រាជធានីភ្នំពេញ ៖ ធនាគារANZ Royal និងក្រុមហ៊ុនManulife Cambodia បានប្រកាសជាផ្លូវការនៃភាពជាដៃគូក្នុងការផ្ដល់ជូននូវសេវាកម្ម និងដំណោះស្រាយលើការរៀបចំផែនការហិរញ្ញវត្ថុដល់អតិថិជនរបស់ធនាគារANZ Royal ដែលនេះគឺជាការសហការលើកដំបូងរវាងធនាគារANZ Royal និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតManulifeកម្ពុជា ។
ពិធីចុះហត្ថលេខា សម្រាប់ប្រតិបត្តិការរវាងធនាគារនិងក្រុមហ៊ុនManulife Cambodia បានធ្វើឡើងដោយមានការចូលរួមពីលោកRobert Elliott អគ្គនាយកប្រតិបត្តិ និងជានាយកចាត់ការទូទៅក្រុមហ៊ុនManulife Cambodia និងលោកGrant Knuckeyអគ្គនាយកប្រតិបត្តិធនាគារANZ Royal កាលពីរសៀលថ្ងៃទី៣ មីនានៅសណ្ឋាគារស៊ូហ្វីតែលភ្នំពេញភូគីត្រា ។
លោកGrant Knuckey អគ្គនាយកប្រតិបត្តិ ធនាគារANZ Royalបានមានប្រសាសន៍ថា ភាពជាដៃគូរបស់យើងជាមួយManulife នឹងផ្ដល់ជូនអតិថិជនកម្ពុជានូវដំណោះស្រាយក្នុងការរៀបចំផែនការហិរញ្ញវត្ថុសម្រាប់ដំណាក់កាលជីវិតសំខាន់ៗរបស់ពួកគេដូចជា ការសិក្សារបស់បុត្រធីតា និងការចូលនិវត្តន៍ជាដើមដែលសុទ្ធតែជាអាទិភាពហិរញ្ញវត្ថុដែលពាក់ព័ន្ធសម្រាប់អតិថិជនគោលដៅរបស់យើងដែលមានជីវភាពធូរធារ រួចហើយ និងសម្រាប់អតិថិជនដែលចាប់ផ្ដើមមានជីវភាពធូរធារ ។ តាមរយៈការអនុញ្ញាតឱ្យអតិថិជនធ្វើការសន្សំប្រាក់ ខ្ចីប្រាក់ ការពារ និងវិនិយោគដើម្បីសម្រេចគោលដៅហិរញ្ញវត្ថុរបស់ពួកគេ យើងសង្ឃឹមថានឹងអាចរឹតចំណងទាក់ទងជាមួយពួកគេកាន់តែខ្លាំងឡើងព្រមទាំងបង្កើនចំណែកទីផ្សារ សេវាកម្មធនាគារជាលក្ខណៈបុគ្គលិករបស់យើងនៅទីនេះផងដែរ ។
លោកRobert Elliott អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុនManulife Cambodiaបានមានប្រសាសន៍ដែរថា ការសហការជាដៃគូចែកចាយផលិតផលជាមួយធនាគារANZ Royal ក្រុមហ៊ុនManulife ធ្លាប់បានទទួលជោគជ័យគួរឱ្យកត់សម្គាល់រួចមកហើយសម្រាប់បណ្ដាញរបស់ខ្លួនដែលប្រតិបត្តិការនៅ១១ប្រទេសរួមទាំងនៅអាស៊ីផង ។ សម្រាប់កម្ពុជាសេវាធានារ៉ាប់រងអាយុជីវិតគឺជាទស្សនាទានមួយថ្មីសន្លាងហើយតាមរយៈទស្សនាទាននេះវាបានផ្ដល់ឱកាសឱ្យយើងក្នុងការបម្រើសេវាកម្មធានារ៉ាប់រងថ្មីនេះ ជូនអតិថិជនរបស់ធនាគារANZ Royal ។
លោកបន្តថា ដូចយើងដឹងស្រាប់ហើយ ធនាគារANZ Royalគឺជាធនាគារដែលទទួលបាននូវទំនុកចិត្តខ្ពស់ពីប្រជាជនកម្ពុជា ចាប់តាំងពីពេលដែលធនាគារនេះបានចាប់បើកដំណើរការតាំងពីឆ្នាំ២០០៥មក ។ ធនាគារANZ Royalបានក្លាយជាធនាគារបរទេសដែលមានបណ្ដាញប្រតិបត្តិការលេចធ្លោជាងគេនៅព្រះរាជាណាចក្រកម្ពុជាដែលអតិថិជនរាប់ពាន់នាក់ បានផ្ដល់ទំនុកចិត្តលើធនាគារANZ Royal ដោយជឿជាក់លើការប្ដេជ្ញា និងដំណោះស្រាយផ្នែកហិរញ្ញវត្ថុរបស់ធនាគារ ។
អតិថិជនធនាគារANZ Royal អាចធ្វើការពិភាក្សាអំពីគោលដៅហិរញ្ញវត្ថុរបស់ខ្លួនជាមួយមន្ត្រីជំនាញប្រឹក្សាធានារ៉ាប់រងរបស់ក្រុមហ៊ុន Manulifeដែលប្រចាំការនៅតាមបណ្ដាសាខា ធនាគារANZ Royal ចំនួន៥នៅរាជធានីភ្នំពេញដែលមានដូចជា សាខាវិថីក្រមួនស សាខាទួលគោក សាខាអូឡាំពិក សាខាពេទ្យលោកសង្ឃ និងសាខាវិមានឯករាជ្យ ដែលបើកបម្រើការចាប់ពីថ្ងៃចន្ទដល់ថ្ងៃសុក្រ ពីម៉ោង៨និង៣០នាទីព្រឹក ដល់ម៉ោង៤រសៀល និងថ្ងៃសៅរ៍ ពីម៉ោង៨និង៣០នាទីព្រឹកដល់ម៉ោង១២ថ្ងៃត្រង់ ៕
ចែករំលែកព័តមាននេះ