ភស្តុតាងពីសត្វឆ្កែមួយក្បាល
តាំងពីបុរាណកាលមក ច្បាប់ត្រូវបានចាត់ទុកជាជញ្ជីងយុត្តិធម៌ ហើយអ្នកអនុវត្តច្បាប់ចាត់ទុកជាអាជ្ញាកណ្តាលអត់លម្អៀង។ ប៉ុន្តែទោះដូច្នេះក្តី ឯណេះខ្លះឯណោះខ្លះនៅតែមានអ្នកកាន់ច្បាប់ក្នុងដៃ តែអនុវត្តច្បាប់ខ្វះការទទួលខុសត្រូវ ធ្វើឱ្យអ្នកគ្មានកំហុសត្រូវទទួលទោសយ៉ាងអយុត្តិធម៌ ខណៈអ្នកមានទោសពិតប្រាកដបែរជារួចខ្លួនសប្បាយ ស៊ីចាយនៅក្រៅរង្វង់ច្បាប់ទៅវិញ ។
ព្រឹកថ្ងៃទី១៧ សីហា ១៩៨១ ជេម ដ្វូរ៉ាត់ យុវជនស្រឡាញ់ភេទដូចគ្នាម្នាក់ត្រូវគេប្រទះឃើញសពដេកស្លាប់ក្បែរសមុទ្រ Cavona ។ ត្រូវវាយដំជាទម្ងន់រហូតដល់ស្លាប់កាលពីយប់ ហើយទុកសពចោលក្នុងល្បះព្រៃមួយក្បែរមាត់សមុទ្រ កន្លែងដែលពួកស្រឡាញ់ភេទដូចគ្នាចូលចិត្តណាត់ជួបគ្នា ។ ៥ថ្ងៃក្រោយ មានយុវជនប្រុសស្រីមួយគូបណ្តើរគ្នាចូលល្បះព្រៃត្រង់កន្លែងកើតមានឃាតកម្មនោះ ។ តាមមើលពួកគេប្រហែលត្រូវការកន្លែងស្ងាត់ផ្តោះផ្តងស្នេហា តែមិននឹកស្មានសោះថា ភ្លាមនោះបែរជាត្រូវក្លាយជាមុខសញ្ញាសង្ស័យរបស់ប៉ូលិស ហើយត្រូវនាំទៅសាកសួរទាំងពីរនាក់ ។ ពួកគេទាំងពីរនាក់ គឺវិល្លៀម ឌីឡន អាយុ២១ឆ្នាំ និងនាងជូណា ប៉ារីស អាយុ១៩ឆ្នាំ ។
នៅស្ថានីយប៉ូលិស វិល្លៀម ឆ្លើយថាខ្លួនអត់ដឹងអីទាំងអស់ តែដោយធ្លាប់អានអត្ថបទកាសែតពាក់ព័ន្ធឃាតកម្មជាច្រើន នាយប្រាប់ប៉ូលិសថាដំណើរឃាតកម្មនោះប្រហែលអុីចេះ ឬអុីចុះ ។ សម្តីវិល្លៀម គួរណាស់ប៉ូលិសចាត់ទុកជាការចូលរួមយោបល់សម្រាប់ជួយប៉ូលិសក្នុងការស៊ើបអង្កេត តែប៉ូលិសបែរជាគិតថា គឺគេហ្នឹងហើយជាជនដៃដល់ ទើបនិយាយស្តាប់ទៅទំនងម្លេ៉ះ គេជាអ្នកប្រព្រឹត្តកាលពី៥ថ្ងៃមុនយ៉ាងពិតប្រាកដ ឥឡូវត្រឡប់មកវិញចង់ដឹងតើកន្លែងចាស់មានការប្រែប្រួលយ៉ាងណា។ ដោយប៉ូលិសយល់ដូច្នេះ វិល្លៀមត្រូវឃុំខ្លួនតែម្តង ។
