ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្បាញ​សំពត់​ស៊ឹង​នេះ​ហើយ​ធ្វើ​ឲ្យ​គ្រួសារ​គាត់​មាន​ជីវភាព​កាន់តែ​ប្រសើរ​ឡើង

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ដោយសារ​តែ​តម្បាញ​សំពត់​ស៊ឹង គួប​ផ្សំ និង​របរ​ស្រែ​ចម្ការ​ផង​ធ្វើ​គ្រួសារ​មួយ​រស់នៅ​ភូមិ​ព្រែក​សាលា ឃុំ​ទឹក​ហូត​ស្រុក​រលាប្អៀរ បាន​មាន​ជីវភាព​កាន់តែ​ប្រសើរ​ជាង​មុន ព្រោះ​ទទួល​បាន​ជោគជ័យ​មាន​អតិថិជន​គាំទ្រ​ជា​ច្រើន រហូត​តម្បាញ​អោយ​ម៉ូយ​មិន​ទាន់ និង​ឆ្លៀត​ត្បាញ​នៅ​ពេល​យប់​ទៀត…

ខេត្តកំពង់ឆ្នាំង ៖ ដោយសារ​តែ​តម្បាញ​សំពត់​ស៊ឹង គួប​ផ្សំ និង​របរ​ស្រែ​ចម្ការ​ផង​ធ្វើ​គ្រួសារ​មួយ​រស់នៅ​ភូមិ​ព្រែក​សាលា ឃុំ​ទឹក​ហូត​ស្រុក​រលាប្អៀរ បាន​មាន​ជីវភាព​កាន់តែ​ប្រសើរ​ជាង​មុន ព្រោះ​ទទួល​បាន​ជោគជ័យ​មាន​អតិថិជន​គាំទ្រ​ជា​ច្រើន រហូត​តម្បាញ​អោយ​ម៉ូយ​មិន​ទាន់ និង​ឆ្លៀត​ត្បាញ​នៅ​ពេល​យប់​ទៀត ដើម្បី​បំពេញតម្រូវការ​ទីផ្សារ ជា​ពិសេស​ក្នុង​ឱកាស​បុណ្យកាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​ដែល​ខិតចូល​មក​ដល់​នេះ ។

ជួប​ជាមួយ​ភ្នាក់ងារ​យើង​នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែសីហា​នេះ ស្ត្រី​ឈ្មោះ ចាន់​ណា​រិ​ន អាយុ​៣២​ឆ្នាំ ជា​ជន​ពិការ​ជើង​មួយ​ចំហៀង តាំងពី​អាយុ​៣​ឆ្នាំ បាន​រៀបរាប់​ឲ្យ​ដឹង​ថា ៖ ដោយសារ​តែ​ខ្លួន​គាត់​ជា​ជន​ពិការ​មិនដឹង​ទៅ​រកស៊ី​អ្វី​ដូច​គេ​បាន​ពេល​ធំ​ដឹងក្តី​គាត់​បាន​ទៅ​រៀន​ត្បាញសំពត់​ស៊ឹង នៅ​ឯ​ឃុំ​កោះដាច់ ស្រុក​មុខកំពូល ខេត្តកណ្ដាល ដោយ​ស្នាក់​នៅ​ជាមួយ​ផ្ទះ​ម្តាយធំ ។ បន្ទាប់​ពី​ចេះ​ចាំ​ស្ទាត់ជំនាញ​ហើយ​គាត់​ក៏​បាន​មក​រស់នៅ​ក្នុងភូមិ​ព្រែក​សាលា ជាមួយនឹង​ឪពុក​ម្ដាយ​វិញ ហើយ​ក៏​បាន​ចាប់​យកមុខ​របរ​ត្បាញសំពត់​ស៊ឹង​នេះ​ឡើង ដោយ​ពី​ដំបូង​មាន​ត្រឹមតែ​កី​មួយ​ប៉ុណ្ណោះ ក្រោយមក​ទៀត​បងប្អូន​គាត់​មាន​ចំនួន​៣​នាក់​ទៀត ក៏​ចាប់​មុខរបរ​ដូច​គ្នា​នេះ​ដែរ ដោយសារ​មាន​អតិថិជន​កាន់តែ​ច្រើន និង​មាន​តម្រូវការ​តែ​ខ្ពស់ ។

បច្ចុប្បន្ន​មាន​ម៉ូយ​មក​ពី​ខេត្តកណ្ដាល និង​ថ្មី​ៗ​នេះ​មាន​ពី​ខាង​បាត់ដំបង និង​ប៉ោយ​ប៉ែ​ត​ក៏​បាន​មក​កម្ម​ង់​ទិញ​ពី​គាត់​ដែរ ក្នុង​ម្នាក់​ចាប់ពី​៥០​ទៅ​១០០ សំពត់​ឡើង​ទៅ ឬ​ច្រើន​ជាង​នេះ មាន​ប៉ុណ្ណា​គេ​យក​ប៉ុណ្ណឹង ។ សព្វថ្ងៃ​គ្រួសារ​គាត់​មាន​កី​តម្បាញ​ចំនួន​៥​កី នៅ​ត្បាញ​អោយ​គេ​មិន​ទាន់​ទេ ហេតុនេះ​ហើយ​គ្រួសារ​គាត់​បាន​ឆ្លៀតពេល​ត្បាញ​យប់​បន្ថែម​ទៀត ។

ស្ត្រី​រូប​នោះ​បាន​បញ្ជាក់​ថា ក្នុង​សំពត់​ស៊ឹង​១​ក្បិន មាន​២​សំពត់ គាត់​លក់រាយ​ក្នុង​តម្លៃ ១៥​ដុល្លារ ឬ​ស្មើនឹង​៦​ម៉ឺន​រៀល មាន​ន័យ​ថា មួយ​សំពត់​ថ្លៃ ៣​ម៉ឺន​រៀល ។ យ៉ាងនេះ​ក្តី​ក្រៅពី​របរ​ត្បាញសំពត់​ស៊ឹង​គ្រួសារ​គាត់​នៅ​មានមុខ​របរ​ស្រែ​ចម្ការ​បន្ថែម​ទៀត​ដែរ និង​ជា​ចុង​ក្រោយ​គាត់​ចង់អោយ​ប្រជាពលរដ្ឋ​ចូលរួម​គាំទ្រ​ផលិតផល​ខ្មែរ​ដែល​ត្បាញ​ដោយ​ដៃ​ផ្ទាល់​នេះ​ផង ។

សូម​ម​បញ្ជាក់​ដែរ​ថា ៖ ក្នុង​កី​តម្បាញ​មួយ​ក្នុង​មួយ​ថ្ងៃ​បាន​តែ​១​សំពត់​១​ក្បិន (​មាន​២​សំពត់​) តែ​ប៉ុណ្ណោះ ប៉ុន្តែ​ក្នុង​កី​តម្បាញ​មួយ អាច​រក​ចំណូល​បាន​ពី​៣​ទៅ​៤​រយ​ដុល្លា​ក្នុង​១​ខែ ដែល​ចំណូល​នេះ​អាច​ច្រើន​ជាង​កម្មករ​តម្បាញ​តាម​រោងចក្រ ប៉ុន្តែ​មុខរបរ​មួយ​នេះ​អាច​នៅ​ជួបជុំ​គ្រួសារ និង​អាច​មើលថែរ​កូនចៅ​ឪពុក​ម្តាយ​ចាស់ជរា​បាន​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