ខេត្តមណ្ឌលគិរី៖ យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ និង របួសធ្ងន់ស្រាល២៣នាក់ ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៏ក្រឡាប់រថយន្តម៉ាកហ៊ីយ៉ាន់ដាយមួយគ្រឿង ដែលបើកឡើងចំណោតចំណុចភ្នំបាយឆៅ ស្ថិតក្នុងភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យ កាលពីម៉ោង០៩និង៣០នាទីព្រឹកថ្ងៃទី០៣ មីនា ២០១៤ ។
លោកវរសេនីយ៍ត្រី ចាន់ ទិត្យ នាយការិយាល័យចរាចរផ្លូវគោកខេត្តបានឱ្យដឹងថា រថយន្តដែលជួបគ្រោះថ្នាក់ចរាចរណ៍ បង្កឱ្យមានអ្នកស្លាប់និងរបួសដេករណូករណែលពេញផ្លូវ មានទាំងក្រុមចុងភៅ សំអាងការ និងអ្នករត់តុ សរុបចំនូន២៣នាក់ ជាប្រភេទរថយន្តកូរ៉េម៉ាកហ៊ីយ៉ាន់ដាយចំណុះចំណុះ៥តោន ដឹកសម្ភាររោងការ ។ លោកបន្តថា រថយន្តនេះ បានធ្វើដំណើរចេញពីភូមិដេអេ ឃុំពូជ្រៅ ស្រុកពេជ្រាដា ក្រោយពីចប់កម្មវិធីរៀបការរបស់អ្នកភូមិនោះរួច ពួកគេបានវិលត្រឡប់ទៅផ្ទះវិញ ស្រាប់តែមកដល់ចំណុចកើតហេតុ ក៏ជួបគ្រោះថ្នាក់តែម្តង ។
លោក ចាន់ ទិត្យ បានបញ្ជាក់ថា មូលហេតុក្រឡាប់រថយន្តនេះ គឺបណ្តាលមកពីការធ្វេសប្រហែសរបស់អ្នកបើកបរ ព្រោះនៅពេលដែលមកដល់ចំណុចទួលឡើងចំណោតខ្ពស់មិនប្រយ័ត្នដាក់លេខឱ្យបានត្រឹមត្រូវ ដូច្នេះទើបបង្កឱ្យមានគ្រោះថ្នាក់ដ៏រន្ធត់នេះឡើង ។ រថយន្តជួបគ្រោះថ្នាក់ពាក់ស្លាកលេខកំពង់ធំ 3A-0598 ហើយអ្នករបួសធ្ងន់មានចំនួន១៥នាក់ ក្នុងនោះស្រី០២នាក់ ចំណែកអ្នករបួសស្រាលមានចំនួន០៨នាក់ ស្រី០២នាក់ រួមទាំងអ្នកបើកបរដែលគេចខ្លួនបាត់ស្រមោល ដោយឡែកអ្នកស្លាប់ជាយុវជនម្នាក់ អាយុប្រមាណ២០ឆ្នាំ ។
ទោះបីយ៉ាងណា គេនៅមិនទាន់ស្គាល់អត្តសញ្ញាណរបស់អ្នកជួបគ្រោះថ្នាក់ទាំងនោះ នៅឡើយ គ្រាន់តែដឹងថា ពួកគេទាំងអស់គ្នារស់នៅភូមិគ ឃុំគ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ៕
ចែករំលែកព័តមាននេះ