អាជ្ញាធរយោធាកូរ៉េខាងត្បូង បានធ្វើការវិភាគថា កូរ៉េខាងជើងមានមីស៊ីលបាលីស្ទីករយៈខ្លីធុន KN-02 ដែលអាចបាញ់ត្រង់បំផុតចំនួន១០០គ្រាប់ ។ យោងតាមរបាយការណ៍មួយមានចំណងជើងថា ការវាយតម្លៃលើការគំរាមកំហែងនៃមីស៊ីល KN-02 ប្រភពព័ត៌មានរដ្ឋាភិបាលកូរ៉េខាងត្បូងមួយ គូសបញ្ជាក់កាលពីថ្ងៃទី៥ មីនា ថា មីស៊ីលធុន KN-02 នោះ ឥឡូវត្រូវបានកែលម្អដោយអាចបាញ់បានចម្ងាយ១៧០គីឡូម៉ែត្រ ដែលពីមុនបានត្រឹម១២០គីឡូម៉ែត្រ ។ ម៉្យាងវិញ ទៀត រថយន្តសម្រាប់ដឹកនិងជាជើងទម្រសម្រាប់បាញ់ចំនួន៣០គ្រឿង ត្រូវបានដាក់ពង្រាយ រួចបើគិតពីចំនួនរថយន្តបែបនោះប្រទេសកូរ៉េខាងជើងអាចមានមីស៊ីលធុន KN-02 ចំនួន១០០គ្រាប់ ។
គេក៏វាយតម្លៃផងដែរថា កូរ៉េខាងជើងបានកែលម្អអត្រាអាចបាញ់ខុសគោលដៅត្រឹមតែ៥០សង្ទីម៉ែត្រ ជាមួយបច្ចេកវិទ្យាតម្រង់ធុន GPS ។ មីស៊ីលនោះមិនចាំបាច់ប្រើរ៉ាដាត្រួតពិនិត្យសម្រាប់ការបាញ់ឡើយ ហើយមានសមត្ថភាពគេចពីមធ្យោបាយត្រួតពិនិត្យរបស់កងទ័ពកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកទៀតផង ។ មីស៊ីលធុន KN-02 អាចបាញ់ដល់គោលដៅត្រឹមរយៈពេល៣ទៅ៤នាទីប៉ុណ្ណោះ ហើយការបាញ់សាកល្បងមីស៊ីលធុននេះលើកទី២អាចធ្វើ១៥នាទីក្រោយការសាកល្បងលើកទី១ ។ ប្រភពរដ្ឋាភិបាលកូរ៉េខាងត្បូងពន្យល់ថា មីស៊ីល KN-02 ជាមីស៊ីលកូរ៉េខាងជើងដំបូងគេដែលប្រើគ្រឿងឆេះរឹង ជាមួយភាពរហ័សនៃការផ្លាស់ប្តូរ ។
ចំណែកកូរ៉េខាងជើងវិញបានរិះគន់យ៉ាងខ្លាំងចំពោះសហរដ្ឋអាមេរិកថា បានបញ្ជូននាវាមុជទឹកនុយក្លេអ៊ែរមួួយគ្រឿងមកចូលរួមក្នុងសមយុទ្ធយោធារួមជាមួយកូរ៉េខាងត្បូង ដោយចាត់ទុកការបញ្ជូននាវាមុជទឹកនោះមក ថាជាការបង្កហេតុ ដើម្បីធ្វើសង្គ្រាមនុយក្លេអ៊ែរមួយនៅឧបទ្វីបកូរ៉េ ។
នាវាមុជទឹកនុយក្លេអ៊ែរឈ្មោះ USS Columbus និងនាវាពិឃាតឈ្មោះ USS Blue Ridge នៃកងនាវាចរណ៍ទី៧របស់អាមេរិក បានមកដល់កំពង់ផែប៊ូសាន កាលពីថ្ងៃទី៣ មីនា ដើម្បីចូលរួមក្នុងសមយុទ្ធយោធាប្រចាំឆ្នាំឈ្មោះ Foal Eagle ។កូរ៉េខាងជើងនិយាយថា នោះជាការគំរាមកំហែងមួយចំពោះប្រទេសយើង និងជាការបង្កហេតុខាងយោធាធ្ងន់ធ្ងរបំផុតមួយ ដើម្បីបង្កសង្គ្រាមនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ ក្នុងគោលដៅលុកលុយឈ្លានពានកូរ៉េខាងជើង ។ក្រុងព្យុងយ៉ាងរហូតមកទល់ពេលនេះបានបាញ់សាកល្បងមីស៊ីលរយៈខ្លីចំនួន៧គ្រាប់ហើយនៅសមុទ្រខាងកើត ជាសញ្ញានៃការតវ៉ាប្រឆាំងសមយុទ្ធយោធារួមកូរ៉េខាងត្បូង-សហរដ្ឋអាមេរិក ។
នាវាមុជទឹកនុយក្លេអ៊ែរ USS Columbus មានចំណុះ៧.០០០តោន បំពាក់ដោយមីស៊ីលធុន Tomahawk និងមីស៊ីលប្រឆាំងនាវា Harpoon ។ នាវា USS Blue Ridge មកពីមូលដ្ឋានរបស់ខ្លួននៅយូកូហាម៉ា ប្រទេសជប៉ុន ជានាវាពិឃាតប្រភេទ Amiral នៃកងនាវាចរណ៍ទី៧ របស់អាមេរិក ។ នាវានោះមានពលទាហាន១.២០០នាក់ និងនាយទាហាន២៥០នាក់ ៕
ចែករំលែកព័តមាននេះ