នាយករដ្ឋមន្ដ្រីថ្មីអេហ្ស៊ីប លោកអីុប្រាហ៊ីម ម៉ាហ៍ឡាប កាលពីថ្ងៃទី២ មីនា បានអំពាវនាវដល់ពលរដ្ឋអេហ្សុីបឱ្យបញ្ឈប់ការធ្វើកូដកម្មនិងបាតុកម្ម ។ ក្នុងសុន្ទរកថាមួយតាមទូរទស្សន៍ នាយករដ្ឋមន្ដ្រីរូបនេះថ្លែងថា ខ្ញុំយល់ពីសម្ពាធលើអាយុជីវិត និងលក្ខខណ្ឌជីវភាពរស់នៅដែលមានការលំបាកលំបិន ។ ខ្ញុំទទួលស្គាល់ថា សំណើជាច្រើនត្រូវការនូវចម្លើយតបដោយឆាប់រហ័សមួយ ហើយសំណើទាំងនោះនឹងត្រូវពិនិត្យដោយល្អិតល្អន់ ។
ការសុំលាលែងពីតំណែងរបស់អតីតនាយករដ្ឋមន្ដ្រីលោក ហាសេម អាល់បេបឡាវី ធ្វើឡើងក្រោយមានរលកនៃកូដកម្មមួយរបស់ពលករខាងផ្នែកដឹកជញ្ជូនរួមនឹងកម្មកររោងចក្រកាត់ដេរ ព្រមទាំងរបស់បុគ្គលិកសុខាភិបាល ដែលទាមទារឱ្យកែលម្អសេវាកម្មនិងដំឡើងប្រាក់បៀវត្ស ។ នាយករដ្ឋមន្ដ្រីរូបនេះបន្ដថា រដ្ឋាភិបាលថ្មី ក៏យល់ដែរពីបណ្ដាការប្រឈមបច្ចុប្បន្ន ហើយចង់ស្វែងរកអនាគតប្រសើរមួយ ។
លោកសន្យាតស៊ូប្រឆាំងភេរវកម្ម ស្ដារស្ថេរភាពឡើងវិញ និងស្ដារឱ្យមានរបៀបរៀបរយ នៅតាមដងវិថី ហើយការពារសិទ្ធិមនុស្ស ។ក្រោយការផ្ដួលរំលំប្រធានាធិបតីអ៊ិស្លាមនិយមលោកម៉ូហាម៉េដ ម័រស៊ី កាលពីខែកក្កដា ឆ្នាំ២០១៣កន្លងមក លក្ខខណ្ឌសន្ដិសុខធ្លាក់ចុះដុនដាបយ៉ាងខ្លាំង ពិសេសនៅឧបទ្វីបស៊ីណៃអីុ ដែលនៅទីនោះទាហានព្រមទាំងប៉ូលិសអេហ្សុីបជាច្រើននាក់ត្រូវបានស្លាប់ក្នុងការវាយប្រហារ នានា ៕
ចែករំលែកព័តមាននេះ