ដោយសារ​ប្រពន្ធ​ប្រព្រឹត្ត​ទង្វើ​បែបនេះ ទើប​ប្តី​កាន់រូបថតការមកប្តឹង


រាជធានី​ភ្នំពេញ ​៖ ​បុរស​ម្នាក់​បាន​កាន់​រូបថត​អាពាហ៍ពិពាហ៍​​ដែល​ថតរួមគ្នាជា​មួយ​​ប្រពន្ធ​ចំនួន​២​សន្លឹក​ជា​ភស្តុ​តាង ​រួច​ធ្វើ​ដំណើរ​ទៅ​កាន់​សាលាសង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​២២ ខែសីហា ដើម្បី​សុំ​ឲ្យ​អាជ្ញាធរ​ជួយ​អន្តរាគមន៍​​ស្វែង​​រកប្រពន្ធ​ឲ្យ​ចូលខ្លួន​មក​ដោះស្រាយ​គ្នា​ ដោយ​បុរសម្នាក់​​នេះ​បាន​ចោទប្រកាន់​ថា គ្រាន់តែ​មានរឿង​ឈ្លោះ​គ្នា​ប​ន្តិ​បន្តួច​សោះ ស្រាប់តែ​​​នាងជា​ប្រពន្ធ​​បាន​ប្រមូល​សម្ភារៈ​ក្នុងផ្ទះដូចជា​ ដីធ្លី​ និង​ម៉ូតូ​១​គ្រឿង​ផង​លក់​យក​លុយ​ ព្រមទាំង​ដេញ​តុង​ទី​ថែម​ទៀតផង​ ​រួច​ប្រមូល​យក​លុយ និង​​វេច​បង្វិច​រត់​ចោល​ខ្លួន​បាត់​ស្រមោល​ជាង​១០​ថ្ងៃ​កន្លង​មក​ហើយ​។

បុរស​ម្នាក់​ខាងលើ​​នេះ​​បាន​ប្រាប់​អាជ្ញាធរ​ថា ​គាត់​​ឈ្មោះ​ ចេ​ង ពិសិដ្ឋ អាយុ​២៧​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅ​បន្ទប់​ជួល​ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​ ។​ ចំណែក​ស្ត្រីជា​ប្រពន្ធ​ឈ្មោះ សៅ រ​ដ្ឋា អាយុ​៣១​ឆ្នាំ​ មុខរបរ​កម្ម​ការ​នី​រោងចក្រ​ មានស្រុក​កំណើត​នៅ​ក្នុងភូមិ​ព្រែក​ឪជ្រឹង​( ក ) ឃុំ​ព្រែក​រំ​ដែង ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម​ ​ហើយ​នាង​ជា​ប្រពន្ធ​បាន​រត់​ចោល​​គាត់​អស់​​រយៈពេល​១១​ថ្ងៃ​កន្លង​មក​ហើយ ​ដែល​ពុំ​ដឹង​ថា នាង​ទៅ​ទីណា​ ឬ​ចាញ់បោក​ប្រុស​ព្រាន​ណា​ម្នាក់​នោះ​ឡើយ​។

បុរស​ដដែល​បាន​បន្ត​​ថា គាត់​និង​ប្រពន្ធ​បាន​រៀប​កា​រ​ជា​មួយ​គ្នា​ត្រឹមត្រូវ​តាម​ច្បាប់​និង​ប្រពៃណី​​តាំង​ពី​អំឡុង​ឆ្នាំ​២០១៥​​មកម៉្លេះ ​ដែល​គិត​រហូត​មក​ទល់​ពេល​នេះ​មាន​រយៈពេល​ជាង​៣​ឆ្នាំ​មក​ហើយ ប៉ុន្តែ​មិន​ទាន់​មានកូន​នៅឡើយ​ទេ ព្រោះ​អត់​ទាន់​ចង់បានកូន ​ដោយសារ​តែ​ជីវភាព​ខ្វះខាត ​និង​គិតគូរ​​សន្សំ​លុយកាក់​ឲ្យ​បាន​ធូរធា​រ​បន្តិច​សិន ហើយ​ចាប់​តាំ​ង​ពីក្រោយ​ពេល​រៀប​ការ​រួច​ គាត់​បាន​នាំ​ប្រពន្ធ​មក​ស្នាក់​នៅ​ធ្វើការ​ជា​កម្មករ-​កម្មការិនី​នៅរាជធានី​​ភ្នំពេញ​។

