ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណុំរឿង​ស្លា.ប់​ស្រី​កំណាន់​…លើក​ពេល​ប្រកាស​សាលក្រម​ទៅ​ថ្ងៃក្រោយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដូច​ការ​គ្រោងទុក នា​ព្រឹកថ្ងៃ​ទី​២២ សីហា សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ប្រកាស​សាលក្រម​លើ​សំណុំរឿង​ភ្លោះ​(​អត្តឃាត ឬ​ឃាតកម្ម​) របស់​លោក ឡាយ…

រាជធានី​ភ្នំពេញ ៖ ដូច​ការ​គ្រោងទុក នា​ព្រឹកថ្ងៃ​ទី​២២ សីហា សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ប្រកាស​សាលក្រម​លើ​សំណុំរឿង​ភ្លោះ​(​អត្តឃាត ឬ​ឃាតកម្ម​) របស់​លោក ឡាយ វណ្ណៈ អតីត​អភិបាល​ខេត្តតាកែវ ពាក់ព័ន្ធ​ការ​ចោទប្រកាន់​ចំពោះ​អំពើ​ឃាតកម្ម​លើ​អ្នកស្រី​មេម៉ាយ​កូន​៣​រូប​ស្រស់ នាង ចេ​វ សុ​វ​ឌ្ឍ​នា ប៉ុន្តែ​ការ​ប្រកាស​សាលក្រម​នោះ ត្រូវ​បាន​លើក​ពេល​ទៅ​ថ្ងៃក្រោយ​ដោយ​មិន​កំណត់ ។

លោក ហម ម៉េ​ង​សែ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ បាន​បញ្ជាក់​ក្នុង​សវនាការ​ថា ដោយសារ​រឿង​ក្ដី​នេះ​មាន​ភាព​ស្មុ​គ្រ​ស្មាញ​ច្រើន ដែល​ចាំបាច់​ត្រូវការ​ពេលវេលា​ឲ្យ​ក្រុមប្រឹក្សា​ពិនិត្យ និង​ពិចារណា​ឲ្យ​បាន​ល្អិតល្អន់​ជា​មុន​សិន មុន និង​ប្រកាស​ផ្តន្ទាទោស ចំពោះ​ជនជាប់ចោទ​ក្នុង​សំណុំរឿង​នេះ ។ ដូច្នេះ​តុលាការ​តម្រូវ​លើក​ពេល​ប្រកាស​សាលក្រម​ទៅ​ថ្ងៃក្រោយ​ដោយ​មិន​កំណត់ ។

គួរ​រំលឹក​ថា កាលពី​ថ្ងៃ​ទី​២២ ខែកក្កដា សាលាដំបូង​បាន​បញ្ចប់​ការ​សាកសួរ​ដេញដោល និង​ការ​សន្និដ្ឋាន​របស់​ក្រុមប្រឹក្សា​ជំនុំជម្រះ​ជា​ផ្លូវការ​ហើយ នៅឡើយ​តែ​ការ​សម្រេច​ចុង​ក្រោយ​ពី​សំណាក់​ប្រធាន​ក្រុម​ប្រឹក្សា ត្រូវ​ផ្តន្ទាទោស ឬ​ដោះ​លែង​ជន​ត្រូវ​ចោទ​ឲ្យ​មាន​សេរីភាព​វិញ លើ​សំណុំរឿង​ភ្លោះ​មួយ​នេះ ដែល​សាល ក្រម​នោះ និង​ប្រកាស​ថ្ងៃ​ទី​២២ សីហា​នេះ ។

