ខេត្តសៀមរាប ៖ បន្ទាប់ពីមានឧបទ្ទវហេតុដ៏រន្ធត់ផ្ទុះហ្គាស ក្នុងស្ថានីយនៅកណ្តាលក្រុងសៀមរាបបណ្តាលឱ្យមានអ្នកស្លាប់និងរបួសធ្ងន់ស្រាលចំនួន១៤នាក់រួចមក លោក សុខ ថុល នាយករដ្ឋបាលសាលាខេត្តបានដឹកនាំកម្លាំងចម្រុះរួមមាន មន្ត្រីរដ្ឋបាលសាលាខេត្ត ប្រធានមន្ទីររ៉ែ និងថាមពល នគរបាលការិយាល័យបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច និងអាជ្ញាធរមូលដ្ឋាន
ចុះធ្វើកិច្ចសន្យា និងណែនាំម្ចាស់ទីតាំងបញ្ចូលនិងលក់កំប៉ុងហ្គាសគ្មានច្បាប់់ជាច្រើនឆ្នាំមកហើយ ចំនួន៥ទីតាំងក្នុងក្រុងសៀមរាបក្នុងរយៈពេល២ថ្ងៃ គឺថ្ងៃទី២០និងថ្ងៃទី២១ ខែសីហា ដើម្បីឱ្យពួកគាត់ទៅសុំច្បាប់អនុញ្ញាតឱ្យបានត្រឹមត្រូវនៅច្រកចេញចូលតែមួយរបស់រដ្ឋបាលសាលាខេត្តជាមុនសិន ទើបឱ្យរកទីតាំងថ្មីនៅក្រៅក្រុង ដើម្បីបន្តអាជីវកម្ម កុំឱ្យមានករណីដូចការផ្ទុះហ្គាសកាលពីប៉ុន្មានថ្ងៃមុនទៀត ។
លោកឧត្តមសេនីយ៍ត្រី ភឹង សម្បត្តិ ស្នងការរងនគរបាលខេត្ត ទទួលការិយាល័យបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ ថ្លែងថា ទីតាំងបញ្ចូលហ្គាស ទាំង៥ដែលបានចុះត្រួតពិនិត្យនេះមាន ៖១-ទីតាំងយីហោ ផៅវើរហ្គាស ម្ចាស់ឈ្មោះហុង ប៊ុនលី ភេទប្រុស នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ២-ទីតាំងយីហោទាន់សម័យ ម្ចាស់ឈ្មោះ សរ ប៊ុនឆាយ ភេទប្រុស នៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ៣-ទីតាំងយីហោអង្គរហ្គាស ម្ចាស់ឈ្មោះ ពៅ សាយ ភេទប្រុស អាយុ៤៥ឆ្នាំ នៅភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ៤-ទីតាំងគ្មានស្លាកយីហោ ម្ចាស់ឈ្មោះ លី សុខហេង ភេទប្រុស អាយុ៤៧ឆ្នាំ ំនៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ និង៥-ទីតាំងគ្មានស្លាកយីហោ ម្ចាស់ឈ្មោះ នូ សំណាង ភេទប្រុស អាយុ៤៥ឆ្នាំ នៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ។
លោកស្នងការរង ភឹង សម្បត្តិ ថ្លែងទៀតថា ក្រោយពីបានពិនិត្យមើលទីតាំងទាំង៥នោះរួចមក ក្រុមការងារបានធ្វើការណែនាំម្ចាស់ទីតាំង ត្រូវមានទីធ្លាអាជីវកម្មឱ្យមានសណ្តាប់ធ្នាប់ និងសុវត្ថិភាព ត្រូវយកឧបករណ៍បញ្ចូលហ្គាសចេញពីកន្លែងលក់ហ្គាស មិនត្រូវយកសម្បកកំប៉ុងដែលចាស់មកបញ្ចូល មិនត្រូវបញ្ចូលហ្គាសឱ្យលើសចំណុះរបស់កំប៉ុង ។
មិនត្រូវផ្ទេរឬបញ្ចូលហ្គាសនៅតាមអគារឬផ្ទះល្វែង ទីតាំងអាជីវកម្មដែលមិនមានលិខិតអនុញ្ញាត ។ គោរពតាមសេចក្តី ណែនាំ ស្តីពីការប្រកបអាជីវកម្មលក់ បញ្ចូល ដឹកជញ្ជូនចែកចាយ និងស្តុកទុកឧស្ម័នឥន្ធនៈ របស់រដ្ឋបាលខេត្តសៀមរាប ។ ត្រូវសុំលិខិតអនុញ្ញាតពីមន្ទីររ៉ែនិងថាមពលខេត្ត ត្រូវផ្អាកជាបណ្តោះអាសន្ននូវសកម្មភាពនានា រហូតទទួលបានលិខិតអនុញ្ញាតពីមន្ទីររ៉ែ និងថាមពលខេត្ត ឱ្យបានរួចរាល់ជាមុនសិន ។
សូមរំឭកថា កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩កន្លងទៅថ្មីៗនេះ នៅកណ្តាលក្រុងសៀមរាប មានករណីផ្ទុះនៅស្ថានីយបញ្ចូលហ្គាសរថយន្ត២៤ម៉ោងគ្មានច្បាប់១កន្លែង បណ្តាលឱ្យឆាបឆេះគ្មានសល់ រហូតខូចខាតដល់ផ្ទះអ្នកជិត ខាង ព្រមទាំងមានអ្នកស្លាប់និងរបួសធ្ងន់ស្រាលចំនួន១៤នាក់ ក្នុងនោះមានស្ត្រីបរទេស២នាក់ ជាគ្រូបង្រៀនផងដែរ ស្ថិតនៅតាមផ្លូវលោកតាណឺយ ក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ។
ម្ចាស់ទីតាំងស្ថានីយបញ្ចូលហ្គាសរថយន្ត២៤ម៉ោងនោះឈ្មោះ ឈុក ឈុនលី ភេទ ប្រុសអាយុ៤៨ឆ្នាំ មានទីលំនៅក្នុងភូមិគោកស្រុក ឃុំពួក ស្រុកពួក ។ ក្រោយពីមានហេតុការណ៍ដ៏រន្ធត់នេះកើតឡើង ក្រសួងរ៉ែនិងថាមពល បានចេញសេចក្តីប្រកាសថា ទីតាំងដែលរងការផ្ទុះឆេះនោះពុំមានច្បាប់អនុញ្ញាតទេ ប៉ុន្តែបានដំណើរការអស់រយៈពេលជាច្រើនឆ្នាំមកហើយ ៕ (សម្រួលដោយ៖ ស្រីណា)
ចែករំលែកព័តមាននេះ