តើ​យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជ​ថ្មី​នឹង​ជួយ​ជំរុញ​ដល់​កំណើនសេដ្ឋកិច្ច​កម្ពុជា​ឬទេ ?


រាជធានី​ភ្នំពេញ​៖ ដើម្បី​ពង្រឹង​ភាព​ប្រកួតប្រជែង​និង​ជំរុញ​ឲ្យ​រក្សា​បាន​កំណើន​សេដ្ឋកិច្ចជាតិ​នៅ​គ្រា​បន្ទាប់ ក្រសួងពាណិជ្ជកម្ម​បាន​ដាក់​ចេញ​នូវ​«​យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម​កម្ពុជា​ថ្មី​ដែល​មាន​រយៈពេល​៥​ចាប់ពី​ឆ្នា​២០១៩​ដល់​២០២៣​។ យុទ្ធសាស្ត្រ​ថ្មី​នេះ​ក៏​ត្រូវ​បាន​ថ្នាក់ដឹកនាំ​ក្រសួង​មាន​សុទិដ្ឋិនិយម​ថា​វា​អាច​ចូលរួម​ធ្វើ​ឱ្យ​សម្រេច​បាន​នូវ​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល ខណៈ​ការ​អនុវត្ត​ក្នុង​រយៈពេល​កន្លង​មក​ទទួល​បាន​វាយតម្លៃ​ធ្វើ​បាន​ជោគជ័យ​។

​លោក ប៉ាន​សូរ​ស័​ក្ត រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​មាន​ប្រសាសន៍​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ និង​ដាក់​ឱ្យ​ដំណើ​ការ​ជា​ផ្លូវការ នូវ​យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម ឆ្នាំ​០១៩-២០២៣(CTIS )​កាលពី​ថ្ងៃ​ទី​២១​សីហា​នៅ​សណ្ឋាគារ​ហ៊ី​ម៉ា​រ៉ា​រី​ថា យុទ្ធសាស្ត្រ CTIS ឆ្នាំ​២០១៩ មិនមែន​ជា​ឯកសារ​ផ្ដាច់មុខ​របស់​ក្រសួងពាណិជ្ជកម្ម​ទេ ប៉ុន្តែ​គឺ​សម្រាប់​អន្តរក្រសួង ដោយសារ​តែ​ពាណិជ្ជកម្ម គឺជា​បញ្ហា​អន្តរ​វិស័យ ដែល​ទាមទារ​ឱ្យ​តួអង្គ​ពាក់ព័ន្ធ ចូលរួម​សហការ​អនុវត្តន៍​ទាំងអស់​គ្នា ទើប​អាច​សម្រេច​នូវ​គោលដៅ​នៃ​យុទ្ធសាស្ត្រ​នេះ​បាន​។

លោក​រដ្ឋមន្ត្រី​សង្កត់ធ្ងន់​ថា «​ខ្ញុំ​សង្ឃឹម​យ៉ាង​មុតមាំ​ថា យុទ្ធសាស្ត្រ​នេះ​នឹង​ផ្ដល់​ជូន​សកម្មភាព​ជា​គោលនយោបាយ​ច្បាស់លាស់ សម្រាប់​តួអង្គ​ពាក់ព័ន្ធ​ទាំងអស់​ចូលរួម​អនុវត្ត ហើយ​ក៏​សូម​អំពាវនាវ​ឱ្យ​សហការ​ជិត​ស្និត ជាមួយ​ក្រសួងពាណិជ្ជកម្ម ដើម្បី​ធានា​ការ​ធ្វើ​ពិពិធ​កម្ម​កំណើនសេដ្ឋកិច្ច និង​ការ​បង្កើន​ឧត្តមភាព​ជូន​ប្រជាពលរដ្ឋ សំដៅ​សម្រេច​ឱ្យ​បាន​នូវ​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល និង​គោលដៅ​អភិវឌ្ឍន៍​របស់​កម្ពុជា​ប្រកបដោយ​ចីរភាព​»​។

លោក ស៊ា​ង ថៃ មន្ត្រី​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម មាន​ប្រសាសន៍​ថា កម្មវិធី​ឬ​យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម​កម្ពុជា ២០១៩-២០២៣ ដែល​ក្រសួង​ទើប​ប្រកាស​ជា​ផ្លូវការ​នេះ កន្លង​មក​ក្រសួង​បាន​អនុវត្ត​ហើយ​ទទួល​បានការ​វាយតម្លៃ​ថា​អនុវត្ត​បាន​ជោគជ័យ និង​តម្រូវ​ឱ្យ​ក្រសួង​បន្ត​អនុវត្ត​យុទ្ធសាស្ត្រ​ថ្មី​នេះ​បន្ត​ទៀត​ដើម្បី​ចូលរួម​ដល់​ការ​ជំរុញ​កំណើនសេដ្ឋកិច្ច​ប្រទេស​។

