ពួកតាលីបង់ ប៉ាគីស្ថាន ប្រកាសកាលពីថ្ងៃទី១ មីនា ពីបទឈប់បាញ់គ្នា រយៈពេល១ខែ ខណៈដែលកងកម្លាំង សន្តិសុខប៉ាគីស្ថាន បង្កើនការវាយប្រហារតាមអាកាស លើបណ្តាទីតាំងពួកនេះ ។
អ្នកនាំពាក្យរបស់ពួកតាលីបង់ ប៉ាគីស្ថាន លោកសាហ៊ីឌុលឡាហ៍ សាហ៊ីដ បានស្នើដល់រដ្ឋាភិបាលឱ្យឆ្លើយតបជាវិជ្ជាមានចំពោះបទបាញ់គ្នា នោះប្រកាសដោយពួកតាលីបង់ ។ បទឈប់បាញ់គ្នានេះត្រូវបានប្រកាស ខណៈការចរចាសន្តិភាពរវាងរដ្ឋាភិបាល ប៉ាគីស្ថាន និងពួកតាលីបង់ស្ថិតក្នុងភាពទ័លច្រក ។ រដ្ឋាភិបាល ប៉ាគីស្ថាន បដិសេធពុំបន្តការចរចាជាមួយពួកតាលីបង់ បើដរាបណាពួកនេះមិនបញ្ឈប់ការវាយប្រហារទេនោះ។ ពួកតាលីបង់ មុននេះ បដិសេធ មិនប្រកាសបទឈប់បាញ់គ្នា ដោយទាមទារឱ្យរដ្ឋាភិបាលប្រកាសមុនសិន ។
កងទ័ពប៉ាគីស្ថាន បានបើកការវាយឆ្មក់ តាមអាកាសនានាលើបណ្តាទីតាំងពួកតាលីបង់ នៅតំបន់កុលសម្ព័ន្ធវ៉ាហ្ស៊ីរីស្ថាន ក្រោយពួកនោះបដិសេធមិនបញ្ឈប់ការវាយប្រហារ ។ រដ្ឋមន្ត្រីមហាផ្ទៃប៉ាគីស្ថានលោកCHAYDHRY NISAR ALI KHAN ធ្លាប់បានថ្លែងកាលពីថ្ងៃទី២៨ កុម្ភៈ កន្លងមកនេះនៅមុខសភាថា កងទ័ពអាចធ្វើប្រតិបត្តិការយោធា ដោយទ្រង់ទ្រាយធំប្រឆាំងពួកតាលីបង់ ក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ ។
យោងតាមពួកអ្នកជំនាញការថា ពួកតាលីបង់ ប៉ាគីស្ថានប្រកាសបទឈប់បាញ់គ្នានោះ ក្រោមការគាបសង្កត់របស់កងទ័ពប៉ាគីស្ថាន ។ រដ្ឋាភិបាលបានស្វាគមន៍ចំពោះបទឈប់បាញ់គ្នានោះដែលអាចផ្តល់ក្តីសង្ឃឹមដល់ការបន្តដំណើរការសន្តិភាព ៕
ចែករំលែកព័តមាននេះ