ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុស្ស៊ី​កំពុង​បង្កើន​ការ​រួម​រិត​លើ​គ្រី​មេ​ ទោះ​មាន​ការ​គំរាម​នានា​របស់​អាមេរិក​ និង​សហ​ភាពអឺរ៉ុប​ក៏​ដោយ​

11 ឆ្នាំ មុន

ប្រទេស​រុស្ស៊ី​កាល​ពី​ថ្ងៃទី​៣​ មីនា បាន​បង្កើន​ថែម​ទៀត​ការ​រួម​រិត​របស់​ខ្លួន​លើ​តំបន់​គ្រី​មេ​ជា​តំបន់​ស្វយ័ត​របស់​អ៊ុយ​ក្រែន​ ដែល​កង​កម្លាំង​រុស្ស៊ី​ត្រួត​ត្រា​ចាប់​ពី​ចុង​សប្តាហ៍​កន្លង​មក​នេះ​ ខណៈ​រដ្ឋាភិបាល​ថ្មី​ស្និទ្ធ​លោក​ខាង​លិច​នៅ​ទី​ក្រុង​គៀវ​ សន្យា​ដាច់​ខាត​មិន​បោះ​បង់​ចោល​តំបន់​នោះ ។​ សភាព​ការណ៍​កាន់​តែ​តាន​តឹង​​ខ្លាំង​ថែម​ទៀត​នៅ​អ៊ុយ​ក្រែន​ ដោយ​កាល​ពី​យប់​ថ្ងៃទី​៣ មីនា​ ក្រុម​​ប្រឹក្សា​សន្តិ​

ប្រទេស​រុស្ស៊ី​កាល​ពី​ថ្ងៃទី​៣​ មីនា បាន​បង្កើន​ថែម​ទៀត​ការ​រួម​រិត​របស់​ខ្លួន​លើ​តំបន់​គ្រី​មេ​ជា​តំបន់​ស្វយ័ត​របស់​អ៊ុយ​ក្រែន​ ដែល​កង​កម្លាំង​រុស្ស៊ី​ត្រួត​ត្រា​ចាប់​ពី​ចុង​សប្តាហ៍​កន្លង​មក​នេះ​ ខណៈ​រដ្ឋាភិបាល​ថ្មី​ស្និទ្ធ​លោក​ខាង​លិច​នៅ​ទី​ក្រុង​គៀវ​ សន្យា​ដាច់​ខាត​មិន​បោះ​បង់​ចោល​តំបន់​នោះ ។​ សភាព​ការណ៍​កាន់​តែ​តាន​តឹង​​ខ្លាំង​ថែម​ទៀត​នៅ​អ៊ុយ​ក្រែន​ ដោយ​កាល​ពី​យប់​ថ្ងៃទី​៣ មីនា​ ក្រុម​​ប្រឹក្សា​សន្តិ​សុខ អ.ស.ប​ បាន​រួម​ប្រជុំ​ជា​លើក​ទី​៣ ស្តី​ពី​អ៊ុយ​ក្រែន​រយៈ​ពេល​តែ​ប៉ុន្មាន​ថ្ងៃ។​

កិច្ច​ប្រជុំ​បន្ទាន់​មួ​យត្រូវបានសម្រេច​ធ្វើ​នៅ​នាទី​ចុង​ក្រោយ​ ខណៈ​ដែល​ក្រុង​គៀវ​ចោទប្រកាន់​​រុស្ស៊ីថា​ ដាក់​ឱសាន​វាទ​មួយ​ចំពោះ​ខ្លួន​នៅ​គ្រី​មេ​ ត្រួត​ត្រាដោយ​កង​កុំម៉ង់​ដូ​ប្រដាប់​អាវុធ ។​ យោង​តាមអ្នក​ទទួល​ខុស​ត្រូវ​ម្នាក់​របស់​ក្រសួង​ការពារ​ប្រទេស​អ៊ុយ​ក្រែន​ថា ច្បាស់​បំផុត​កង​នាវា​ចរណ៍​សមុទ្រ​​ខាង​ជើង​របស់​រុស្ស៊ីបាន​តម្រូវ​ឱ្យ​កង​ទ័ព​អ៊ុយ​ក្រែន​មានវត្ត​មាន​នៅ​គ្រី​មេ​ដាក់​អាវុធ​ចុះមុន​ម៉ោង​៥​ព្រឹក​ថ្ងៃទី​៤ មីនា ។

