ពលរដ្ឋថៃបាននាំគ្នាទៅបោះឆ្នោត កាលពីថ្ងៃទី២ មីនា ក្នុងខេត្តចំនួន៥ដែលការបោះឆ្នោតមានការរាំងខ្ទប់ខ្លាំង កាលពីខែមុនដោយពួកបាតុករប្រឆាំងនាយករដ្ឋមន្ត្រីលោកស្រី យីងឡាក់ ។
អាជ្ញាធរនិយាយថា ការបោះឆ្នោតក្នុងខេត្តទាំង៥នោះប្រព្រឹត្តទៅដោយធម្មតា ។ មានការបាញ់បោះ និងការគប់គ្រាប់បែកជាច្រើននាំឱ្យមានភាពតានតឹងខ្លាំងមុនការបោះឆ្នោតសភា ថ្ងៃទី២ កុម្ភៈ កន្លងមកនេះដែលចាត់ទុកថា ពុំអាចស្តារស្ថិរភាពឡើងវិញ ទោះបីមានលទ្ធផលបែបណាក្តី ក្នុងប្រទេសថៃដែលមានការបែកបាក់គ្នាយ៉ាងជ្រៅបំផុត ។
ការបោះឆ្នោតកាលពីថ្ងៃទី២ កុម្ភៈ ត្រូវស្ទះក្នុង១៨%នៃមណ្ឌលបោះឆ្នោតគឺ៦៩មណ្ឌល ក្នុងចំណោមមណ្ឌលបោះឆ្នោតទាំង៣៧៥នៅទូទាំងប្រទេស ។ កាលពីថ្ងៃទី២ មីនា អគ្គលេខាធិការនៃគណៈកម្មាធិការបោះឆ្នោតថៃលោក ពូចុង នុត្រាវង្ស គូសបញ្ជាក់ថា ការបោះឆ្នោតថ្ងៃទី២ មីនា ប្រព្រឹត្តទៅដោយពុំមានបញ្ហា ។ មានពាក្យប្តឹងតវ៉ានានាប្រឆាំងការបោះឆ្នោតថ្មី ដែលគ្រោងធ្វើនាខែមេសា ក្នុងខេត្តដទៃៗទៀត ។ ចំណែកពួកបាតុករប្រឆាំងបានដកទៅប្រមូលផ្តុំគ្នានៅក្នុងឧទ្យានលុមពីនី កាលពីថ្ងៃទី២ មីនា ៕
ចែករំលែកព័តមាននេះ