សំឡេង​​អំពាវនាវ ស​ង្គម​ស៊ី​វិល​ចង់​ឱ្យ​គណ​ប​ក្ស​​ទាំង​២​ប​ញ្ចប់​ការ​ជាប់​គាំង​​ន​យោ​បាយ​


​រាជ​ធានី​​ភ្នំពេញ​ ៖ ​អង្គការ​​សង្គម​ស៊ី​វិល​​ប្រមាណ​ជាង​១០០​​ បាន​​ប្រជុំ​​ពិភាក្សា​​គ្នាពី​បញ្ហា​ជាប់​គាំង​​នយោ​បាយ​នៅ​ក្នុង​ប្រទេស​​កម្ពុជា​​ បន្ទាប់​​ពី​ការ​បោះឆ្នោត​ជ្រើស​​​តាំង​​​តំណាង​រាស្ត្រ​​នីតិ​កាល​​ទី​៥ ​​​ដែល​បាន​​អូស​បន្លាយ​​អស់​រយៈ​ពេល​ជាង​៧​ខែ​មក​​​ហើយ​​ ​និង​​​​ធ្វើ​​ឱ្យ​ប៉ះ​ពាល់​​ដល់​ដំណើរ​ការ​របស់​ខ្លួន​ក្នុង​​ការ​ចូលរួម​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា ​។ ​

លោក ​សឿង ​សារឿន ​នាយក​ប្រតិ​បត្តិ​​ការ​នៃ​អង្គ​ការ​ CCC ​មានប្រសាសន៍​​ប្រាប់​អ្នក​​សារ​ព័ត៌​មាន​ដាច់​ដោយ​ឡែក​ ​បន្ទាប់​ពី​ថ្លែង​ក្នុង​វេទិកា​​​​ប្រជុំ​​ប្រចាំឆ្នាំ​​២០១៣ ​នៃ​​អង្គ​ការ​​CCC ក្រោម​​​ប្រធាន​​​បទ «​ការជំរុញ ​ប្រសិទ្ធ​ភាព​នៃ​ការ​អភិវឌ្ឍ​​នៅ​ក្នុង​ប្រទេសកម្ពុជា ​​» នា​ព្រឹក​ថ្ងៃទី​៥ ​​មីនា នៅ​សណ្ឋាគារ​កំបូ​ឌីយ៉ាណា ​ថា មាន​​អង្គ​ការ​ប្រមាណ​ជាង​១០០​​​​ចូល​រួម​ប្រជុំ​គ្នា​នៅ​ថ្ងៃ​​នេះ ។ ​អង្គ​ការ​ទាំងនោះ​សុទ្ធ​តែ​ម​ាន​កង្វល់​​ចំពោះ​បញ្ហា​​នយោ​បាយ​ក្នុង​ប្រទេស​កម្ពុជា ​។ ​ដោយ​នយោ​បា​យ​ក្នុង​ប្រទេស​កម្ពុជា ​​មិន​ទាន់​​បាន​ដោះ​ស្រាយ​ទូ​លំ​ទូលាយ​ ឬ​ចប់​​សព្វ​​គ្រប់​នោះ​​ ​ដូច្នេះ​​ធ្វើ​ឱ្យ​អង្គ​ការ​សង្គម​ស៊ី​វិលពិបាក​​​ធ្វើ​កិច្ច​​ការ​​ងារ ​។ ​កន្លងមក​​នេះ ​លំហ​​​ប្រជា​ធិបតេយ្យ​របស់​អង្គការ​​សង្គម​ស៊ីវិល ​ក្នុង​ការចូល​រួម​អភិវឌ្ឍន៍​​និង​បញ្ចេញ​មតិ​​មាន​​ការ​​រឹត​​ត្បិត​ និងកញ្ចប់​ថវិកា​របស់​សង្គម​ស៊ីវិល ​មានការលំបាក ​ព្រោះ​ថា​ដៃគូ​អភិវឌ្ឍន៍​មួ​យចំនួន​មិន​ទាន់​ទុក​ចិត្ត​ស្ថាន​ភាព​នយោ​បាយ​ក្នុង​​ប្រទេសក​ម្ពុជា ​។

