ប្រទេសអ៊ុយក្រែនកាលពីថ្ងៃទី២ មីនា បានកេណ្ឌប្រមូលកងទាហានទាំងអស់ ហើយសហរដ្ឋអាមេរិកគំរាមដាក់រុស្ស៊ីឱ្យនៅឯកោទាំងស្រុងខាងសេដ្ឋកិច្ច បន្ទាប់ពីសភារុស្ស៊ីអនុម័តឱ្យប្រធានាធិបតីលោកវ៉្លាឌីមៀរពូទីន បញ្ជូនកងទ័ពទៅកាន់ដែនដីនៃអតីតសាធារណរដ្ឋសូវៀតនោះ។នាយករដ្ឋមន្ត្រីថ្មីអ៊ុយក្រែន លោកអាសឺនីអុីយ៉ាតសឺនីអុ៊ក ថ្លែងថា នេះពុំមែនជាការគំរាមកំហែងមួយទេ តាមពិតជាការប្រកាសសង្គ្រាមមួយចំពោះប្រទេសខ្ញុំ ។
ដោយសន្យាប្រកាន់យកកណ្តាប់ដៃដែកជាមួយពួកលោកខាងលិច ពុំធ្លាប់មានចាប់តាំងពីសង្គ្រាមត្រជាក់មកលោកពូទីន កាលពីថ្ងៃទី១ មីនា ទទួលបានការអនុញ្ញាតពីសភាឱ្យដាក់ពង្រាយកងទ័ពនៅអ៊ុយក្រែន ដើម្បីការពារជនជាតិរុស្ស៊ីនៅប្រទេសនេះ ។ កងទ័ពរុស្ស៊ីតាមពិតទៅបានកាន់កាប់ត្រួតត្រារួចហើយ ដោយពុំមានការបង្ហូរឈាមលើសាធារណរដ្ឋស្វយ័តគ្រីមេ ដែលនៅទីនោះរុស្ស៊ីមានកងនាវាចរណ៍មួយនៅកំពង់ផែក្រុងសេបាស្តូប៉ូល ។
កងទ័ពអ៊ុយក្រែនតិចតួចស្តួចស្តើងមានទីតាំងនៅគ្រីមេ ពុំអាចរារាំងកងយោធារុស្ស៊ីដែលកាន់កាប់បណ្តាអគារសាធារណៈ បណ្តាព្រលានយន្តហោះ និងទីតាំងឯទៀតៗរយៈពេល៣ថ្ងៃចុងក្រោយនេះឡើយ ។ កាលពីថ្ងៃទី២ មីនា កងយោធារុស្ស៊ីបានរុលថែមទៀត ហើយទាមទារឱ្យកងទាហានអ៊ុយក្រែនទម្លាក់អាវុធ ដែលខ្លះក៏ព្រមធ្វើតាម ហើយខ្លះបដិសេធ ក៏បុ៉ន្តែពុំមានការបាញ់ប្រហារណាមួយឡើយ ។
ទទួលការតែងតាំងកាលពីថ្ងៃទី១ មីនា ជាប្រមុខកងកម្លាំងម៉ារីនអ៊ុយក្រែន ដោយអាជ្ញាធរថ្មីក្រុងគៀវលោកដឺនីសបេរេ ហ្សូវស្គី ត្រូវដកហូតតំណែងនេះវិញ ហើយទទួលការចោទប្រកាន់ពីបទក្បត់ជាតិ ព្រោះបដិសេធមិនប្រយុទ្ធតតាំងជាមួយពួករុស្ស៊ី និងពីបទប្រគល់ទីតាំងកងម៉ារីននៅសេបាស្តូប៉ូលឱ្យរុស្ស៊ី ។ លោកបេរេហ្សូវស្គី លេចមុខតាមទូរទស្សន៍រុស្ស៊ី ដោយលោកសម្តែងការគាំទ្រចំពោះអាជ្ញាធរស្និទ្ធរុស្ស៊ីរបស់តំបន់គ្រីមេ ។
រុស្ស៊ីចាប់តាំងពីថ្ងៃទី២៦ កុម្ភៈ មកបានធ្វើសមយុទ្ធយោធាធំមួយមានទាហានចូលរួមដល់ទៅ១៥០.០០០នាក់តាមបណ្តោយព្រំដែនគោកជាមួយអ៊ុយក្រែន ក៏បុ៉ន្តែសម្រាប់ពេលនេះពុំទាន់ឃើញមានចលនាធំដុំនៃកងទ័ពរុស្ស៊ីឆ្ពោះទៅទិសខាងលិចនៅឡើយ ។
ក្រៅពីតំបន់គ្រីមេ ដូចជានៅទីក្រុងខាគៀវ ក្រុង DONETSK និងក្រុង DNIPROPE TROVSK ជាដើម មានបាតុកម្មនានាគាំទ្ររុស្ស៊ី ពិសេសនៅក្រុងខាគៀវ សកម្មជនស្និទ្ធរុស្ស៊ីជាច្រើនពាន់នាក់កាន់ពូថៅ និងច្រវាក់ បានលើកគ្នាលុកចូលកាន់កាប់វិមានរដ្ឋាភិបាលតំបន់ ។
