រាជធានីភ្នំពេញ ៖ ក្រុមហ៊ុនតូតាល់កម្ពុជា សូមធ្វើការឆ្លើយតបចំពោះប្រព័ន្ធផ្សព្វផ្សាយដែលថ្មីៗនេះ បានចុះផ្សាយនូវអត្ថបទដែលមានចំណងជើងថា «បុគ្គលិកក្រុមហ៊ុន តូតាល់ បានធ្វើកូដកម្មតវ៉ាអំពីការបញ្ឈប់បុគ្គលិកពីរនាក់ ដោយគ្មានមូលហេតុ» ។ តូតាល់កម្ពុជា ជាក្រុមហ៊ុនចំណុះឲ្យក្រុមហ៊ុនតូតាល់ ដែលជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនរុករកប្រេង និងឧស្ម័នធំៗ បំផុតក្នុងពិភពលោក ហើយយើងក៏ជាក្រុមហ៊ុនដែលបានអនុវត្តយ៉ាងត្រឹមត្រូវ និងពេញលេញតាម បទប្បញ្ញត្តិ និងច្បាប់ជាធរមានរបស់កម្ពុជា។
សូមជំរាបផងដែរថា ថ្មីៗនេះ ក្រុមហ៊ុនបាននិងកំពុងរៀបចំសារជាថ្មីនូវរចនាបទការងារនៅក្នុងដេប៉ូចែកចាយប្រេងរបស់យើងនៅក្នុងភូមិខ្សុំ ដើម្បីឆ្លើយតបនឹងការអនុវត្តតាមការហាមឃាត់រថយន្តដឹងប្រេងមិនឲ្យចូលរាជធានីភ្នំពេញ នៅពេលថ្ងៃ តាមសេចក្តីប្រកាសរបស់សាលារាជធានីភ្នំពេញ។ ដោយហេតុនេះ យើងខ្ញុំក៏បានសម្រេចចិត្តផ្លាស់ប្ដូរម៉ោងធ្វើការពីពេលថ្ងៃទៅពេលយប់វិញ ដើម្បីអនុវត្តន៍តាមប្រកាសលេខ១៩ សណន.រក. របស់សាលារាជធានីភ្នំពេញ។ ប្រការគួរឲ្យសោកស្ដាយបំផុត សម្រាប់យើងខ្ញុំ គឺក្នុងពេលដែលយើងធ្វើការអនុវត្តតាមប្រកាសនេះ ស្ថានភាពការងារជាក់ស្ដែងបានតម្រូវឲ្យយើងកាត់បន្ថយបុគ្គលិកជាចាំបាច់។ យ៉ាងណាក៏ដោយ មុននឹងឈានចូលដល់ការសម្រេចចិត្តដ៏ពិបាកនេះ យើងខ្ញុំបានធ្វើការប្រឹក្សាយោបល់ ដោយស្មារតីប្រុងប្រយ័ត្នខ្ពស់ ព្រមទាំងធ្វើការពិចារណាយ៉ាងហ្មត់ចត់នូវមតិយោបល់របស់ក្រុមប្រឹក្សាច្បាប់ CAMFEBA ដើម្បីធានានូវការសម្រេចដ៏សមស្រប និងត្រឹមត្រូវតាមច្បាប់ការងារ។
យើងខ្ញុំសូមធ្វើការអះអាងថា យើងបានធ្វើការទូទាត់សំណងបានយ៉ាងត្រឹមត្រូវមិនឲ្យខ្វះចន្លោះក្នុងការអនុវត្ត តាមសេចក្ដីសម្រេចនេះ ដែលស្របទាំងស្រុងទៅតាមច្បាប់ការងារកម្ពុជា ។ ជាថ្មីម្ដងទៀត យើងខ្ញុំសូមធ្វើការបញ្ជាក់ថា តូតាល់កម្ពុជា ជាក្រុមហ៊ុនចំណុះឲ្យក្រុមហ៊ុនតូតាល់ ដែលជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុន រុករកប្រេង និងឧស្ម័នធំៗបំផុតក្នុងពិភពលោក ដែលតែងតែបានអនុវត្តយ៉ាងត្រឹមត្រូវបំផុតតាមច្បាប់របស់ប្រទេសនីមួយៗ។
តូតាល់ ជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនរុករកប្រេង និងឧស្ម័នធំៗបំផុតក្នុងពិភពលោកកំពុងប្រតិបត្តិ សេវាកម្មជាង១៣០ប្រទេសជុំវិញពិភពលោក។ ក្រុមហ៊ុន ក៏ស្ថិតនៅជាក្រុមហ៊ុនសំខាន់ទីមួយក្នុងវិស័យគីមីនេះ។ បុគ្គលិកប្រមាណ97.000នាក់ បានប្រើប្រាស់ជំនាញរបស់ខ្លួន ដើម្បីបម្រើការគ្រប់ផ្នែកនៃវិស័យនេះ ក្នុងនោះមានការរុករក និងផលិតប្រេង និងឧស្ម័នធម្មជាតិ និងមានការបន្សុទ្ធ និងទីផ្សារថាមពលថ្មី ជំនួញ និងគីមីជាដើម។
តូតាល់កំពុងប្រតិបត្តិការងាររបស់ខ្លួន ដើម្បីបំពេញតម្រូវការ និងការចង់បានផ្នែកថាមពលរបស់ពិភពលោក ទាំងថ្ងៃនេះ និងថ្ងៃស្អែក។ ព័ត៌មានបន្ថែមអំពីតូតាល់ សូមចូលទៅកាន់ www.total.com ៕
ចែករំលែកព័តមាននេះ