មិត្តភក្តិ និងគ្រួសារវិល្លៀមស្រឡាំងកាំងពេលដឹងដំណឹងវិល្លៀមត្រូវប៉ូលិសឃុំខ្លួនពាក់ព័ន្ធការស្លាប់យុវជនស្រឡាញ់ភេទដូចគ្នាម្នាក់ ព្រោះវិល្លៀមជាយុវជនល្អ កំពុងមានអនាគតភ្លឺថ្លា ទើបតែចុះកិច្ចសន្យាលេងបាល់ឱ្យក្លឹបល្បីល្បាញមួយ លើសពីនេះនាយជាប្រុសចំតួ គ្មានសញ្ញាប្រុសស្រឡាញ់ភេទដូចគ្នាសូម្បីបន្តិច ហេតុម៉េចទៅជាមានរឿងជាមួយប្រុសស្រឡាញ់ភេទដូចគ្នា ឈានដល់សម្លាប់គ្នាទៅកើត។ ចៃដន្យ ពេលវិល្លៀមជាប់ឃុំ ស្រាប់តែមានហេតុការណ៍មកដល់ទៀត ។ អ្នកបើករថយន្តតាក់ស៊ីម្នាក់ចូលរាយការណ៍ប្រាប់ប៉ូលិសពីអ្នកដំណើរម្នាក់ដែលខ្លួនដឹកពីមាត់សមុទ្រទៅរង្គសាលមួយក្នុងក្រុង ។ អ្នកបើករថយន្តតាក់ស៊ីនិយាយថា នាយប់កើតហេតុមានឃាតកម្មក្បែរមាត់សមុទ្រ មានបុរសម្នាក់ពាក់អាវលឿងមានប្រឡាក់ឈាមដើរចេញពីល្បះព្រៃឡើងជិះរថយន្តខ្លួន សំដៅរង្គសាលមួយក្នុងក្រុង ។ តាមផ្លូវធ្វើដំណើរបុរសនោះដោះអាវលឿងប្រឡាក់ឈាមទុកចោលក្នុងរថយន្ត ហើយពាក់អាវថ្មីមុននឹងចុះពីរថយន្ត ។
ប្រសិនបើសេចក្តីរាយការណ៍ និងអាវលឿងប្រឡាក់ឈាមជាវត្ថុតាងដ៏សំខាន់នោះស្ថិតក្នុងពេលបច្ចុប្បន្នវិញ វាពិតជាជួយប៉ូលិសបានច្រើនក្នុងការស៊ើបអង្កេតចាប់ឃាតករ តែដោយហេតុជំនាន់ទសវត្ស១៩៨០ បច្ចេកវិទ្យា DNA មិនទាន់រីកចម្រើនខ្លាំង ការងារស៊ើបអង្កេតពាក់ព័ន្ធរឿងឃាតកម្ម នីមួយៗមានការលំបាកច្រើនសម្រាប់ប៉ូលិស ។ ពេលឮអ្នកបើករថយន្តតាក់ស៊ីនិយាយដូច្នេះ ប៉ូលិសផ្តោតការស៊ើបអង្កេតយកអាវលឿងប្រឡាក់ឈាមជាចំណុចចេញដំណើរ ។ ភ្លាមនោះអ្នកបើករថយន្តតាក់ស៊ី ត្រូវបានរៀបចំឱ្យលួចមើលវិល្លៀមតាមប្រឡោះសម្ងាត់មួយ ដើម្បីចំណាំមុខអ្នកជិះរថយន្តពាក់អាវលឿងកាលពីថ្ងៃមុន ។ ដំបូងអ្នកបើករថយន្តតាក់ស៊ីថាស្រពេចស្រពិលចំណាំមុខអត់ច្បាស់ ពុំដឹងមួយហ្នឹង ឬមិនមែន លុះយូរបន្តិចស្រាប់តែអះអាងថាពិតជាម្នាក់ហ្នឹងហើយ ។
