សេចក្តីប្រកាសមួយរបស់ក្រសួងពាណិជ្ជកម្មចិន ដែលដកស្រង់បណ្តាទិន្នន័យរបស់អង្គការពាណិជ្ជកម្មពិភពលោក WTO និយាយថា ប្រទេសចិនក្លាយទៅជាអ្នកនាំមុខគេទី១ លើពិភពលោកក្នុងវិស័យធ្វើពាណិជ្ជកម្មទំនិញ ។
សេចក្តីប្រកាសនេះបន្តថា ពាណិជ្ជកម្មទំនិញរបស់ចិនមានដល់៤.១៦០ពាន់លានដុល្លារកាលពីឆ្នាំទៅមិញ ក្នុងនោះ២.២១០ពាន់លានដុល្លារសម្រាប់ការនាំចេញ និង១.៩៥០ពាន់លានដុល្លារសម្រាប់ការនាំចូល ។ ប្រការនោះតំណាងឱ្យជោគជ័យយ៉ាងធំមួយ និងជាតម្រុយសំខាន់មួយក្នុងវិស័យពាណិជ្ជកម្មក្រៅប្រទេសសម្រាប់ចិន ក្នុងឋានៈជាប្រទេសកំពុងអភិវឌ្ឍន៍ ។
លោក YAO JIAN អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិននិយាយថា ការនាំចេញនិងនាំចូលរបស់ចិនមានការរីកចម្រើនយ៉ាងខ្លាំងរយៈពេល៣៥ឆ្នាំនៃការកែទម្រង់ និងការបើកចំហរបស់ប្រទេស ហើយពិសេសបំផុតចាប់តាំងពីចិនចូលជាសមាជិក WTO មក ។ ចិនបច្ចុប្បន្នជាដៃគូពាណិជ្ជធំបំផុតរបស់ប្រទេស និងតំបន់ជាង១២០ ហើយបាននាំទំនិញចូលក្នុងមួយឆ្នាំៗជិត២.០០០ពាន់លានដុល្លារ ដែលផ្តល់ការងារជាច្រើន និងផ្តល់កាលានុវត្តភាពដល់ការវិនិយោគរបស់បណ្តាដៃគូពាណិជ្ជកម្មលើពិភពលោក ។
អ្នកនាំពាក្យរូបនោះបន្តថា ទោះបីចិនជាប្រជាជាតិធំជាងគេបំផុតលើពិភពលោកខាងពាណិជ្ជកម្ម តែចិនត្រូវឆ្លងកាត់ផ្លូវដ៏វែងមុនពេលក្លាយជាមហាអំណាចពាណិជ្ជកម្មដ៏ខ្លាំងបំផុតមួយ ព្រោះការនាំចេញរបស់ចិន ជាទូទៅជាទំនិញពុំសូវមានតម្លៃខ្ពស់ ។ លើសពីនេះទៀត បណ្តាញពាណិជ្ជកម្មចិននៅពុំទាន់ល្អនៅឡើយ រួចបណ្តាផលិតផលរបស់ខ្លួនក៏ពុំទាន់មានគុណភាពខ្ពស់ដែរ ។ ចំពោះការប្រឈមថ្មីៗ ចិនត្រូវជំរុញយ៉ាងសកម្មនូវបែបបទថ្មីៗនៃការអភិវឌ្ឍ កែប្រែរចនាសម្ព័ន្ធសេដ្ឋកិច្ច ហើយពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មដែលមានផលប្រយោជន៍ទៅវិញទៅមក ៕
ចែករំលែកព័តមាននេះ