អង្គការអូតង់ កាលពីថ្ងៃទី២ មីនា បានស្នើឱ្យដាក់ពង្រាយពួកអ្នកសង្កេតការណ៍អន្តរជាតិនៅអ៊ុយក្រែន ដើម្បីដោះស្រាយវិបត្តិដោយសន្តិវិធី ហើយអំពាវនាវដល់រុស្ស៊ីឱ្យដកកងទ័ពរបស់ខ្លួន ដោយទុកទ្វារចំហចំពោះការចរចាជាមួយក្រុងមូស្គូ ។ អគ្គលេខាធិការអូតង់លោក Anders Fogh Rasmussen ថ្លែងថា យើងអំពាវនាវដល់ភាគីទាំង២ឱ្យស្វែងរកជាបន្ទាន់នូវដំណោះស្រាយដោយសន្តិវិធី មួយតាមរយៈការចរចា និងស្នើដាក់ពង្រាយពួកអ្នកសង្កេតការណ៍អន្តរជាតិ ក្រោមការជួយជ្រោមជ្រែងរបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប និងរបស់អង្គការដើម្បីកិច្ចសហប្រតិបត្តិការ និងសន្តិសុខនៅអឺរ៉ុប OSCE ។ លោកអះអាងបែបនេះបន្ទាប់ពីចូលរួមក្នុងកិច្ចប្រជុំបន្ទាន់រយៈពេលជិត៨ម៉ោងមួយរបស់ឯកអគ្គរដ្ឋទូតនៃប្រទេសទាំង២៨ ជាសមាជិកអូតង់ ។
ចំណែកប្រទេសអាល្លឺម៉ង់វិញប្រកាសថា ប្រធានាធិបតីរុស្ស៊ី លោក ពូទីន បានយល់ស្របតាមសំណើមួយរបស់លោកស្រីអធិការបតី អេនហ្សឺឡា ម័រកែល ក្នុងការបង្កើតបេសកកម្មស៊ើបអង្កេតមួយ និងក្រុមប្រាស្រ័យទាក់ទងមួយ ដើម្បីចាប់ផ្តើមការចរចានយោបាយមួយស្តីពីអ៊ុយក្រែន ។ គួររំលឹកថា កាលពីឆ្នាំ២០០៨ ទោះបីមានការបញ្ចេញប្រតិកម្មយ៉ាងស្រុះគ្នាក៏ដោយ ក៏ពួកលោកខាងលិចពុំអាចរារាំងរុស្ស៊ីមិនឱ្យធ្វើសង្គ្រាមផ្លេកបន្ទោរមួយនៅហ្ស៊កហ្ស៊ីដែលខ្លួនទទួលស្គាល់ឯករាជ្យរបស់តំបន់ហ្ស៊កហ្ស៊ីចំនួន២ ស្និទ្ធរុស្ស៊ី គឺតំបន់អូសេទីខាងត្បូង និងតំបន់អាប់ខាហ្ស៊ី ឡើយ ៕
ចែករំលែកព័តមាននេះ