អ្នក​ទទួលខុស​ត្រូវ​រូប​នេះ​លោក​វ៉្លាឌី​ស្លាវ​សឺ​ឡេស​ណេវ​ និយាយ​ថា​ ឱសាន​វាទ​នោះគឺ​ឱ្យ​ទទួល​ស្គាល់​អាជ្ញា​ថ្មី​ស្និទ្ធ​រុស្ស៊ី​នៅ​គ្រី​មេ​ ដាក់​អាវុធ​ចុះ​ ហើយ​ចាកចេញ​ ឬ​មួ​យត្រៀម​រង់ចាំ​ការ​វាយ​លុក​មួយ ។​ ក្រសួង​ការពារប្រទេស​រុស្ស៊ី​ពុំ​បាន​អះ​អាង​ពី​ព័ត៌​មាន​នេះ​រាយ​ការណ៍​ដោយ​ INTERFAX ឡើយ ។​ ទោះ​បី​មាន​ព័ត៌​មាន​ច្របូក​ច្របល់​នៅ​គ្រី​មេ​ក៏​ដោយ ក៏​វា​ពិត​ដោយ​តាម​តំណាង​របស់​អ៊ុយ​ក្រែន​ប្រចាំ​អ.ស.ប​ លោក​អុីអ៊ូរី​ស័រ​ហ្គេយ​អុី​យេវ ថា​ ចាប់​តាំងពី​ថ្ងៃទី​២៤ កុម្ភៈ​មក​ ទាហាន​រុស្ស៊ី​ប្រមាណ​ជា​១៦.០០០​នាក់​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​គ្រី​មេ​ តាម​រយៈ​បណ្តា​នាវា​ចម្បាំង​ និង​ឧទ្ធម្ភា​គចក្រ​ដឹកជញ្ជូន​មក​ពី​ដែន​ដី​រុស្ស៊ី ។​

កងទ័ព​រុស្ស៊ី​មាន​មូលដ្ឋាន​នៅ​ទីក្រុង​សេបាស្តូ​ប៉ូល​ ទ្រទ្រង់​ដោយ​បណ្តាកង​ឯក​ភាព​មក​ពី​រុស្ស៊ី​កាល​ពី​ចុង​សប្តាហ៍​កន្លង​មក​នេះ​បាន​ត្រួត​ត្រា​ចំណុច​យុទ្ធសាស្ត្រ​ទាំង​ឡាយ​របស់​គ្រី​មេ​ជា​សាធារណរដ្ឋ​ស្វយ័ត​អ៊ុយ​ក្រែនមួយ​ ។​ប្រធានា​ធិបតី​ស្តី​ទី​អ៊ុយ​ក្រែន​ លោកអូឡេក​​សាន់​ឌ័រ​តួកឈី​ណូវ​ អះ​អាង​ថា​ វត្ត​មាន​យោធា​រុស្ស៊ី​បន្ត​បង្កើន​ក្នុង​តំបន់​គ្រី​មេ ហើយ​បាន​ស្នើដល់​ក្រុង​មូស្គូ​ឱ្យ​បញ្ចប់​ការ​ឈ្លាន​ពាន​របស់​ខ្លួន ។​កង​នាវា​ចរណ៍​​សមុទ្រ​ខាង​ជើង​រុស្ស៊ី​បាន​បដិ​សេធ​ថា ពុំ​បាន​ដាក់​ឱសាន​វាទ​មួយ​ដល់​កង​ទ័ព​អ៊ុយ​ក្រែន​នៅ​គ្រី​មេ​ ដូចការ​អះ​អាង​នា​ពេល​មុន​ ដោយ​ប្រភព​ជិត​ដិត​នឹង​ក្រសួង​ការពារ​ប្រទេស​អ៊ុយ​ក្រែន​ឡើយ​ ។ អ៊ុយ​ក្រែន​ក៏​រាយ​ការណ៍ដែរ​ពី​ចលនារបស់​កង​នាវា​ចម្បាំង​រុស្ស៊ី​នៅ​ជុំវិញ​កំពង់​ផែ​សេបា​ស្តូ​ប៉ូល ។ នៅ​ PEREVALNE ចន្លោះ​ក្រុង​ស៊ីម​ហ្វេ​រ៉ូប៉ូល​ រដ្ឋ​ធានី​គ្រី​មេ​ និង​សមុទ្រ​ខ្មៅ​ កង​ទាហាន​រុស្ស៊ី​បាន​ឡោម​ព័ទ្ធ​មូល​ដ្ឋាន​យោធា​ពីរ​របស់​កង​ទ័ព​អ៊ុយ​ក្រែន ។​

នៅ​ភាគខាង​កើត​អ៊ុយ​ក្រែន​ ជា​តំបន់​និយាយ​ភាសា​រុស្ស៊ី​មួយ​ទៀត​ ពួក​អ្នក​គាំទ្រ​វិមាន​ក្រឹម​ឡាំង​បាន​លើក​ទង់​ជាតិ​រុស្ស៊ី ហើយ​លុក​ចូល​ត្រួត​ត្រា​វិមាន​រដ្ឋាភិបាល​តំបន់​នៅ​ DONETSK ដោយ​នាំ​គ្នាស្រែក​ពាក្យ​ថា «ពូទីន​ មក​ហើយ!​ ពូទីន​ មក​ហើយ​!»​ ។​ ទន្ទឹម​នឹង​នេះដែរ​ ប្រធានា​ធិបតី​រុស្ស៊ី​លោក​ពូទីន​ បាន​មក​ពិនិត្យ​សម​យុទ្ធ​យោធា​ដែល​រៀបចំ​ធ្វើ​នៅ​ភាគពាយ័ព្យ​រុស្ស៊ី ។​ ប្រមុខ​វិមាន​ក្រឹម​ឡាំង​បានចេញ​បញ្ជា​ឱ្យ​ធ្វើ​សម​យុទ្ធ​នេះ​ដើម្បី​ត្រួត​ពិនិត្យ​សមត្ថភាព​ ប្រតិបត្តិ​ការ​របស​កង​ទ័ព​រុស្ស៊ី​នៅ​ភាគ​កណ្តាល និង​ភាគខាង​លិច​ប្រទេស ៕​