នាដំណាក់កាលនោះ អនុសេនីយ៍ទោ ចន ប្រេស្តុន និងឆ្កែមួយក្បាលដែលគាត់បង្វឹក បានទទួលការយកចិត្តទុកដាក់ខ្ពស់ក្នុងការងារស្រាវជ្រាវរកជនដៃដល់តាមរយៈការស្រង់ក្លិន ។ សត្វឆ្កែរបស់លោកអនុសេនីយ៍ទោ ចន ប្រេស្តុន ត្រូវគេឱ្យហិតក្លិនអាវលឿងមានប្រឡាក់ឈាម បន្ទាប់មកឱ្យវាហិតក្លិនអាវអ្នកផ្សេងទៀតច្រើនគ្នា រាប់ទាំងអាវរបស់វិល្លៀមផង ។ ជាលទ្ធផលសត្វឆ្កែឈប់ដើរទៅមុខទៀត ពេលហិតប៉ះអាវវិល្លៀម ។ ជាមួយលទ្ធផលនេះប៉ូលិសដៅមួយរយភាគរយលើវិល្លៀមថាពិតជាឃាតករ ។
សាក្សីដ៏សំខាន់ម្នាក់ទៀត គឺនាងដូណា ប៉ារីស មិត្តស្រីរបស់វិល្លៀម ។ ពេលទៅដល់ស្ថានីយប៉ូលិសដំបូង ដូណា និយាយថា អត់បានដឹងរឿងអ្វីទាំងអស់ ប៉ុន្តែលុះត្រូវប៉ូលិសបំបែកចេញពីគ្នា ហើយឈ្លេចសួរម្តងទៀត នាងនិយាយផ្សេងថា យប់នោះនាង និងវិល្លៀមជួបគ្នាមួយសន្ទុះក៏បែកគ្នាវិញ ដើរទៅកន្លែងផ្សេងរៀងៗខ្លួន, ហើយយប់នោះវិល្លៀមពាក់អាវពណ៌លឿង ។ សំដីនាងខុសស្រឡះពីសំដីវិល្លៀមដែលប្រាប់ប៉ូលិសថាខ្លួនអត់មានអាវលឿងក្នុងទូខោអាវទេ ព្រោះខ្លួនអត់ចូលចិត្តពណ៌លឿងតាំងពីដើមមក ។
ក្នុងសវនាការតុលាការ នាងដូណា ជាមួយភាពឈឺចាប់ និងតក់ស្លុត បានប្រឹងក្រោកឈរធ្វើសាក្សីប្រឆាំងនឹងអ្នកដែលខ្លួនស្រឡាញ់ ។ ប៉ុន្តែលុះសវនាការតុលាការត្រូវបានបញ្ចប់ជាមួយសាលក្រមប្រហារជីវិតវិល្លៀមពីទោសសម្លាប់មនុស្សដោយចេតនា នាងដូណា វិះដួលសន្លប់ ។
ទាមទារបានយុត្តិធម៌វិញក្រោយ២៧ឆ្នាំដេកគុក
ការកាត់ទោសប្រញាប់ប្រញាល់ជាមួយភស្តុតាងមិនទាន់សមល្មមនៅឡើយ បានបញ្ចប់អនាគតភ្លឺស្វាងរបស់កីឡាករវ័យក្មេងម្នាក់ ។ ក្រោយសវនាការតុលាការមួយខែ គ្រួសារនាងដូណាសុំកែតម្រូវឡើងវិញចំពោះចម្លើយរបស់ដូណា ដោយបញ្ជាក់ថាអ្វីដែលនាងនិយាយពេលនោះមកពីរងសម្ពាធធ្ងន់ពីប៉ូលិស និងមេធាវីដែលព្រួតគ្នាគំរាមថា នាងអាចជាប់ពន្ធនាគារ២៥ឆ្នាំ ប្រសិនបើមិនព្រមធ្វើសាក្សីនៅចំពោះមុខតុលាការនិយាយប្រឆាំងវិល្លៀម ។ តាមពិត យប់នោះពួកគេទាំងពីរនាក់ដេកនៅផ្ទះសំណាក់ឯណោះ លុះអផ្សុកនាំគ្នាដើរលេងក្បែរមាត់សមុទ្រ ស្រាប់តែជួបរឿងអាក្រក់ដូច្នេះ ។ ការគាបសង្កត់ផ្លូវចិត្ត ធ្វើឱ្យដូណាតក់ស្លុតពេក ទើបព្រមនិយាយ អ្វីៗតាមការចង់បានរបស់ប៉ូលិស ។ សម្តីនាងនិយាយនៅចំពោះមុខតុលាការនៅពេលនោះ គឺប៉ូលិស និងមេធាវីតម្រូវឱ្យនាងត្រូវតែនិយាយអុីចឹង ។