បើ​តាម​មន្ត្រី​អ្នកនាំពាក្យ «​សេដ្ឋកិច្ច​នៃ​ប្រទេស​មួយ​វា​មិន​ស្ថិត​នៅ​លើ​បញ្ហា​មួយ​ដែល​អាច​វាយតម្លៃ​ឆ្លើយ​តប​ទៅ​បាន​ទេ វា​មានការ​ប្រទាក់ក្រឡា​គ្នា​ទៅ​វិញ​ទៅ​មក​។ កំណើនសេដ្ឋកិច្ច​វា​អាច​កើនឡើង​បាន​វា​ត្រូវ​គ្រប់​វិស័យ​។​និយាយ​ថាបើ​មាន​យុទ្ធសាស្ត្រ​ថ្មី​នេះ​ថា​សេដ្ឋកិច្ច​កម្ពុជា​អាច​កើនឡើង​១%​ឬ​លើស​ពី​នេះ យើង​អត់​បាន​ធ្វើការ​វាយតម្លៃ​នោះ​ទេ​។​ប៉ុន្តែ​យុទ្ធសាស្ត្រ​ថ្មី​នេះ​យើង​ធ្វើ​ឬ​រៀបចំ​វា​ឡើង​ក្នុង​ផ្លូវ​មួយ​ដែល​ត្រឹមត្រូវ ចូលរួម​ចំណែក​ធ្វើ​ឱ្យ​សេដ្ឋកិច្ចជាតិ​មាន​កំណើន​»​។ លោក​បាន​បន្ត​ថា «​បើ​យើង​ធ្វើ​នៅ​ក្នុង​ផ្នែក​មួយ​នៃ​វិស័យ​បាន​ល្អ​វា​នឹង​ជះ​ឥទ្ធិពល​ទៅ​ដល់​ផ្នែក​ផ្សេង​ហើយ​បើ​វិស័យ​មួយ​ដែល​ទទួល​រង អនុវត្ត​ធ្វើ​បាន​ល្អ​ថែម​ទៀត​។​ជា​រួម​វា​នឹង​ជួយ​កម្ពុជា​រក្សា​បាន​កំណើនសេដ្ឋកិច្ច​៧%​ប្រចាំឆ្នាំ​»​។ បើ​តាម​ក្រសួងពាណិជ្ជកម្ម យុទ្ធសាស្ត្រ​ថ្មី​នេះ ត្រូវ​បាន​រៀបចំ និង​ចែក​ចេញ​ជា​១២ ជំពូក ដែល​សុទ្ធសឹងតែ​ជា​ចំណុច​សំខាន់​ៗ និង​ឆ្លុះ​បញ្ចាំង​ពី​តម្រូវការ​ជាក់ស្ដែង​សម្រាប់​កម្ពុជា នៅ​ក្នុង​បរិបទ​បច្ចុប្បន្ន មាន​ដូច​ជា​៖១-) គោលនយោបាយ​ពាណិជ្ជកម្ម និង​កិច្ចចរចា​ក្នុង​តំបន់​,២-) ពាណិជ្ជកម្ម ការ​ចាក​ចេញពី​ប្រទេស LDC និង​គុណភាព​នៃ​កំណើន​,៣-)​ជំនាញ ការ​អប់រំ និង​ការ​បណ្តុះបណ្តាល​សម្រាប់​កំណើន​,៤-)​កិច្ច​សម្រួល​ពាណិជ្ជកម្ម​,៥-)​ភ័ស្តុភារ​ពាណិជ្ជកម្ម​,៦-)​ការ​ប្រកួតប្រជែង បរិយាកាស​ធុរកិច្ច ហិរញ្ញវត្ថុ​ពាណិជ្ជកម្ម និង​កម្ម​សិ​ទិ្ធ​បញ្ញា​,៧-) ស្តង់ដារ និង​រចនាសម្ព័ន្ធ​គុណភាព​,៨-)​ខ្សែ​ច្រ​វ៉ា​ក់​តម្លៃ​នៃ​កសិឧស្សាហកម្ម សម្រាប់​នាំ​ចេញ​,៩-​ឧស្សាហកម្ម​ធុន​ស្រាល សម្រាប់​ការ​ធ្វើ​ពិពិធ​កម្ម​នាំ​ចេញ​,១០-) ពាណិជ្ជកម្ម​សេវាកម្ម​,១១-​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​និង​១២-)​សេដ្ឋកិច្ច​ឌី​ជី​ថ​ល និង​ឧស្សាហកម្ម ៤.០​។

ក្រសួងពាណិជ្ជកម្ម​គូសបញ្ជាក់​ថា​« យុទ្ធសាស្ត្រ CTIS ឆ្នាំ​២០១៩ គឺជា​ឯកសារ​ជំនាន់​ទី​៤ ដែល​បាន​ធ្វើ​បច្ចុប្បន្នភាព​ដោយ​ក្រសួងពាណិជ្ជកម្ម ហើយ​ត្រូវ​បាន​ដាក់​សម្ពោធ​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​ឡើង​វិញ​ជាស​កល​នូវ​ជំនួយ​សម្រាប់​ពាណិជ្ជកម្ម (Aid-for-Trade) នៅ​ក្នុង​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស កាលពី​ថ្ងៃ​ទី​០៣ ខែកក្កដា ឆ្នាំ​២០១៩ កន្លង​ទៅ​»៕ កែសម្រួលដោយ ៖ សុឃាក់

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