លោកប៊ីលហ្គេត ក្លាយជាបុគ្គលមានទ្រព្យសម្បត្តិស្តុកស្តម្ភបំផុតនៅលើពិភពលោកតាមការរៀបចំណាត់ថ្នាក់របស់ទស្សនាវដ្តីហ្វប់ (Forbes) ចំណែកលោកថាក់ស៊ីន ស៊ីណាវ៉ាត្រា មិនស្ថិតក្នុងចំណាត់ថ្នាក់ទាំង១០០០ នៅលើពិភពលោកទេ ដោយមានទ្រព្យត្រឹម១.៦០០លានដុល្លារ និងស្ថិតនៅលំដាប់ទី៦ក្នុងប្រទេសថៃ ។
លទ្ធផលរៀបចំណាត់ថ្នាក់បុគ្គលមានទ្រព្យសម្បត្តិច្រើនបំផុតប្រចាំឆ្នាំ២០១៤ របស់ទស្សនាវដ្តីហ្វប់ កាលពីថ្ងៃទី៣ មីនា ២០១៤ បានបញ្ជាក់ថា លោកប៊ីលហ្គេត អ្នកបង្កើតក្រុមហ៊ុនមីក្រូសហ្វ មានទ្រព្យសរុប៧៦.០០០លានដុល្លារ ខណៈពេលលោក កាឡូស ស្លុីម ជនជាតិមុិកសិុក ស្ថិតនៅលំដាប់ទី២ មានទ្រព្យសម្បត្តិសរុប៧២.០០០លានដុល្លារ រីឯលោកអាណាស៊ីយ៉ូ អ៊័រតេហ្គា ម្ចាស់ហាងសម្លៀកបំពាក់ស្លាកយីហោ Zara របស់អេស្ប៉ាញ ស្ថិតក្នុងចំណាត់ថ្នាក់ទី៣ មានទ្រព្យសម្បត្តិ៦៤.០០០លាន ដុល្លារ ។
ទស្សនាវដ្តីនោះបញ្ជាក់ថា ក្នុងឆ្នាំនេះមានមហាសេដ្ឋីនៅទូទាំងពិភពលោកជាប់ក្នុងចំណាត់ថ្នាក់សរុបចំនួន១.៦៤៥នាក់ ក្នុងនោះសហរដ្ឋអាមេរិកនៅតែនាំមុខគេក្នុងចំណោមប្រទេសដែលមានមហាសេដ្ឋីច្រើនបំផុត គឺមានចំនួន៤៩២នាក់ ឯលំដាប់ទី២គឺប្រទេសចិន មានចំនួន១៥២នាក់ និងរុស្ស៊ី១១១នាក់ ។ ចំណែកប្រទេសថៃ តាមការរៀបចំណាត់ថ្នាក់របស់ Forbes ឃើញថា លោកថានីន ជៀរ៉ាវ៉ានុន ម្ចាស់ក្រុមហ៊ុនគ្រឿងឧបភោគបរិភោគ (CP) ស្ថិតនៅចំណាត់ថ្នាក់ទី១ ក្នុងប្រទេសថៃ និងជាប់លំដាប់ទី៩៧នៅលើពិភពលោក មានទ្រព្យសរុប១១.៤០០លានដុល្លារ ។
សម្រាប់ចំណាត់ថ្នាក់ទី២ បានទៅលើលោកចារើន ស៊ីរី វ៉ាត់ថាណាក់ផាកឌី ម្ចាស់ក្រុមហ៊ុនស្រាបៀរ«ឆាង» និងស្ថិតនៅលំដាប់ទី១៤១ នៅលើពិភពលោក មានទ្រព្យសរុប៩.០០០លានដុល្លារ ។ លំដាប់ទី៣ក្នុងប្រទេសថៃគឺលោកវ៉ានិច ឆៃយ៉ាវណ្ណ ម្ចាស់ក្រុមហ៊ុនធានារ៉ាប់រងជីវិត មានទ្រព្យសម្បត្តិប្រហែល៣.៦៥០លានដុល្លារ ។ ដោយឡែកសម្រាប់លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា ស្ថិតក្នុងលំដាប់ថ្នាក់ទី១.០៩២នៅលើពិភពលោក ប៉ុន្តែស្ថិតនៅចំណាត់ថ្នាក់ទី៦នៅក្នុងប្រទេសថៃ មានទ្រព្យសម្បត្តិសរុប១.៦០០លានដុល្លារ ៕
ចែករំលែកព័តមាននេះ