ទន្ទឹមនឹងការតវ៉ារបស់គ្រួសារនាងដូណា គ្រួសារវិល្លៀមក៏តស៊ូពេញទំហឹងចំពោះការកាត់សេចក្តីរបស់តុលាការ ប៉ុន្តែនៅតែអត់ប្រយោជន៍ ដោយតុលាការឆ្លើយថា ទោះអត់មានចម្លើយរបស់នាងដូណា ក៏ខ្លួនមានភស្តុតាងគ្រប់គ្រាន់អាចដាក់ទោសវីល្លៀមបានដែរ ។
សភាពការណ៍នេះទាល់តែមួយរយៈក្រោយទើបមានសញ្ញាប្រែប្រួល ដោយហេតុលេចរឿងចម្លែកមួយកើតឡើង គឺមានការរកឃើញការណ៍ពិត និងថ្កោលទោសអនុសេនីយ៍ទោ ចន ប្រេស្តុន ពីបទពុករលួយធ្ងន់ ដែលច្រើនឆ្នាំហើយ ទទួលសំណូកធ្វើឱ្យឆ្កែហិតក្លិនរបស់ខ្លួនបង្កើតភស្តុតាងក្លែងក្លាយតម្រូវតាមការចង់បានរបស់ប៉ូលិស ធ្វើឱ្យអ្នកស្លូតត្រង់រងគ្រោះជាបន្តបន្ទាប់ ។ កាសែតមួយចំនួនដែលចុះផ្សាយពីអំពើអាក្រក់ហួសហេតុគួរឱ្យខ្ពើមរបស់អនុសេនីយ៍ទោ ចន ប្រេស្តុន បានសម្តែងការសង្ស័យរបស់ខ្លួនថា តិចលោវិល្លៀម ទទួលនូវភាពអយុត្តិធម៌ដោយសារភស្តុតាងក្លែងក្លាយដូចអ្នក មុនៗដែរ។ ប៉ុន្តែទោះផ្ទុះបរិយាកាសខឹងរបស់មហាជនយ៉ាងណា ទោះកាសែតលើកឡើងយ៉ាងណា តុលាការនៅតែស្ងៀម ថាម៉េចក៏មិនថា ។
និយាយពីវិល្លៀមវិញ ថ្វីបើជាប់ពន្ធនាគារ តែគេព្យាយាមអានកាសែតរាល់ថ្ងៃ ព្រោះជាមនុស្សចូលចិត្តចង់ដឹងពីការវិវឌ្ឍក្នុងប្រទេស និងក្រៅប្រទេស ។ ថ្ងៃមួយក្នុងឆ្នាំ១៩៩៦ បុរសរូបនេះអានកាសែតឃើញអត្ថបទមួយនិយាយពីបច្ចេកវិទ្យាជីវសាស្ត្រថ្មីពិនិត្យ DNA ។ ឃើញអត្ថបទនោះ គេអរដូចឃើញកំណប់ ក៏ម្នីម្នាដាក់ពាក្យតវ៉ាឡើងគ្រប់លំដាប់ថ្នាក់ សុំឱ្យរកស-ខ្មៅឡើងវិញ តាមរយៈការពិសោធ DNA ព្រោះខ្លួនមិនដែលទាំងឃើញអាវពណ៌លឿងនោះ សូម្បីម្តងផង ហេតុអ្វីថាអាវនោះពាក់ព័ន្ធជាមួយខ្លួន ? ទាល់តែពិសោធន៍ DNA ទើបប្រាកដថា រឿងនោះមកពីហេតុអ្វី បានជាឆ្កែរបស់លោកអនុសេនីយ៍ទោ ចន ប្រេស្តុន ដៅថាខ្លួនជាឃាតករ ?