ចំពោះ​លទ្ធផល​នៃ​ការ​សន្និដ្ឋាន​ដែល​បាន​ចំណាយពេល​ពេញ​មួយ​ព្រឹក លោក ប្លង់ សុផល ព្រះរាជអាជ្ញា​រង និង​ជា​តំណាង​អយ្យការ​ក្នុង​អង្គ​សវនាការ​លើ​សំណុំរឿង​ក្តី​មួយ​នេះ បាន​បញ្ជាក់​ថា ក្រោយ​ពី​ស្តាប់​អង្គ​សវនាការ​ជា​ច្រើន​លើក និង​ការ​សាកសួរ​ដេញដោល​តាម​ទម្រង់​ច្បាប់ ។ កា​រស​ន្និ​ដ្នា​ន​ចុង​ក្រោយ​របស់​តំណាង​អយ្យការ បាន​សំណូមពរ​ឲ្យ​ប្រធាន​ក្រុមប្រឹក្សា​សម្រេច​លើ​រឿង​ក្តី​នេះ និង​បាន​ស្នើ​សុំ​ទៅ​លោក​ចៅក្រម​ចាត់ការ​តាម​គតិ​យុ​ត្ត ។

ចំណែក​មេធាវី​ការពារ​ក្តី​ឲ្យ​ជនជាប់ចោទ​ទាំង​៤​នាក់ ក៏​បាន​សំណូមពរ​ដល់​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​ផង​ដែរ សុំ​ឲ្យ​មានការ​លើកលែង​កូនក្តី​របស់​លោក ដែល​ពុំ​មាន​ជាប់​ពាក់ព័ន្ធ​បទល្មើស​ណាមួយ​នោះ​ទេ ក្នុង​សំណុំរឿង​មិន​ច្បាស់លាស់ អត្តឃាត ឬ​ឃាតកម្ម​នេះ ។ ជនជាប់ចោទ​ទាំង​៤ គឺ​១-​ឈ្មោះ ឡាយ វណ្ណ​: ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ។ ២-​ឈ្មោះ ឡាយ ណា​រិ​ទ្ធ ភេទ​ប្រុស អាយុ ៤៦​ឆ្នាំ ។ ៣-​ឈ្មោះ ម៉េ​ន សា​ម៉ៃ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ។និង​៤-​ឈ្មោះ ជឹ​ម វុ​ធ ហៅ​ថូ​ត ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ។

ពួក​គេ​បាន​លើកដៃ​ប្រណម​ទ​ទួ​ច​អង្វរ​សំណូមពរ សុំ​ឲ្យ​តុលាការ​ធ្វើការ​ដោះ​លែង​ពួក​គេ​មាន​សេរីភាព​វិញ ព្រោះ​ពួក​គេ​ពិតជា​មិន​បាន​ជាប់​ពាក់ព័ន្ធ​ក្នុង​អំពើ​ឃាតកម្ម​លើ​អ្នកស្រី ចេ​វ សុ​វ​ឌ្ឍ​នា នោះ​ទេ ។ ការ​ស្លាប់​របស់​ជន​រង​គ្រោះ​ពិតជា អ្នកស្រី​មេម៉ាយ​រូប​ស្រស់​ធ្វើ​អត្តឃាត​ចងក​សម្លាប់​ខ្លួន​មែន ។ យ៉ាងណា​ក្តី​វាំងនន​សំណុំរឿង​ក្តី អត្តឃាត ឬ ឃាតកម្ម​មួយ​លើ​អ្នកស្រី ចេ​វ សុ​វ​ឌ្ឍ​នា និង​ឃើញ​ស​ខ្មៅ​រយៈពេល​ណាមួយ ។ សំណុំរឿង​មួយ​នេះ​ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ លើកយក​មក​បើ​សវនាការ​ជា​ច្រើន​លើក​ហើយ ហើយ​ទើបតែ​និង​ត្រូវ​បាន​បញ្ចប់​នៅ​ថ្ងៃ​ទី​២២ កក្កដា​កន្លង​មក ។

គួ​បញ្ជាក់​ថា ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​២៤ ឧសភា កន្លង​មក បាន​បើក​សវនាការ​លើ​សំណុំរឿង​លោក ឡាយ វណ្ណៈ អតីត​អភិបាល​ខេត្តតាកែវ និង​បងប្រុស ដែល​ថា​ជាប់ចោទ​ពី​បទ​ឃាតកម្ម​លើ​ស្រី​កំណាន់​មេម៉ាយ​កូន​បី​នាង​ចេ​វ សុ​វ​ឌ្ឍ​នា ។ អង្គ​សវនាការ​បាន​ផ្ដោត​លើ​ការ​បង្ហាញ​ភស្តុ​តាង​របស់​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ដែល​ដាក់បន្ទុក​លើ​លោក ឡាយ វណ្ណៈ ឲ្យ​ជាប់ពិរុទ្ធ ព្រមទាំង​សាក្សី​មួយ​ចំនួន​ទៀត ។

