រាជធានីភ្នំពេញ ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតសហរដ្ឋអាមេរិក ចុះថ្ងៃទី៣ មីនា ឆ្នាំ២០១៤ បានឱ្យដឹងថា មន្ត្រីផ្នែកកុងស៊ុលស្ថានទូតអាមេរិក នឹងធ្វើសន្និសីទសារព័ត៌មានពិសេសមួយ ស្តីពីសេវាកម្មថ្មីសម្រាប់ទិដ្ឋាការអាមេរិក ចំពោះអ្នកដាក់ពាក្យសុំទិដ្ឋាការមិនមែនអន្តោប្រវេសន៍ទាំងអស់ ទិដ្ឋាការគូដណ្តឹង (K1) និងទិដ្ឋាការ SB1 នៅថ្ងៃព្រហស្បតិ៍ ទី៦ មីនា ខាងមុខ វេលាម៉ោង៣និង៣០នាទីរសៀល នៅក្នុងស្ថានទូតអាមេរិក រាជធានីភ្នំពេញ ។ មន្ត្រីកុងស៊ុល នឹងឆ្លើយសំណួររបស់អ្នកសារព័ត៌មានស្តីពីសេវាកម្មថ្មីនេះ ។
គួររំលឹកថា កាលពីថ្ងៃសុក្រ ទី២៨ កុម្ភៈ កន្លងមកនេះ ស្ថានទូតអាមេរិកបានប្រកាសនៅលើគេហទំព័ររបស់ខ្លួនថា ចាប់ផ្តើមពីថ្ងៃសុក្រ ទី៧ មីនា ឆ្នាំ២០១៤ តទៅ ស្ថានទូតនឹងផ្តល់ប្រព័ន្ធផ្តល់សេវាកម្មថ្មី សម្រាប់អ្នកដាក់ពាក្យសុំទិដ្ឋាការមិនមែនអន្តោប្រវេសន៍ ដោយក្នុងនោះរួមមានការបន្ថែមមជ្ឈមណ្ឌលទូរស័ព្ទហៅចូល និងគេហទំព័រថ្មី ដើម្បីជួយដល់អ្នកដាក់ពាក្យសុំទិដ្ឋាការក្នុងការកំណត់ពេលវេលានៃការណាត់ជួបសម្ភាសន៍ និងឆ្លើយសំណួរស្តីពីដំណើរការនៃការដាក់ពាក្យសុំទិដ្ឋាការ ៕
ចែករំលែកព័តមាននេះ