ការតស៊ូដំណាក់កាលចុងក្រោយទាមទារប្រើការពិសោធ DNA របស់វិល្លៀម និងគ្រួសារពីឆ្នាំ១៩៩៦ រហូតដល់ឆ្នាំ១៩៩៧ ទើបបានគណៈកម្មការត្រួតពិនិត្យរឿងក្តីរបស់រដ្ឋផ្ល័ររីដាចាប់អារម្មណ៍ ។ មិនយូរប៉ុន្មាន តុលាការរដ្ឋផ្ល័ររីដា ចេញបញ្ជាឱ្យពិសោធពិនិត្យវត្ថុតាងទាំងអស់ក្នុងរឿងក្តីមួយនេះឡើងវិញទាន់អ្នកទោសមិនទាន់ត្រូវបានប្រហារជីវិត ប៉ុន្តែចម្លើយពីថ្នាក់ក្រោមឆ្លើយថា នៅពេលនេះវត្ថុតាងទាំងអស់ដូចយ៉ាងស្បែកជាប់ក្រចកដៃជនរងគ្រោះ និងសក់ដែលប្រមូលបាននៅកន្លែងកើតហេតុ បាត់អស់ហើយ ព្រោះពេលវេលាកន្លងទៅយូរឆ្នាំពេក ។ ទីបំផុតទាល់តែមានបញ្ជាឱ្យត្រួតពិនិត្យឃ្លាំងតម្កល់វត្ថុតាងទាំងមូល ទើបអាវលឿងប្រឡាក់ឈាមត្រូវបានរកឃើញ ។ លុះពិសោធមើលឈាមជាប់លើអាវលឿងនោះ ទើបដឹងការណ៍ពិតថា មិនមែនជាឈាមរបស់វិល្លៀមសោះ ដូច្នេះគឺឆ្កែរបស់លោកអនុសេនីយ៍ទោ ចន ប្រេស្តុន កំណត់តាមការណែនាំរបស់ម្ចាស់វាយ៉ាងពិតប្រាកដ ។
ថ្ងៃទី១៨ វិច្ឆិកា ២០០៨ វិល្លៀមបានទទួលសេរីភាពវិញ បន្ទាប់ពីជាប់ពន្ធនាគារអស់២៧ឆ្នាំ ដោយសារទោសដែលខ្លួនអត់បានប្រព្រឹត្ត ។ ឆ្លងកាត់បទពិសោធផ្ទាល់ខ្លួន វិល្លៀម នឹកឃើញសង្គមឆ្នាំ១៩៨១ ពេលត្រូវចាប់ខ្លួន និងសង្គមឆ្នាំ២០០៨ដែលខ្លួនមានសេរីភាពឡើងវិញនេះ គឺហាក់ដូចជាពិភព២ដាច់ដោយឡែកពីគ្នា ហេតុនេះពិបាកមែនទែនក្នុងការធ្វើអ្វីគ្រប់យ៉ាងឡើងវិញ គឺដូចចាប់ផ្តើមពីដំបូងម្តងទៀត ។
ក្រោយមក វិល្លៀមបង្កើតមូលនិធិសប្បុរសធម៌ផ្ទាល់ខ្លួនមួយឈ្មោះមូលនិធិ William Dillon សម្រាប់ជួយអ្នកទើបចេញពីពន្ធនាគារ ឱ្យមានការងារធ្វើ និងចូលរួមក្នុងសង្គមជាថ្មី ។ វិល្លៀម ដែលមានអាយុជិត៥០ឆ្នាំទៅហើយនោះ និយាយថា ២៧ឆ្នាំក្នុងពន្ធនាគារ ខ្លួនបាត់បង់ឱកាសច្រើនណាស់ តាំងពីឱកាសការងារ ស្នេហា មិត្តភក្តិ… សុទ្ធសឹងជាការបាត់បង់មិនអាចសងវិញបាន ប៉ុន្តែទោះជាយ៉ាងណាក្តី ពេលនេះបានវិលត្រឡប់មករកជីវភាពធម្មតាវិញ រាប់ថាប្រសើរណាស់ទៅហើយ៕
ចែករំលែកព័តមាននេះ