រឿងរ៉ាវរបស់ប្រទេសមួយដែលចំណាយច្រើនជាងចំណូលនៅតែមិនទាន់ស្រាកស្រាន្តនៅឡើយ ។ ចាប់តាំងពីខែមិថុនាឆ្នាំ២០០៨មក បំណុលរបស់ប្រទេសប៉ាគីស្ថានបានកើនឡើងលឿនជាងចំណូលសរុប និងអត្រាកំណើនផលិតផលក្នុងស្រុកសរុប ។ យោងតាមធនាគាររដ្ឋប៉ាគីស្ថានបានឲ្យដឹងថា បំណុលសាធារណៈសរុបរបស់ប៉ាគីស្ថានបានឈានដល់១៧.២៥១លានលានរូពីប៉ាគីស្ថាន ឬស្មើនឹង១៦២ពាន់លានដុល្លារ គិតមកដល់ថ្ងៃទី៣១ ធ្នូ ឆ្នាំ២០១៣ ឬស្មើនឹង៧០,៥%នៃGDP ពោលគឺខ្ពស់ជាងដែនកំណត់៦០%នៃGDPដែលកំណត់ដោយសភា ។
ទាំងអស់នេះមានន័យថា បំណុលបានកើនឡើង១៨៦% ចាប់តាំងពីខែមិថុនា ឆ្នាំ២០០៨ ដែលនៅពេលនោះវាមានចំនួនប្រហែល៦,០៥លានលានរូពី ។ បើធ្វើការប្រៀបធៀបប្រាក់ចំណូលសរុបមានចំនួនតិចជាងឆ្ងាយ ហើយកើនឡើងប្រហែល៩៩%ពី១,៥លានលានរូពីកាលពីខែមិថុនា ឆ្នាំ២០០៨ ដល់២,៩៨លានលានរូពីនៅក្នុងខែមិថុនា ឆ្នាំ២០១៣ ។ នៅក្នុងអំឡុងពេលដូចគ្នា ទំហំសេដ្ឋកិច្ចជាតិបានកើនឡើង១៣៨%ពី១០.២៤៣លានលានរូពីដល់២៤.៤៥៥លានលានរូពី ។
បំណុលសរុបក្នុងប្រទេសប៉ាគីស្ថាន មានចំនួន១៦.៦២៣លានលានរូពីកើនឡើង១៤,១%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនឬស្មើនឹង៦៨%នៃGDP ។យោងតាមទិន្នន័យរបស់ធនាគារកណ្តាលបានឲ្យដឹងថា បំណុលក្នុងស្រុករបស់រដ្ឋាភិបាលកើនឡើងពី៩,៥២លានលានរូពីកាលពីដំណាច់ឆ្នាំសារពើពន្ធ២០១៣ដល់១០,២៣លានលានរូពីនៅថ្ងៃទី៣១ ធ្នូ ឆ្នាំ២០១៣ ខណៈដែលបំណុលក្រៅប្រទេសរបស់ខ្លួនកើនឡើងពី៥,៧លានលានរូពីកាលពីខែមិថុនា ឆ្នាំ២០១៣ដល់៦,០៣លានលានរូពី នៅដំណាច់ខែធ្នូ ឆ្នាំ២០១៣ ។
ធនាគារកណ្តាលបន្ថែមថា ការសងបំណុលនៅក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំសារពើពន្ធមានចំនួន៤៩១ពាន់លានរូពី ដែលបង្ហាញឲ្យឃើញពីកំណើន១៥,៥% ឬ២%នៃGDPបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ៕
ចែករំលែកព័តមាននេះ