ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំណាយ​នៅ​ប្រាសាទបន្ទាយក្ដី​ឃើញ​អ្វីខ្លះ ?

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប​៖ កំណាយ​ស្រាវជ្រាវ​បុរាណវិទ្យា​នៅ​ប្រាសាទបន្ទាយក្តី បាន​ចាប់ផ្តើម​ឡើង​នៅ​ថ្ងៃ​ទី​១០ និង​បញ្ចប់​នៅ​ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០១៩ ក្រោម​កិច្ចសហការ​រវាង​អាជ្ញាធរ​ជាតិ​អប្សរា​ជាមួយ​សាកលវិទ្យាល័យ​សូ​ហ្វី​ុ​យ៉ា​ប្រទេស​ជប៉ុន និង​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ ដើម្បី​ដឹង​អំពី​កា​រវិ​វ​ឌ្ឍ​នៃ​រចនាសម្ព័ន្ធ និង​ការ​ទាក់ទង​របស់​សំណង…

ខេត្តសៀមរាប​៖ កំណាយ​ស្រាវជ្រាវ​បុរាណវិទ្យា​នៅ​ប្រាសាទបន្ទាយក្តី បាន​ចាប់ផ្តើម​ឡើង​នៅ​ថ្ងៃ​ទី​១០ និង​បញ្ចប់​នៅ​ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០១៩ ក្រោម​កិច្ចសហការ​រវាង​អាជ្ញាធរ​ជាតិ​អប្សរា​ជាមួយ​សាកលវិទ្យាល័យ​សូ​ហ្វី​ុ​យ៉ា​ប្រទេស​ជប៉ុន និង​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ ដើម្បី​ដឹង​អំពី​កា​រវិ​វ​ឌ្ឍ​នៃ​រចនាសម្ព័ន្ធ និង​ការ​ទាក់ទង​របស់​សំណង ់នីមួយ​ៗ ព្រមទាំង​ការ​បណ្ដុះបណ្ដាល​ដល់​និស្សិត​មហាវិទ្យាល័យ​បុរាណវិទ្យា និង​ស្ថាបត្យកម្ម ក្នុង​កម្មវិធី​បណ្ដុះបណ្ដាល​របស់​សាកលវិទ្យាល័យ​សូ​ហ្វី​ុ​យ៉ា ។