​​លោក​ សឿង ​សារឿន ​បន្តថា បញ្ហា​នេះ​ជា​កត្តា​​​ចម្បង​​​មួយដែល​ធ្វើ​ឱ្យ​សង្គម​​ស៊ីវិល​​ជាង​១០០​ស្ថា​ប័ន​​ ​និង​​អង្គ​ការ​ កំពុងតែ​ប៉​ះ​ពាល់​​ផ្នែក​​​កញ្ចប់​ថវិកា​​​ ​។ អ្វី​ដែល​​អង្គ​ការ​សង្គម​ស៊ី​វិល​​​បាន​ប៉ះ​ពាល់​​នេះ ក៏​ជា​បញ្ហា​​មួយ​ក្នុង​ការ​អភិវឌ្ឍ​​ប្រទេស​ជាតិ​​ដែរ ​​​​ព្រោះថា​​បញ្ហា​នយោបាយ​​ជា​ផ្នែក​សំខាន់​មួយ​ក្នុ​ង​ការ​ចូល​រួម​អភិវឌ្ឍន៍​​ប្រទេស ​ជាការ​ឆ្លុះ​​បញ្ចាំង​នោះ​ គឺ​ប្រសិន​​បើ​ក្បាល​​ម៉ាស៊ីន​​មិនដំណើរ​ការ​នោះ​វា​​មិន​​​អាច​ធ្វើ​អ្វី​បាន​ទេ ​។ ការមិន​ស្រុះ​ស្រួល​គ្នា​រវាង​គណ​​បក្ស​​នយោ​បាយ​ដែល​មា​ន​អាសនៈ​ក្នុង​រដ្ឋ​សភា​​​ ​វា​នឹង​ធ្វើ​ឱ្យ​​ប៉ះ​​ពាល់​​​ដល់​​វិស័យ​សេដ្ឋកិច្ច​​ ​វប្ប​ធម៌ ​បរិស្ថាន​​​ ឬ​ដល់​ការ​​ងារ​សង្គម​តែ​ម្តង ។ ​​លោក​បញ្ជាក់​​ថា​ បើ​នយោបាយ​​នៅតែ​ជាប់​គាំង​នោះ​វា​នឹង​ប៉ះ​ពាល់​​អវិជ្ជ​​មាន​ដល់​​វិស័យ​ឯក​ជន ​និង​រាជ​​រដ្ឋាភិបាល​​ខ្លួន​ឯង​ និងសង្គម​​ស៊ី​វិល​​ផង​ដែរ ​។ ​​ភាព​ជាប់​គាំង​នយោ​បាយ​​ បាន​ជះ​ឥទ្ធិ​ពល​ដល់​ការចូល​រួម​អភិវឌ្ឍន៍​ពី​អង្គ​ការ​​សង្គម​ស៊ី​វិល ​ដូច្នេះ​អង្គ​ការ​សង្គម​ស៊ី​វិល​ស្នើ​ឱ្យ​គណ​បក្ស​នយោ​បាយ​ដែល​មាន​​អាសនៈ​ក្នុងរដ្ឋ​​សភា​នីតិ​កាល​​ទី​៥​ ​ជួបចរចា​​​គ្នា​រក​ដំណោះ​ស្រាយណា​ មួយ​ដែល​សមស្របដើម្បី​ផល​ប្រយោជន៍​​ជាតិ ​ពិសេស​​​នោះ​សម្រាប់​ប្រជា​​ជន​កម្ពុជា ​។ ​

លោក​សឿង ​សារឿន ​បាន​​ថ្លែង​​​ទៀតថា​​ កន្លង​មក​គណៈ​កម្មាធិការ​សហ​ប្រតិ​បត្តិ​ការ ដើម្បី​កម្ពុជា​ (CCC ​) ក៏ដូច​ជា​អង្គការ​​ជា​ដៃ​​គូ​ បាន​​ដាក់​របាយការណ៍​នៃ​​ការស្នើ​សុំ​​​មួយ​​ចំនួន​​ទៅ​រដ្ឋា​ភិបាល​​​​សម្រាប់​ទស្សន​វិស័យ​របស់​អង្គការ​​ ដែល​ត្រូវ​ការធ្វើ​ការ​នៅឆ្នាំ​២០១៥​ ក្នុងការ​អភិ​វឌ្ឍសង្គម​​​ ។ បច្ចុ​ប្បន្ន​ មាន​អង្គ​ការ​សង្គម​សីុ​វិល​ប្រមាណ​៤.០០០​ស្ថាប័ន​ ក្នុង​ប្រទេស​កម្ពុជា​ តែ​មាន​អង្គ​ការ​ប្រមាណ​តែ​១​ភាគ​៣​គឺ​ប្រមាណ​ជា​១.៣១៥​​​ប៉ុណ្ណោះ​ ដែល​កំពុង​​​​ធ្វើ​ការ​ក្នុង​ប្រទេស​កម្ពុជា​ដ៏​សកម្ម​ ។ លោក​ សឿង​ សា​រឿន​ បញ្ជាក់​ថា រយៈ​ពេល​​ជាង​៣០​ឆ្នាំ​មក​ហើយ​ រាជ​រដ្ឋា​ភិបាល​សហ​ការ​ជាមួយ​អង្គ​ការ​សង្គម​សីុវ​ិល​ក្នុ​ងការ​អភិ​វឌ្ឍ​ប្រទេស​ ហើយ​តាម​សេច​ក្តី​ព្រាង​អំពី​ផែន​ការ​យុទ្ធ​សាស្ត្រ​សម្រាប់​កិច្ច​អភិ​វឌ្ឍន៍​ និង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ដែល​រៀប​ចំ​ដោយ​​ក្រុម​ប្រឹក្សា​អភិ​វឌ្ឍន៍​​កម្ពុជា​ (CDC) សម្រាប់​ឆ្នាំ​២០១៤​ ដល់​២០១៨​ បាន​ទទួល​ស្គាល់​តួ​នាទី​របស់​អង្គ​ការ​សង្គម​សីុ​វិល ។ ប៉ុន្តែ​ក្នុង​សេច​ក្តី​ព្រាង​នោះ​ បាន​ទទួល​ស្គាល់​​​​អង្គ​ការ​សង្គម​សីុ​វិល​តែ​ពីរ​ទេ​ គឺ​អង្គ​ការ​សង្គម​សីុវិល​ដែល​ផ្តល់​សេវា​កម្ម​ និង​អ្នក​គាំ​ទ្រ​ចំពោះ​ការ​ផ្តល់​ជំនួយ​មនុស្ស​ធម៌​ ។ ចំណែក​សង្គម​សីុ​វិល​ដែល​ធ្វើ​ការ​ផ្សេង​ទៀត​ មិន​បាន​​​​​ទទួល​ស្គាល់​នោះ​ទេ​ ហើយ​សង្គម​សីុ​វិល​បាន​​ និង​​កំពុង​ទាម​ទារ​ឱ្យ​រដ្ឋា​ភិបាល​ទទួល​ស្គាល់​នូវ​អ្វី​ដែល​ពួក​យើង​កំពុង​ធ្វើ​ ។