សាក្សី​សំខាន់​ដែល​អង្គ​សវនាការ​បាន​សាកសួរ​ពេល​នោះ ពាក់ព័ន្ធ​អង្គហេតុ​ស្លាប់​លើ​អ្នកស្រី ចេ​វ សុ​វ​ឌ្ឍ​នា នោះ​គឺ​លោក​ឧត្តមសេនីយ៍ទោ ទិ​ត្យ បូ​ណា អនុប្រធាន​នាយកដ្ឋាន​នគរបាល​បច្ចេកទេស​វិទ្យាសាស្ត្រ​ក្រសួង​មហាផ្ទៃ ដែល​ជា​អ្នក​ចុះ​ទៅ​ធ្វើ​ប្រ​តិ​កោសល្យវិច័យ​នៅ​កន្លែង​កើតហេតុ កាល​ថ្ងៃ​ទី​២៨ និង​ថ្ងៃ​ទី​៣០ ខែ​កុម្ភៈ ឆ្នាំ​២០១៨ ពោល​គឺ​ក្រោយ​កើតហេតុ ៣៣​ថ្ងៃ ។

តាម​ការ​បញ្ជាក់​របស់​លោក​ទិ​ត្យ​បូ​ណា បង្ហាញ​ថា នៅ​ពេល​ទៅ​ដល់​ខេត្តតាកែវ គណៈ​ករណី​បាន​ប្រមែ​ប្រមូល​ឯកសារ​ទាំងឡាយ​ដែល​សមត្ថកិច្ច​ខេត្តតាកែវ​បាន​ធ្វើ​រួច​ហើយ​មក​ពិនិត្យ​មើល​ឡើង​វិញ​ទាំងអស់ រួម​ទាំង​ការ​សាកសួរ​សាក្សី​មួយ​ចំនួន និង​ចុះ​ទៅ​ពិនិត្យ​នៅផ្ទះ​កើតហេតុ​នា​ថ្ងៃ​ទី​២៨ កុម្ភៈ ។ ក្នុង​ការ​ពិនិត្យ​នៅផ្ទះ​កើតហេតុ​គណៈ​ករណី​បាន​រក​ឃើញ​ថា ការ​ធ្វើ​កោសល្យវិច័យ​របស់​សមត្ថកិច្ច​ខេត្ត​មានការ​ខ្វះចន្លោះ ធ្វេសប្រហែស និង​ឆាប់​ធ្វើ​សេចក្ដីសន្និដ្ឋាន​លឿន​ពេក ដោយ​ស្ថានភាព​នៅ​កន្លែង​ត្រូវ​បាន​រុះរើ​ខុស​ពី​ភាព ដើម ។

ចំណែក​ភាព​មិន​ប្រក្រតី​មាន​ដូច​ជា
ទី​១-​នៅ​លើ​ធ្នឹម​បង្អួច​ពុំ​មាន​ធូលី​ឬ​ស្នាមជើង​ឡើង​ជាន់​របស់​ជន​រង​គ្រោះ បញ្ជាក់​ថា​ជន​រង​គ្រោះ​ឡើង​ទៅ​ចងក​ដោយ​ខ្លួនឯង​ទេ ។ ទី​២-​រនូត​វាំងនន​ដែល​បាញ់​វី​ស​២​គ្រាប់​ជាប់​ជញ្ជាំង​ដែល​ចង​ព្យួរ​សព​ជន​រង​គ្រោះ​មិន​អាច​ទ្រ​ទំងន់​សព​ជន​រង​គ្រោះ​បាន​ទេ ។ ទី​៣-​បើសិន​ជន​រង​គ្រោះ​ចងក​ដោយ​ខ្លួនឯង យក​ខ្សែ​វាំងនន​មក​ទាក់​ក​ហើយ​លោត​ទម្លាក់​ខ្លួន​ពិតជា​មាន​ស្នាម​របួស​រលាក​ត្រង់​ក​ទាំង​សងខាង ប៉ុន្តែ​នេះ​ពុំ​មាន​ស្នាម​ដាច់​រលាត់​ទេ ។ ទី​៤-​គ្រែ​ពួក ខ្នើយ កម្រាលពូក មាន​ភាព​រញ៉េរញ៉ៃ ។ ទី​៥-​មាន​ទូរស័ព្ទ​២​គ្រឿង​នៅ​លើ​ពួក និង​មួយ​គ្រឿង​ទៀត​ធ្លាក់​នៅ​លើ​កម្រាល​ឥដ្ឋ នេះ​បង្ហាញ​ពី​ភាព​មិន​ប្រក្រតី​នៅ​កន្លែង​កើតហេតុ ។

