ប្រភពព័ត៌មានសន្តិសុខរាយការណ៍កាលពីថ្ងៃទី៣ មីនា ថា ជនសកម្មប្រយុទ្ធអាល់កៃដាប្រមាណជា៥២នាក់ ក្នុងនោះមានមេដឹកនាំក្រុមម្នាក់ផង បានត្រូវស្លាប់ក្នុងការប៉ះទង្គិចគ្នានានានៅទីក្រុងរ៉ាម៉ាឌី ទីប្រជុំជនខេត្តអានបា ប្រទេសអុីរ៉ាក់ ខណៈមនុស្ស១១នាក់ស្លាប់ និង១០នាក់ទៀតត្រូវរបួសក្នុងអំពើហិង្សាផ្សេងៗនៅទូទាំងប្រទេស ។ នេះជាសេចក្តីរាយការណ៍ កាលពីថ្ងៃទី៣ មីនា របស់ប្រភពព័ត៌មានសន្តិសុខ ។
យោងតាមសេចក្តីប្រកាសមួយចេញផ្សាយដោយភ្នាក់ងារប្រឆាំងភេរវកម្មថា កងកម្លាំងសន្តិសុខអុីរ៉ាក់ បានធ្វើប្រតិបត្តិការមួយដោយក្នុងអំឡុងពេលនោះ បានប៉ះទង្គិចគ្នាជាមួយពួកជនប្រដាប់អាវុធមានទំនាក់ទំនងជាមួយអាល់កៃដានៅតាមផ្នែកជាច្រើននៃទីក្រុងរ៉ាម៉ាឌី ស្ថិតនៅចម្ងាយប្រមាណជា១០០គ.ម ខាងលិចក្រុងបាដាដដោយសម្លាប់ពួកជនសកម្មប្រយុទ្ធ៥២នាក់ ក្នុងនោះមានជនឈ្មោះ អាប៊ូ បាគ័រ អាល់អានបាវី ជាអ្នកទទួលខុសត្រូវម្នាក់របស់អាល់កៃដាក្នុងខេត្តនោះផង ។
ក្នុងឧប្បត្តិហេតុមួយទៀត គ្រាប់កំាភ្លើងត្បាល់ត្រូវបានបាញ់ដាក់ទីក្រុង នូអាស៊ី មីយ៉ាហ៍ ភាគខាងត្បូងទីក្រុងហ្វាល់លូចា ស្ថិតនៅចម្ងាយប្រមាណជា៥០គីឡូម៉ែត្រ ខាងលិចក្រុងបាដាដ ដោយបំផ្លាញផ្ទះ១ខ្នង ហើយសម្លាប់មនុស្ស៤នាក់ និងធ្វើឱ្យរបួស៣នាក់ទៀត ។ ចំណែកគ្រាប់បែកច្នៃមួយគ្រាប់ បានផ្ទុះក្នុងហាងមួយនៅទីក្រុង Heet ស្ថិតនៅចម្ងាយ ១៦០គីឡូម៉ែត្រ ពីក្រុងបាដាដ ដោយសម្លាប់ម្ចាស់ហាងនោះ ៕
ចែករំលែកព័តមាននេះ