ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែ​ឃើញ​ប្អូន​ដួល​ភ្លាម​បងស្រី​តក់ស្លុត​យ៉ាង​ខ្លាំង និង​ស្រែកហៅ​ឲ្យ​អ្នក​ជិតខាង​ជួយ​ផ្អើល​ពេញ​ភូមិ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា បុរស​ចំណាស់​ម្នាក់​បាន​ស្លាប់ ក្រោយ​ពេល​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​ដល់​មន្ទីរពេទ្យ​បង្អែក​ពោធិ៍​ចិន​តុង ដោយសារ​តែ​គាត់​បោកគក់​សម្លៀក​បំពាក់ ហើយ​ឌុ​យ​ម៉ាស៊ីន​បោកគក់​អត់​ដិត គាត់​បាន​ទៅ​កាន់​ព្រី​ភ្លើង​គោះ​មើល​ទាំង​ខ្លួនប្រាណ និង​ដៃជើង​សើម ដោយ​មិន​បាន​បិទ​បា​រ៉ែត​ជា​មុន​សិន…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា បុរស​ចំណាស់​ម្នាក់​បាន​ស្លាប់ ក្រោយ​ពេល​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​ដល់​មន្ទីរពេទ្យ​បង្អែក​ពោធិ៍​ចិន​តុង ដោយសារ​តែ​គាត់​បោកគក់​សម្លៀក​បំពាក់ ហើយ​ឌុ​យ​ម៉ាស៊ីន​បោកគក់​អត់​ដិត គាត់​បាន​ទៅ​កាន់​ព្រី​ភ្លើង​គោះ​មើល​ទាំង​ខ្លួនប្រាណ និង​ដៃជើង​សើម ដោយ​មិន​បាន​បិទ​បា​រ៉ែត​ជា​មុន​សិន ទើប​បណ្ដាល​ឲ្យ​ឆ្លង​ចរន្ត​ឆក់​ដួល​ដេក​របួស​ធ្ងន់ធ្ងរ​រហូត​ដល់​ស្លាប់​បែប​នេះ​តែ​ម្ដង ។

ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​រសៀល ថ្ងៃ​ទី​២៥ ខែសីហា​នេះ​នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ​មួយ​កន្លែង​ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​៣០២ ក្រុម​ទី​៥ ភូមិ​ព្រៃ​សាលា សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។ បុរស​រង​គ្រោះ​ឈ្មោះ ញ៉ា​ញ់ ឌី អាយុ​៥៣​ឆ្នាំ មុខរបរ​ជាង​ជួសជុល​ប្រចាំ​នៅ​ក្នុង​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ មាន​ទីលំនៅ​ក្នុងផ្ទះ​កើតហេតុ​ខាងលើ ។

ដោយ​ស្ត្រី​ឈ្មោះ ញ៉ា​ញ់ ស្រី​មុំ អាយុ​៦០​ឆ្នាំ ត្រូវជា​បងស្រី​ប​ង្កើ​របស់​បុរស​រង​គ្រោះ​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ​បន្ទាប់​ពី​ត្រឡប់​មក​ពី​ធ្វើការ​វិញ និង​ហូប​បាយ​រួច​ប្អូនប្រុស​គាត់​ម្នាក់​នេះ​បាន​ងូតទឹក និង​ប្រមូល​សម្លៀក​បំពាក់​បោកគក់​ដោយ​ម៉ាស៊ីន ។ ខណៈនោះ​ឌុ​យ​ខ្សែ​ម៉ាស៊ីន​បោកគក់​អត់​ដិត​ធ្វើ​ឲ្យ​ម៉ាស៊ីន​មិន​ដំណើរការ​សោះ​ទើប​ប្អូនប្រុស​គាត់​ទៅ​កាន់​ព្រី​ភ្លើង​មើល និង​គោះ​ទាំង​ខ្លួន​សើម​ជោគ ព្រមទាំង​អត់​បាន​បិទ​បា​រ៉ែត​ភ្លើង​សិន​ទេ ។

ប្រភព​ដដែល​បាន​បន្ត​ថា លុះ​បន្តិច​ក្រោយមក​ស្រាប់តែ​ឆ្លង​ចរន្ត បណ្ដាល​ឲ្យ​ឆក់​ដួល​ដេក​នៅ​លើ​សាប សន្លប់​ស្ដូកស្ដឹង​តែ​ម្ដង ហើយ​ភ្លាម​ៗ​នោះ​គាត់​រួម​ជាមួយ​ប្អូនស្រី​ទី​២​ម្នាក់​ទៀត ឈ្មោះ ញ៉ា​ញ់ ឌី​ធី​ដា បាន​តក់ស្លុត​យ៉ាង​ខ្លាំង និង​បាន​ស្រែកហៅ​ឲ្យ​អ្នក​ជិតខាង​ជួយ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ។ បន្ទាប់​មក​ក៏​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ពោធិ៍​ចិន​តុង ដើម្បី​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ​ដែរ ប៉ុ​ន្ត​ពេល​ទៅ​ដល់​បាន​មួយសន្ទុះ​គ្រូពេទ្យ​បាន​ប្រាប់​ថា ប្អូនប្រុស​គាត់​រូប​នេះ​ស្លាប់​បាត់​ទៅ​ហើយ ។ ទើប​ដឹក​សព​ត្រឡប់​ទៅ​ផ្ទះ​វិញ ហើយ​រហូត​ដល់​វេលា​ល្ងាច​ថ្ងៃ​ដដែល​ក៏​បាន​រាយការណ៍​ជូន​ដល់​នគរបាល និង​អាជ្ញាធរ​មូលដ្ឋាន​បានដឹង និង​ពិនិត្យ​មើល​ជាក់ស្ដែង​អំពី​ការ​ស្លាប់​ដ៏​គួរ​ឲ្យ​សោកស្ដាយ​នៃ​ប្អូនប្រុស​គាត់​ម្នាក់​នេះ ។

ក្រោយ​ពី​ទទួល​បាន​ដំណឹង​នោះ​ភ្លាម នគរបាល​ប៉ុស្តិ៍​កា​កាប​២ បាន​រាយការណ៍​បន្ត​ទៅ​កាន់​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​នគរបាល​ការិយាល័យ​បច្ចេកទេស​នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ​ដើម្បី​ពិនិត្យ​កោសល្យ​វិ​ច្ច័​យ ហើយ​ជា​លទ្ធផល​ឃើញ​ថា ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​ចរន្តអគ្គិសនី​ឆក់​មែន ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