលសមត្ថកិច្ចតាមទាន់ បែរជាឱ្យភាគីម៉ូតូជាអ្នកសងថ្លៃកង់រថយន្តខ្លួនទៅវិញ ៕
ចែករំលែកព័តមាននេះ