ផេ​ក​ហ្វេ​ស​ប៊ុ​ក​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈក​កាលពី​ថ្ងៃ​ទី​២៣ សីហា ២០១៩​ផ្សាយ​ថា​លោក​ញឹ​ម សុធា​វិន្ទ អ្នក​ស្រាវជ្រាវ​នៃ​សាកលវិទ្យាល័យ​សូ​ហ្វី​ុ​យ៉ា​ប្រទេស​ជប៉ុន បានឱ្យ​ដឹង​ថា នៅ​ឆ្នាំ​២០១៩ បាន​ធ្វើ​កំណាយ​នៅ​ទីតាំង​នៃ​សំណង់​មួយ​ហៅ​ថា «​ខឿន​ព្រះពុទ្ធ​សាសនា​» ក្នុង​គោលបំណង​ចង់​បញ្ជាក់​បន្ថែម​លើ​កំណាយ​កាលពី​ឆ្នាំ​១៩៩៥ និង​១៩៩៦ ដែល​បាន​ធ្វើ​នៅ​ផ្នែក​ខាងលិច​នៃ​ខឿន​ព្រះពុទ្ធ​សាសនា​នេះ ។ កាលនោះ​បាន​ប្រទះ​ឃើញ​កោដ្ឋ​ដាក់​ឆ្អឹង​ខ្លះ​ដែល​ជា​ភាជន៍​ចិន​ផលិត​ក្នុង​រវាង​ស​.​វ​ទី​១៦ និង​១៧​។ លើក​នេះ​យើង​បើក​រណ្ដៅ​ធ្វើ​កំណាយ​នៅ​ផ្នែក​ខាងកើត​ដើម្បី​ចង់​ដឹង​ថា តើ​មាន​កោដ្ឋ​ដែល​គេ​យក​មក​បញ្ចុះ​នៅ​ទីតាំង​ខឿន​ព្រះពុទ្ធ​សាសនា​នេះ​ទៀត​ដែរ​ឬទេ ? ហើយ​ក៏​ចង់​ឈ្វេងយល់​អំពី​ការ​ទាក់ទង​នៃ​រចនា​សម្ពន្ធ​របស់​ខឿន​ព្រះពុទ្ធ​សាសនា និង​សំណង់​ថ្មបាយក្រៀម (​យើង​ឱ្យឈ្មោះ​ថា C19) រួម​ទាំង​សំណង់​មួយទៀត​ដែល​យើង​មិន​ទាន់​ដឹង​អំពី​តួនាទី​ពិតប្រាកដ​។ ថ្វី​ដ្បិត​យើង​មិន​អាច​កំណត់​កាលបរិច្ឆេទ​នៃ​សំណង់ C19 ក្ដី ប៉ុន្តែ​យើង​យល់​ថា វា​សាង​មុន​ខឿន​ព្រះពុទ្ធ​សាសនា នេះ​បើ​ពិនិត្យ​មើល​លើ​ស្ថានភាព​គ្រឹះ​នៃ​សំណង់​ដែល​យើង​ធ្វើ​កំណាយ​ឃើញ ។ យើង​នឹង​ធ្វើ​កំណាយ​បញ្ជាក់​ម្ដងទៀត​នៅ​ឆ្នាំ​ក្រោយ ដើម្បី​ឈ្វេងយល់​លម្អិត​អំពី​រចនាសម្ព័ន្ធ​របស់​សំណង់​ទាំង​ពីរ​នេះ ។

លោក​ញឹ​ម សុធា​វិន្ទ បញ្ជាក់​ថា កំណាយ​លើក​នេះ យើង​បាន​ប្រទះ​ឃើញ​កោដ្ឋ​ចំនួន​៣ ចាន​ដាក់​ឆ្អឹង​ចំនួន​៣ និង​ដប​ដាក់​ទឹក​ចំនួន​៤ (​បើ​ពង្រីក​រណ្ដៅ​កំណាយ​អាច​មាន​ច្រើន​ទៀត​) ដែល​គេ​យក​មក​បញ្ចុះ​នៅ​ទីតាំង​នៃ​ខឿន​ព្រះពុទ្ធ​សាសនា​នេះ ។ បើ​ពិនិត្យ​លើ​ការ​បញ្ចុះ​ដោយ​មាន​ដាក់​ដប​ទឹក និង​ប្រភេទ​កោដ្ឋ គឺជា​របស់​ថ្មី​ទេ អាច​ក្នុង​អំឡុង​៤០​ទៅ​៦០​ឆ្នាំ​ប៉ុណ្ណោះ ។