នៅ DONETSK ជាតំបន់កំណើតរបស់ប្រធានាធិបតីអ៊ុយក្រែនត្រូវផ្តួលរំលំ លោកអុីយ៉ានូកូវីត ទង់ជាតិរុស្ស៊ីត្រូវបានគេដោត២ថ្ងៃជាប់ៗគ្នាហើយពីលើវិមានរដ្ឋាភិបាលតំបន់ ។នៅទីក្រុងគៀវ ក្រុមប្រឹក្សាសន្តិសុខជាតិអ៊ុយក្រែនបានបញ្ជាឱ្យអគ្គលេខាធិការដាក់កងទ័ពឱ្យស្ថិតក្នុងស្ថានភាពប្រកាសអាសន្នពេញបន្ទុក ហើយឱ្យក្រសួងការពារជាតិកេណ្ឌប្រមូលកងទាហានបម្រុង ដែលទាក់ទិនដល់គ្រប់មនុស្សពេញវ័យមានអាយុក្រោម៤០ឆ្នាំទៅ ។ រដ្ឋាភិបាលថ្មីក៏ចេញបញ្ជាផងដែរឱ្យបិទដែនអាកាសរបស់ប្រទេសចំពោះបណ្តាយន្តហោះពុំមែនស៊ីវិល ។
នៅឯទីលានឯករាជ្យក្រុងគៀវ ជាទីតាំងធ្វើបាតុកម្មនាំទៅទៅដល់ការផ្តួលរំលំលោកអុីយ៉ានូកូវីត ពលរដ្ឋអ៊ុយក្រែនជាច្រើនពាន់នាក់ប្រមូលផ្តុំគ្នាធ្វើបាតុកម្មប្រឆាំងគ្រោះថ្នាក់នៃអន្តរាគមន៍យោធារុស្ស៊ី ។លើឆាកអន្តរជាតិវិញ ក្រុងប៉ារីស ក្រុងឡុងដ៍ បន្ទាប់ពីក្រុងវ៉ាស៊ីនតោន បានប្រកាសពីការផ្អាករបស់ពួកគេមិនចូលរួមក្នុងការរៀបចំកិច្ចប្រជុំកំពូល G-8 គ្រោងធ្វើនាខែមិថុនា នៅទីក្រុងសូតជីរបស់រុស្ស៊ី ជាការជួបគ្នាកំពូលដែលសហរដ្ឋអាមេរិកត្រៀមធ្វើពហិការទាំងស្រុង ។
តាមទូរទស្សន៍អាមេរិក CBS រដ្ឋមន្ត្រីការបរទេសអាមេរិកលោកចនគ័ររី ថ្លែងថា បណ្តាប្រទេស G-8 និងរដ្ឋឯទៀតៗរៀបចំដាក់ឱ្យរុស្ស៊ីស្ថិតនៅឯកោទាំងស្រុង ដោយលោកលើកឡើងពីការរិតត្បិតលើការផ្តល់ទិដ្ឋាការ ការផ្អិបទុកទ្រព្យសម្បត្តិ និងការដាក់ឱ្យឯកោខាងពាណិជ្ជកម្មទាំងស្រុង ។អាមេរិក និងអង់គ្លេសបានទទួលសំណើមួយរបស់អ៊ុយក្រែន ដើម្បីឱ្យជួយការពារប្រទេសខ្លួនក្នុងក្របខណ្ឌនៃកិច្ចព្រមព្រៀងមួយដែលចុះហត្ថលេខាជាមួយក្រុងមូស្គូកាលពីឆ្នាំ១៩៩៤ ស្តីពីអធិបតេយ្យភាពរបស់អ៊ុយក្រែន ហើយអ៊ុយក្រែនក៏ស្នើសុំជំនួយរបស់អូតង់ដែលបណ្តាឯកអគ្គរដ្ឋទូតអូតង់រួមប្រជុំគ្នាកាលពីថ្ងៃទី២ មីនា ស្តីពីអ៊ុយក្រែន ។
ក្នុងឱកាសនៃកិច្ចប្រជុំនៅក្រុងព្រុចសែលនោះលោក ANDERS FOGH RASMUSSEN អគ្គលេខាធិការអូតង់បានស្នើជាថ្មីដល់រុស្ស៊ី ឱ្យកាត់បន្ថយភាពតានតឹង ហើយចោទប្រកាន់រុស្ស៊ីថា គំរាមកំហែងសន្តិភាព និងសន្តិសុខនៅអឺរុ៉ប ។ ក៏បុ៉ន្តែពួកអ្នកការទូតព្យាករណ៍ថា អូតង់នឹងពុំមានចម្លើយតបខ្លាំងមួយឡើយ ៕
ចែករំលែកព័តមាននេះ