ទាក់​ទង​នឹង​ការ​ស្នើ​សុំ​របស់​អង្គ​ការ​សង្គម​សីុវិល​​ដែល​​បាន​ត្អូញ​ត្អែ​រ​​ពី​បញ្ហា​នយោ​បាយ​ ​កំពុង​ជាប់​គាំង​​​ និង​ស្នើ​សុំ​ឱ្យ​គណ​បក្ស​នយោ​បាយ​​ជាប់​ឆ្នោត​ក្នុង​រដ្ឋ​សភា​ពន្លឿន​ការ​ដោះ​ស្រាយ​​ឱ្យ​បាន​ឆាប់​នេះ ​​លោក​ យ៉ែម​ បុញ្ញ​ឫទ្ធិ អ្នក​នាំ​ពាក្យ​គណ​បក្ស​សង្គ្រោះ​ជាតិ​បាន​ប្រាប់​កោះ​សន្តិ​​ភាព​​តាម​ទូរ​ស័ព្ទ​នៅ​ថ្ងៃ​ដដែល​ថា​ ​គណ​បក្ស​សង្គ្រោះ​ជាតិ​សា​ទរ​ចំពោះ​ការ​ស្នើ​សុំ​របស់​សង្គម​សីុ​វិល​ ហើយ​គណ​បក្ស​សង្គ្រោះ​ជាតិ​ចង់​ឱ្យ​មាន​ការ​ដោះ​ស្រាយ​បញ្ហា​នយោ​បាយ​នៅ​កម្ពុជា​​ឱ្យ​បាន​ឆាប់​ ពោលគឺ​ឱ្យ​មាន​ការបោះ​ឆ្នោត​ឡើង​វិញ​មុន​អាណត្តិ ។​ ​​​មូល​ហេតុ​ដែល​ជាប់​គាំង​នយោបាយ​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ​ ដោយសារ​តែ​គ្មាន​តម្លាភាព​ មិន​សេរី​ ត្រឹម​ត្រូវ​ យុត្តិ​ធម៌​ និង​ពិតប្រាកដ ដូច្នេះ​ប្រជា​ពល​រដ្ឋ​ចង់​ឱ្យ​មាន​ការ​បោះ​ឆ្នោត​​​មួយ​​​ល្អ​​ប្រសើរ​ គឺ​ទាម​ទារ​ឱ្យ​បោះ​ឆ្នោត​ឡើង​វិញ ។​ លោក​យ៉ែម​ បុញ្ញ​ឫទ្ធិ លើក​ឡើង​ទៀត​ថា​ ពេល​នេះ​គណបក្សសង្គ្រោះ​ជាតិ​កំពុង​រក​វិធី​សាស្ត្រ​ដោះស្រាយ​ភាព​ជាប់​គាំង​នយោបាយ​នេះ ។​ ​​ប៉ុន្តែ​​ចំពោះ​​ការ​ជាប់​គាំង​នយោបាយ​នេះ​​​​ សង្គម​ស៊ីវិល​ ក៏ដូច​ជា​គណបក្សសង្គ្រោះ​ជាតិ​ ​ធ្លាប់​​ត្រូវ​បាន​​មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា​​​​លើក​ឡើង​ថា គ្មាន​អ្វី​ជា​ការ​ជាប់​គាំង​នយោ​បាយ​នោះ​ទេ​នៅ​កម្ពុជា​ក្រោយ​ការបោះ​ឆ្នោត​ ព្រោះ​ស្ថាប័ន​របស់​រដ្ឋ​ទាំង​អស់​បាន​ដំណើរ​​​​​ការ​​ជា​ធម្មតា ។​ អ្វីដែល​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​លើក​ឡើង​ ត្រូវ​បាន​លោក​យ៉ែម​ បុញ្ញ​ឫទ្ធិ លើក​ឡើង​ថា​ មិន​ជាប់​គាំង ព្រោះថា​សភា​កើត​ឡើង​ដោយ​ឯក​បក្សហើយគណ​រដ្ឋ​​មន្ត្រី​​ដែល​​បាន​រៀបចំ​ដោយ​ឯក​បក្ស​ដែរ ។​ ដូច្នេះ​យើង​​ត្រូវ​តែ​ជួប​ចរចា​គ្នាដើម្បី​ដោះស្រាយ​បញ្ហា​ទាំង​អស់​នោះ​​​​​​ ។ អ្នក​នាំ​ពាក្យ​​រូបនេះ​​បាន​សង្កត់​ធ្ងន់​​​​ថា​ ​គណ​បក្ស​សង្គ្រោះជាតិ​​​យល់​ព្រម​​ចំពោះ​សំណើរបស់​សង្គមសីុវិល​​ ព្រោះថា​​គណបក្ស​ចង់​​ឱ្យមាន​ការ​ដោះ​ស្រាយ​​ដោយសន្ដិ​វិធី​​ អហិង្សា​​ នៅ​ពេល​ដោះ​ស្រាយ​​​រួច​​យើងនឹង​​អភិវឌ្ឍន៍​​ប្រទេស​ជាតិ​យើង​ទាំង​អស់​គ្នា ។​