យោង​តាម​អ្នក​ភូមិ​រហាល ពួក​គាត់​ថា​នៅ​ក្នុង​ទស​វត្ស​ឆ្នាំ​១៩៨០ មាន​អ្នក​ភូមិ​រហាល និង​ស្រះស្រង់ (​ភូមិ​នៅ​ក្បែរ​ប្រាសាទ​) បាន​យក​កោដ្ឋ​មក​បញ្ចុះ​នៅ​ទី​នេះ ខ្លះ​យក​ទៅ​បញ្ចុះ​នៅ​អង្គរវត្ត ។ កាលពី​ទស​វត្ស​ឆ្នាំ​១៩៧០ ពេល​ដែល​មានការ​ទម្លាក់​គ្រាប់បែក​ខ្លាំង អ្នក​ភូមិ​នៅ​ក្បែរ​បន្ទាយក្ដី​ក៏​បាន​នាំ​គ្នា​មក​រស់នៅ​ក្នុង​បរិវេណ​ប្រាសាទ​នេះ​ច្រើន ដើម្បី​សុវត្ថិភាព​។ ពេល​នោះ​ក៏​មាន​គេ​យក​កោដ្ឋ​សាច់ញាតិ​មក​បញ្ចុះ​នៅ​ជុំវិញ​ខឿន​ព្រះ​ព្រះពុទ្ធ​សាសនា​នេះ​ដែរ ។ រហូត​ដល់​សព្វថ្ងៃ ពេល​ចូល​ឆ្នាំ​ខ្មែរ និង​មុន​ភ្ជុំបិណ្ឌ អ្នក​ភូមិ​តែងតែ​រៀបចំ​ពិធី​នៅ​ទី​នេះ ដើម្បី​រំឭក​ដល់​សាច់ញាតិ​ដែល​បាន​ចែក​ស្ថាន​ទៅ ។ ក្រុមការងារ​ក៏​នឹង​ស្រាវជ្រាវ​បន្ត​រក​សាច់ញាតិ​ដែល​បាន​យក​កោដ្ឋ​បញ្ចុះ​នៅ​ទីតាំង​នេះ ដើម្បី​ដឹង​ព័ត៌មាន​លម្អិត​ក្រោយ​ចប់​កំណាយ ។

ក្នុង​រយៈពេល​ជិត​៣០​ឆ្នាំ​នេះ យើង​បាន​យល់​អំពី​កា​រវិ​វ​ឌ្ឍ និង​សម័យកាល​របស់​រចនាសម្ព័ន្ធ​នៃ​សំណង់ នីមួយ​ៗ ។ ទោះបី​សំណង់​នៃ​ប្រាសាទបន្ទាយក្ដី​បាន​សាង​ឡើង​នៅ​ក្នុង​រាជ្យ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ នា​ចុង​ស​.​វ​ទី​១២​ក្ដី ប៉ុន្តែ​យើង​បាន​រក​ឃើញ​រចនាសម្ព័ន្ធ​នៃ​សំណង់​ខ្លះ​នៅ​ស​.​វ​ទី​១០ និង​ទី​១១​ដែរ ។

បើ​យោង​តាម​សិលាចារឹក​ស្ដុក​កក់​ធំ (K.235) ចារ​នៅ​ក្នុង​ឆ្នាំ​១០៥១​គ​.​ស ទីតាំង​នៃ​ប្រាសាទ​នេះ​មាន​មនុស្ស​មក​តាំងទី​បង្កើត​ជា​ភូមិ ស្រុក​នៅ​ដើម​ស​.​វ​ទី​៩ ដែល​សូ​ម្បី​តែ​ឈ្មោះ​នៃ​ប្រាសាទ​នេះ “​ក្ដី​” ក៏​មាន​ចារ​នៅ​ក្នុង​សិលាចារឹក​ស្ដុក​កក់​ធំ និង​សិលាចារឹក​ប្រាសាទ​បាត​ជុំ (K.266) ដែរ ។ ក្រៅពី​នេះ​យើង​ក៏​បាន​ធ្វើ​កំណាយ​រក​ឃើញ​វត្ថុ​សិល្បៈ​ជា​ច្រើន​នៅ​ក្នុង​បរិវេណ​បន្ទាយក្ដី ជា​ពិសេស​នៅ​ឆ្នាំ​២០០០​និង​២០០១ យើង​បាន​ធ្វើ​កំណាយ​រក​ឃើញ​ប្រតិមា​ព្រះ​ពុទ្ធរូប​ចំនួន​២៧៤​បំណែក ហើយ​នៅ​ឆ្នាំ​២០១០ រក​ឃើញ​ចំនួន​៦​បំណែក​ទៀត ដែល​សព្វថ្ងៃ​ប្រតិមា​ទាំងនោះ​ដាក់​តាំងនៅ​សារមន្ទីរ​ព្រះ​នរោត្តម សីហ​នុ​-​អង្គរ ៕ កែសម្រួលដោយ ៖សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