​បុរស​ដដែល​បាន​បន្ត​ថា ​គាត់​​និង​ប្រពន្ធ​ខិតខំ​ធ្វើការ​ខ្លាំង​ណាស់​ និង​ខំ​សន្សំ​ប្រាក់​មិន​ហ៊ាន​ចាយវាយ​ផ្ដេសផ្ដាស់​នោះ​ទេ រហូត​ទិញ​បាន​ម៉ូតូ ដីធ្លី និង​សម្ភារៈ​ប្រើប្រាស់​ក្នុងផ្ទះ​បាន​ដូច​បំណង​ ​ថ្វី​ដ្បិតតែ​មានរឿង​ទាស់​ពាក្យ​សម្ដី​គ្នា​ខ្លះ​ៗ​ដូច​ចាន​ក្នុង​រាវ​ក៏ពិត​មែន ​ប៉ុន្តែ​មិនធំ​ដុំ​ដល់​ថ្នាក់​ប្រើ​ហិង្សានោះ​​ឡើយ ហើយ​​គាត់​​តែងតែ​សង្ឃឹមថា​នឹង​មាន​សុភមង្គល​នៅ​ក្នុង​គ្រួសារ​ ​ប៉ុ​ន្តែ​ផ្ទុយ​ពី​ការ​គិត​របស់​គាត់​ទាំងស្រុង​ ដោយសារ​នៅ​ពេល​ចុង​ក្រោយ​មាន​ទំនាស់​គ្នា​កើត​ឡើងជា​ថ្មី​មួយ​ប្រាវ បន្ទាប់​មក​ក៏​ស្ងប់ស្ងាត់​ទៅ​វិញ ។

បុរស​ដដែលបាន​បន្តទៀត​ថា លុះដល់​ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០១៩ ស្រាប់តែ​នាង​បាន​វេច​បង្វិច​រត់​ចោល​គាត់​បាត់​ស្រមោល ដោយ​លួច​លក់​ដី ម៉ូតូ និង​សម្ភារៈ​ក្នុងផ្ទះ​អស់​គ្មាន​សល់​ឡើយ សូ​ម្បី​តែ​លុយ​តុងទីន​ក៏​ដេញ​យក​ទៅ​អស់​ដែរ​ គឺ​ទុក​ឲ្យ​គាត់​ដែល​ជា​ប្ដី​តែ​១០០​ដុល្លា​ប៉ុណ្ណោះ​ ​ដោយសារ​តែ​បែប​នេះ​ទើប​គាត់​ស្វែងរក​ការ​អន្តរាគមន៍​ពី​អាជ្ញាធរ​ដើម្បី​ជួយ​​ស្វែង​រក​នាង​ជា​ប្រពន្ធ​ឲ្យ​ចូល​​ខ្លួនមក​​ដោះស្រាយ​គ្នា​ជាមួយ​គាត់​ឲ្យ​ដាច់ស្រេច​សិន​មុន​នឹង​ចាកចេញ​ទៅ​។

បន្ទាប់​ពី​សមត្ថកិច្ច​ធ្វើការ​សាកសួរ​ពី​ទីកន្លែង​ស្នាក់​នៅ ហើយ​​ដឹង​ថា​បុរស​ម្នាក់​ខាងលើ​នេះស្នាក់​​នៅផ្ទះ​ជួល​ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ​១ ទើប​អាជ្ញាធរ​សង្កាត់​ចោម​ចៅ​៣​បាន​ប្រាប់​ឲ្យ​​បុរសម្នាក់​​ខាងលើ​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ទីនោះ​វិញ ហើយ​បុរស​នោះ​ក៏​បាន​ចាក​ចេញពី​សាលាសង្កាត់​ចោម​ច​៣​បាត់​ទៅ​ ៕ (កែសម្រួលដោយ ៖ ធីតា​)

Facebook Google Twitter Email

ព្រឹត្តិការណ៍សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