សរុប​មក​គណៈ​ករណី​បាន​សន្និដ្ឋាន​ជំ​ហ៊ាន​ដំបូង​ថា មាន​លទ្ធភាព​តិចតួច​បំផុត​ដែល​ជន​រង​គ្រោះ​ធ្វើ​អត្តឃាត​ដោយ​ខ្លួនឯង និង​អាច​ជា​ករណី​ឃាតកម្ម​គិត​ទុក​មុន​ច្រើន​ជាង ។គ្រប់ការ​លើក​ឡើង​របស់​នគរបាល​ក្រសួង​មហា​ផ្ទៃ ជនជាប់ចោទ​លោក ឡាយ វណ្ណៈ បាន​បដិសេធ​ថា​សុទ្ធតែ​រឿង​មិន​ពិត​និង​មូល​បង្កាច់ ។

ក្នុង​សវ​នា​ការ​ពេល​នោះ​ដែរ លោក ចេ​វ សា​រ៉េ​ន ដែល​ជា​ឪពុក​បង្កើត​របស់​អ្នកស្រី ចេ​វ សុ​វ​ឌ្ឍ​នា បាន​ឡើង​​បំភ្លឺ​ជូន​អង្គ​សវនាការ​ថា នៅ​យប់​ថ្ងៃ​កើតហេតុ​ពេល​គាត់​បាន​ទៅ​ដល់​ផ្ទះ​កូន​គាត់ បាន​ពិនិត្យ​មើល​សព​កូនស្រី ប៉ុន្តែ​ពុំ​មាន​ស្លាកស្នាម​អ្វី​គួរ​ឲ្យ​កត់សម្គាល់​ទេ ហើយ​លោក​ក៏​បាន​សុំ​យក​សព​កូនស្រី​មក​ធ្វើបុណ្យ​តាម​ប្រពៃណី ដោយ​ចាត់​ទុក​ថា អ្វី​ដែល​កើតមក​លើ​កូនស្រី​គាត់ និង​ក្រុម​គ្រួសារ គាត់​ចាត់​ទុក​គឺជា​ព្រហ្ម​លិខិត​ដែល​កំណត់​វាសនា​ចំពោះ​កូនស្រី​ត្រឹម​នឹង​ចុះ ហើយ​គាត់​ក៏​មិន​បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​លើ​បុគ្គល​ណា​ម្នាក់ និង​ទាមទារ​សំណង​អ្វី​នោះ​ដែរ ។

ក្រោយ​ពី​បាន​ស្ដាប់​សេចក្ដី​បំភ្លឺ​ឪពុក​ជន​រង​គ្រោះ និង​របាយការណ៍​ប្រ​តិ​កោសល្យ​វិ​ច្ឆ័​យ​របស់​នគរបាល​ក្រសួង មហាផ្ទៃ ដែល​បាន​ធ្វើ​ឡើង​ក្រោយ​កើតហេតុ​៣៣​ថ្ងៃ ដែល​មាន​ភាព​ផ្ទុយ​ពី​ថ្ងៃ​កើតហេតុ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​លោក ហម ម៉េ​ង​សែ អនុប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ផ្អាក​សវនាការ និង​លើក​ពេល​ទៅ​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០១៩ ។

