រាជធានីភ្នំពេញ ៖ ជាថ្មីម្តងទៀតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានធ្វើការអំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវស្វែងរកប្រជាពលរដ្ឋណាដែលរងគ្រោះដោយពិតប្រាកដ ដើម្បីមកទទួលយកអំណោយសប្បុរសធម៌ពីកាកបាទក្រហមកម្ពុជា ។
ថ្លែងក្នុងពិធីសំណេះសំណាល និងចែកអំណោយដល់ប្រជាពលរដ្ឋចំនួន៣.០៨៨គ្រួសារ ស្ថិតនៅក្នុងភូមិជ្រៃភ្លូក ឃុំតំបែរ ស្រុកតំបែរ ខេត្តកំពង់ចាម កាលពីថ្ងៃទី៥ មីនា ២០១៤ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានបញ្ជាក់បន្ថែមថា កាកបាទក្រហម គឺជាស្ថាប័នមនុស្សធម៌មួយ ហេតុនេះរាល់ការផ្តល់អំណោយដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស គឺមិនបានរើសអើងនិន្នាការសាសនា និងនយោបាយអ្វីឡើយ ពោលគឺឱ្យតែអ្នករងគ្រោះដោយពិតប្រាកដ និងរស់នៅលើទឹកដីខ្មែរ ។
សម្តេចប្រធានបានបន្ថែមថា អំណោយដែលយកមកចែកជូនប្រជាពលរដ្ឋដែលរងគ្រោះជាបន្តបន្ទាប់នេះ គឺជាការអំពាវនាវរបស់កាកបាទក្រហមកម្ពុជា ពីសំណាក់សប្បុរសជននានាទាំងក្នុង និងក្រៅប្រទេស ។ ជាក់ស្តែងអង្ករដែលបានចែកជូននេះ ជាជំនួយពីរដ្ឋាភិបាលចិនមកឱ្យរាជរដ្ឋាភិបាលកម្ពុជា ហើយរាជរដ្ឋាភិបាលកម្ពុជា បានផ្ទេរមកឱ្យកាកបាទក្រហមកម្ពុជា ដើម្បីចាត់ចែងជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះផ្សេងៗនៅទូទាំងប្រទេស ។
សម្តេចប្រធានបានបញ្ជាក់ថា អំណោយដែលបានយកមកចែកជូនបងប្អូន នាពេលនេះ គឺគ្រាន់តែឆ្លើយតបនូវការខ្វះខាតរបស់បងប្អូនបានតែមួយរយៈប៉ុណ្ណោះ ហេតុនេះបងប្អូនត្រូវធ្វើយ៉ាងណាខិតខំបង្កបង្កើនផល និងដាំដំណាំបន្ថែមទៀត ដើម្បីជួយទ្រទ្រង់ជីវភាពគ្រួសារ ។
ឆ្លៀតក្នុងឱកាសនោះផងដែរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក៏បានសម្តែងការនឹករលឹក និងបានពាំនាំនូវបណ្តាំការសួរសុខទុក្ខពីសម្តេចម៉ែ និងសម្តេចទាំងបីដល់ប្រជាពលរដ្ឋទាំងអស់នៅទូទាំងខេត្តកំពង់ចាម ក៏ដូចជាប្រជាពលរដ្ឋទាំងអស់នៅទូទាំងប្រទេស ។
ចែករំលែកព័តមាននេះ