តាមការឱ្យដឹងពីគេហទំព័របរទេសមួយផ្សាយថា ក្រុមហ៊ុនផលិតរថយន្តជប៉ុនយីហោNissan កំពុងរៀបចំឡើងវិញនូវសមត្ថភាពផលិតកម្មរបស់ខ្លួននៅសហរដ្ឋអាមេរិកដើម្បីកាត់បន្ថយតម្រូវការសម្រាប់នាំចូលក្នុងទីផ្សារធំបំផុតទី២លើពិភពលោកមួយនេះ ។
លោកFred Diaz អ្នកគ្រប់គ្រងទីផ្សារលក់របស់Nissan នៅអាមេរិកបានថ្លែងប្រាប់សារព័ត៌មានឱ្យដឹងថា ក្រុមហ៊ុនមានទិសដៅផលិតឱ្យបាន៨៥%នៃបរិមាណលក់នៅសហរដ្ឋអាមេរិករបស់ខ្លួននៅក្នុងប្រទេសនាអំឡុងពេលដ៏ខ្លីខាងមុខនេះ ។
លើសពីនេះលោកបានស្នើឱ្យNissan ចាប់ផ្ដើមបង្កើនការវិនិយោគលើផលិតកម្មនៅក្នុងតំបន់អាមេរិកខាងជើងនាអំឡុងពេលនៃការធ្លាក់ចុះថ្មីៗនេះដោយចំណាយទុនប្រហែល៥ពាន់លានដុល្លារដើម្បីពង្រីកផលិតកម្មនៅក្នុងសហរដ្ឋអាមេរិកនិងប្រទេសមិុកសិុក ។ ចំណែកយុទ្ធសាស្ត្រនេះបានបន្ថែមការងារដល់ពលរដ្ឋ៨.០០០នាក់ ក្នុងរយៈពេល៥ឆ្នាំ ដែលបានបង្កើននូវសមត្ថភាពផលិត២២% និងបង្កើនការនាំចេញបាន១០០.០០០គ្រឿង ។
ការផ្លាស់ប្ដូរឥរិយាបថផលិតកម្មនេះត្រូវបានគេវាយតម្លៃថាជាផ្នែកមួយនៃយុទ្ធសាស្ត្រពង្រីកគោលដៅនៃការធ្វើឱ្យប្រសើរឡើងនូវកិត្តិនាមរបស់ក្រុមហ៊ុនផលិតរថយន្តមួយនេះដល់បណ្ដាអ្នកទិញនិងពាណិជ្ជករជាច្រើន ។ ជាមួយគ្នានឹងការផ្លាស់ប្ដូរសមត្ថភាពនៅក្នុងការផលិតក្រុមហ៊ុនNissan ក៏នឹងយកចិត្តទុកដាក់លើការរចនាម៉ូដសាជាថ្មីនៃម៉ូដែលមួយចំនួនផងដែរដើម្បីជួយជ្រោមជ្រែងដល់ការកើនឡើងនៃទីផ្សារហ៊ុននៅក្នុងសហរដ្ឋអាមេរិកនិងបរទេសជាដើម ។ ម្យ៉ាងទៀតម៉ូដែលMaxima និងTitan ស៊េរីថ្មីត្រូវបានគេរំពឹងថានឹងបង្ហាញវត្តមាននៅឆ្នាំក្រោយខណៈពេលម៉ូដែលRogue និងMuranoនឹងមានលក់ក្នុងពេលឆាប់ៗនេះ ៕
ចែករំលែកព័តមាននេះ