គួរ​បញ្ជាក់​ថា កាលពី​ខែមេសា​ឆ្នាំ​២០១៩ អង្គ​សវនាការ​បាន​ស្ដាប់ និង​ពិនិត្យ​នូវ​របាយការណ៍ និង​ភស្តុ​តាង​មួយ​ចំនួន​របស់​សមត្ថកិច្ច​ខេត្តតាកែវ ដែល​បញ្ជាក់​ថា ជន​រង​គ្រោះ​បាន​ធ្វើ​អត្តឃាត មិនមែន​ជា​ករណី​ឃាតកម្ម​ដូច​ការ​ចោទប្រកាន់​នោះ​ទេ ។

សំណុំរឿង​នេះ ​សាលាដំបូង​បាន​ចោទប្រកាន់​លើ​ជនជាប់ចោទ​៤​នាក់ ១-​ឈ្មោះ ឡាយ វណ្ណ​: ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ និង​២-​ឈ្មោះ ឡាយ ណា​រិ​ទ្ធ ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ (​ជា​បងប្រុស​របស់ ឡាយ វណ្ណៈ​)​ស្ថិត​នៅ​ចំណុច​ផ្ទះ​ជួល ភូមិ​ផ្សារ​តា​កោ សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ កាលពី​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០១៨ យោង​តាម​មាត្រា​១៩៩ នៃ​ក្រមព្រហ្មទណ្ឌ ។

៣-​ឈ្មោះ ម៉េ​ន សា​ម៉ៃ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជា​តៃកុង​ឡាន​របស់ លោក ឡាយ វណ្ណ​: និង​៤-​ឈ្មោះ ជឹ​ម វុ​ធ ហៅ​ថូ​ត ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជា​អ្នកបម្រើ​នៅផ្ទះ​របស់​អ្នកស្រី ចែវ សុ​វ​ឌ្ឍ​នា ពី​បទ​លាក់​បំបាំង​តម្រុយ ប្រព្រឹត្ត​នៅ​ចំណុច​ផ្ទះ​ជួល ភូមិ​ផ្សារ​តា​កោ សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ កាលពី​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០១៨ យោង​តាម​មាត្រា​៥៣២ នៃ​ក្រមព្រហ្មទណ្ឌ ។

អ្នកស្រី ចេ​វ សុ​វ​ឌ្ឍ​នា ត្រូវ​គេ​ប្រទះ​ឃើញ​ស្លាប់​ដោយ​ចង​.​ក​នៅ​ក្នុង​បន្ទប់​គេង​របស់​នាង នៅ​ក្នុង​វីឡា​ជួល​ដ៏​ធំ​មួយ​ដែល​លោក ឡាយ វណ្ណៈ ជា​អ្នក​ជួល​ឲ្យ នៅ​ក្នុងភូមិ​ផ្សារ​តា​កោរ សង្កាត់​រការ​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ កាលពី​ល្ងាច​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០១៨​កន្លង​ទៅ ។

ភ្លាម​ៗ​ករណី​នេះ​ត្រូវ​សមត្ថកិច្ច​ខេត្តតាកែវ​សន្និដ្ឋាន​ថា ជា​រឿង​អត្តឃាត​ព្រោះតែ​វិបត្តិ​ស្នេហា ប៉ុន្ដែ​ក្រោយ​ពី​បើក​ការ​ស្រាវជ្រាវ សមត្ថកិច្ច​ជំនាញ​របស់​​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ បាន​រក​ឃើញ​ថា​ករណី​ខាងលើ មិនមែន​ជា​រឿង អត្តឃាត​ទេ ពោល​គឺជា​រឿង​ឃាតកម្ម​ទៅ​វិញ ដោយ​មាន​អ្នកបញ្ជា និង​រៀបចំ​ទុក​ដើម្បី​សម្លាប់​ជន​រង​គ្រោះ ។ ក្រោយ​ពី​បើក​ការ​ស៊ើប អង្កេត សមត្ថកិច្ច​ជំនាញ​បាន​ឃាត់ខ្លួន​ជន​ជាប់​ចោទ​ទាំង​៤ នាក់​ខាងលើ និង​បញ្ជូន​ទៅ​ឃុំខ្លួន​បណ្តោះអាសន្ន​រហូត​មក​ដល់​ពេល​នេះ ៕​ (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