រាជធានីភ្នំពេញ ៖ បុរស០៤នាក់ត្រូវបានកម្លាំងសន្តិសុខនិងតំណាងរោងចក្រកាត់ដេរយ៉ាកជីងធ្វើការឃាត់ខ្លួនបានប្រគល់ឱ្យប៉ូលិសធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការ បន្ទាប់ពីពួកគេដាក់ជណ្តើរផ្លោះរបងចូលទៅក្នុងរោងចក្រខាងលើលួចយកខោអាវចេញពីក្នុងឃ្លាំងរោងចក្រនោះសរុបទាំងអស់មានអាវចំនួន១៨៥៦អាវ និងខោមានចំនួន១៦០ខោ។ ហេតុការណ៏នោះបានកើតឡើងនៅវេលាម៉ោង១២យប់រំលងអធ្រាត ឈានចូលថ្ងៃទី៤ មីនា ២០១៤ នៅក្នុងរោងចក្រកាត់ដេរយ៉ាកជីង ស្ថិតក្នុងភូមិតាសេក សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ ។
ជនសង្ស័យទាំង០៤នាក់ខាងលើមាន ទី១-ឈ្មោះជា ហ៊ាង អាយុ៤១ឆ្នាំ ស្នាក់នៅសង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ ,ទី២-ឈ្មោះម៉ាក វីរៈ អាយុ៣៥ឆ្នាំ មានទីលំនៅក្នុងភូមិព្រែក ឃុំក្រាំងធ្នង់ ស្រុកសំរោង ខេត្តកណ្តាល ,ទី៣-ឈ្មោះ ឡាង គឹមលីម អាយុ២៨ឆ្នាំ មានទីលំនៅភូមិត្រកៀត ឃុំចំប៉ី ស្រុកបាទីខេត្តតាកែវ និងទី៤-ឈ្មោះតាំង ស៊ីដេត អាយុ៣៥ឆ្នាំ ស្នាក់នៅភូមិថ្មី ឃុំថ្មី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ ចំណែកឯអ្នកចេញមុខប្តឹងនិងឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ឱ្យប៉ូលិសនោះឈ្មោះលី អ៊ឹងក្យុង ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិកូរ៉េ ជាតំណាងរោងចក្រខាងលើ ។
ប្រភពព័ត៌មានបានឱ្យដឹងថា អាវដែលពួកគេលួចមានចំនួន១៨៥៦អាវនិងខោ១៦០ខោ ។ មុនពេលកើតហេតុជនសង្ស័យទាំងនោះបានបបួលគ្នាផឹកស៊ីជាមួយនឹងសន្តិសុខយាមរោងចក្រខាងលើ និងបានបបួលឱ្យសន្តិសុខចូលរួមក្នុងសកម្មភាពលួចខោអាវក្នុងរោងចក្រនោះ ប៉ុន្តែសន្តិសុខមិនព្រមចូលដៃឡើយ ។ លុះមកដល់វេលាកើតហេតុក្រុមជនសង្ស័យក៏បានដាក់ជណ្តើរឡើងផ្លោះរបងចូលទៅក្នុងរោងចក្រធ្វើសកម្មភាពលួចយកខោអាវចេញពីក្នុងឃ្លាំង ហើយត្រូវបានសន្តិសុខប្រទះឃើញក៏បានរាយការណ៏ទៅតំណាងរោងចក្រជនជាតិកូរ៉េ សហការគ្នាឃាត់ខ្លួនជនសង្ស័យទាំង៤នាក់បានតែម្តង។
ក្រោយពីឃាត់ខ្លួនជនសង្ស័យទាំង០៤នាក់ ត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