ប្រធានាធិបតីអាមេរិក លោកបារ៉ាក់អូបាម៉ា គ្រោងថវិកាចំនួន៣.៩០០ពាន់លានដុល្លារសម្រាប់ឆ្នាំសារពើពន្ធ២០១៥ ដែលនឹងត្រូវប្រើប្រាស់សម្រាប់ផ្គត់ផ្គង់ដល់ការកែប្រែថ្មីនៃបណ្តាហេដ្ឋារចនាសម្ព័ន្ធ ការអប់រំ និងកម្មវិធីសង្គមឯទៀតៗ ។ យោងតាមគម្រោងថវិកាដែលបង្ហាញកាលពីថ្ងៃទី៤ មីនា តាមអីុនធើរណេតរបស់សេតវិមាន លោកអូបាម៉ា គ្រោងឱនភាពថវិកា៥៦៤ពាន់លានដុល្លារសម្រាប់ឆ្នាំ២០១៥ ពោលប្រមាណជា៣,១% នៃផលទុនជាតិសរុប ។ ឱនភាពថវិកាសម្រាប់ទសវត្សខាងមុខនឹងស្ថិតនៅចន្លោះពី៤០០ ទៅ៥០០ពាន់លានដុល្លារ ។
ក្នុងគម្រោងថវិកាថ្មីនេះសម្រាប់ឆ្នាំសារពើពន្ធចាប់ផ្តើមពីថ្ងៃទី១ តុលាទៅ លោកអូបាម៉ា ចង់ធ្វើវិនិយោគក្នុងបណ្តាហេដ្ឋារចនាសម្ព័ន្ធ ក្នុងការបណ្តុះបណ្តាលសម្រាប់រកការងារធ្វើ និងការកាត់បន្ថយពន្ធសម្រាប់បណ្តាពលរដ្ឋសកម្មអាមេរិក ។ យោងតាមគម្រោងថវិកាបង្ហាញកាលពីថ្ងៃទី៤ មីនានោះ មន្ទីរប៉ង់តាហ្គោនគ្រោងថវិកាចំនួន៧៩,៤ពាន់លានដុល្លារក្នុងឆ្នាំ២០១៥ សម្រាប់ការចំណាយនានាទាក់ទិនដល់ជម្លោះនៅអាហ្វហ្គានីស្ថាន ជាទឹកប្រាក់នៅនឹងមួយ ទោះបីជាអាមេរិកគ្រោងបញ្ឈប់សង្គ្រាមនោះនាដំណាច់ឆ្នាំនេះក៏ដោយ ។
ខណៈដែលប្រតិបត្តិការប្រយុទ្ធនៅអាហ្វហ្គានីស្ថាន ត្រូវបញ្ចប់ត្រឹមថ្ងៃទី៣១ ធ្នូ ២០១៤ ហើយក៏ពុំទាន់ច្បាស់ដែលក្រុងវ៉ាស៊ីនតោនអាចរក្សាទុកកងទាហាន១០.០០០នាក់នៅអាហ្វហ្គានីស្ថានបន្តទៀតក្តី ក៏មន្ទីរប៉ង់តាហ្គោនគ្រោងថវិកា៧៩,៤ពាន់លានដុល្លារសម្រាប់ថវិកាឆ្នាំ២០១៥៕
ចែករំលែកព័តមាននេះ