គួរ​រំឭក​ថា គណបក្ស​​​ប្រជា​ជន​​​​កម្ពុជា​ធ្លាប់​បាន​លើក​ឡើង​​ថា​ គណបក្ស​​នៅ​​តែ​ប្រ​​កាន់​ជំហរ​​បើក​ទ្វារ​​ចំពោះការ​ចរចា​​ជា​មួយ​គណ​បក្ស​សង្គ្រោះ​​ជាតិ​​​​ជានិច្ច​ តែជំហរ​មួយ​នេះ​​មិន​ប្រែ​ប្រួល​​​គឺ​​​​​​ការ​​ចង់​ឱ្យ​មានការ​បោះឆ្នោត​មុន​អាណត្តិ​​​នោះ ​​មិន​​​អាច​ទៅ​រួច​​​ទេ ហើយ​ការមិន​ចូលសភា​​​របស់​គណ​បក្សសង្គ្រោះ​​ជាតិ​​​មិន​មែន​ជា​​កំហុស​​របស់​​គណ​បក្ស​​ប្រជាជន​​​កម្ពុជា​​ឡើយ​​​​ គ​ឺគណ​បក្ស​សង្គ្រោះ​ជាតិ​​​ដែល​ចាញ់ឆ្នោត​​​ឯណោះទេ​ ដែលមិនចូល​​រួម​ ។​ ក្រុម​អ្នកវិភាគ​​​បាន​លើក​ឡើង​​ថា បញ្ហា​​​​នយោ​​បាយ​នៅ​តែកើតមាន​​ប្រសិន​បើ​​​គណបក្ស​​នយោបាយ​មិន​ទាន់់រក​ចំណុច​​រួម​គ្នា​ឱ្យបាន​ឆាប់​​ ហើយបញ្ហា​នេះបានចោទ​ចំពោះ​ប្រជាជន​ទូទៅ​​​ ជាក់ស្ដែង​អ្នកដែល​ដាក់​​​ទុន​​វិនិយោគ​នៅកម្ពុជា​ ។ ​ពួកគេ​មិន​ទាន់​ដឹង​ច្បាស់​​ថា បញ្ហា​ន​យោបាយ​នៅ​​​កម្ពុជានឹង​ចប់​​​​នៅ​ពេលណា​នោះទេ ប៉ុន្តែ​ប្រសិន​បើ​អ្នកនយោបាយ​​​ចេះគិតប្រយោជន៍​​រួម​ជាតិ​ជា​ធំ​ ចាប់​​ដៃ​គ្នាក្នុង​ការ​អភិវឌ្ឍ​សង្គមជាតិ​​​ជា​ការ​ប្រសើរ​ ៕​

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព្រឹត្តិការណ៍សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