ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពួក​ប្រឆាំង​ថៃ​ប្រកាស​បញ្ឈប់​ការ​រាំងខ្ទប់​ក្រុង​បាង​កក​

11 ឆ្នាំ មុន

មេ​ខ្លោង​បាតុកម្ម​ប្រឆាំ​ង​ថៃ​ លោក​ស៊ូថេប​ធឿក​ស៊ូបាន​ ប្រកាស​កាល​ពី​យប់​ថ្ងៃ​ទី​២៨ កុម្ភៈ​ កន្លង​មក​នេះ​ថា លោក​នឹង​បញ្ចប់​នាថ្ងៃទី​៣ មីនា​ នូវ​ប្រតិបត្តិ​ការ​រាំងខ្ទប់​រាជធានី​បាង​កក​ ដែល​ចាប់​ផ្តើម​ពីថ្ងៃ​ទី​១៣ មករា​ មក ។​

នៅ​មុខ​ពួក​បាតុករ​លោក​ស៊ូថេប​ និយាយ​ថា​ ពួកបាតុករ​នឹង​ចាកចេញ​ពី​កន្លែង​ប្រមូល​ផ្តុំ​គ្នា​ទាំង​អស់​នៅ​ក្រុងបាង​កក​ លើក​លែង​តែ​

មេ​ខ្លោង​បាតុកម្ម​ប្រឆាំ​ង​ថៃ​ លោក​ស៊ូថេប​ធឿក​ស៊ូបាន​ ប្រកាស​កាល​ពី​យប់​ថ្ងៃ​ទី​២៨ កុម្ភៈ​ កន្លង​មក​នេះ​ថា លោក​នឹង​បញ្ចប់​នាថ្ងៃទី​៣ មីនា​ នូវ​ប្រតិបត្តិ​ការ​រាំងខ្ទប់​រាជធានី​បាង​កក​ ដែល​ចាប់​ផ្តើម​ពីថ្ងៃ​ទី​១៣ មករា​ មក ។​

នៅ​មុខ​ពួក​បាតុករ​លោក​ស៊ូថេប​ និយាយ​ថា​ ពួកបាតុករ​នឹង​ចាកចេញ​ពី​កន្លែង​ប្រមូល​ផ្តុំ​គ្នា​ទាំង​អស់​នៅ​ក្រុងបាង​កក​ លើក​លែង​តែ​នៅ​ឧទ្យាន​លុម​ពី​នី​មួយ​ប៉ុណ្ណោះ ។​ រាល់​សកម្ម​ភាព​ទាំង​អស់​នឹង​ផ្ទេរទៅ​កាន់​ឧទ្យាន​នោះ ។​

ប្រតិបត្តិ​ការ​រាំង​ខ្ទប់​ក្រុង​បាង​កក​ ដែល​​ក្នុង​អំឡុង​ពេល​នេះ​វិមាន​រដ្ឋាភិបាល​ និង​បណ្តា​ផ្លូវ​បំបែក​សំខាន់ៗ​ត្រូវ​ពួក​បាតុករ​កាន់​កាប់​សំដៅ​រុញច្រាន​ឱ្យ​នាយក​រដ្ឋ​មន្ត្រី​លោក​ស្រី​យីងឡាក់​ ស៊ីណា​វ៉ាត្រា​ លាលែង​ចេញ​ពីតំណែង​ ក៏ប៉ុន្តែ​លោក​ស្រីបាន​បដិសេធ​យ៉ាង​ម៉ឺង​ម៉ាត់​ ហើយ​ប្រាប់​ថា​ លោក​ស្រីដាច់​ខាត​មិន​ចុះ​ញ៉ម​ឡើយ ។​

ទោះបី​យ៉ាង​ណា លោក​ស៊ូថេប​ បញ្ជាក់​ថា​ ការចាក​ចេញ​ពី​ទីតាំង​ប្រមូល​ផ្តុំ​គ្នា​ទាំង​ឡាយ​ពុំ​មាន​ន័យថា​ ជា​ការបញ្ចប់​ការប្រយុទ្ធ​ដើម្បី​ទម្លាក់​រដ្ឋា​ភិបាល​បច្ចុប្បន្ន​ឡើយ ។​

យោង​តាម​កាសែត​បាង​កក​ប៉ុស្តិ៍​ លោក​ស៊ូ​ថេប​ ថ្លែង​ថា យើង​នឹង​បន្ត​រាំងខ្ទប់​ការិយា​ល័យ​ និង​បណ្តា​កិច្ច​ការ​ជំនួយ​របស់​គ្រួសារ​ស៊ីណា​វ៉ា​ត្រា​ ដូច​តាម​ទម្លាប់​ ហើយ​ការ​ប្រយុទ្ធ​របស់​យើង​នឹង​បង្កើន​ថែម​ទៀត ។​

ការបាញ់​ប្រហារ​ និងការ​វាយ​ប្រហារ​ដោយ​គ្រាប់បែក​មួយ​ចំនួន​លើ​បណ្តា​ទីតាំង​បោះ​ជំរំ​តវ៉ា​ ​រយៈពេល​ប៉ុន្មានថ្ងៃ​ចុង​ក្រោយ​នេះ​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ជា​ច្រើន​នាក់​ ក្នុង​នោះ​មាន​កុមារ​៤​នាក់​ផង​ ហើយ​មនុស្ស​ជាច្រើន​សិប​នាក់​ទៀត​ត្រូវ​របួស ។​ បណ្តា​ជន​ដៃដល់​ដែល​ធ្វើ​ការ​វាយ​ប្រហារ​ទាំង​នោះ​ពុំ​ឃើញ​មាន​ចាប់​ខ្លួន​បាន​ឡើយ។​

លោក​ស៊ូថេប​ សុំ​ទោស​ពលរដ្ឋ​ក្រុងបាង​កក​ចំពោះ​ការរំខាន​បណ្តាល​មក​ពី​ប្រតិបត្តិ​ការ​រាំង​ខ្ទប់​ ។ លោក​និយាយ​ថា​ ខ្ញុំ​ប្តេជ្ញាចិត្ត​បញ្ចប់​សកម្ម​ភាព​នេះ​សម្រាប់​ខែ​មីនា​ ដើម្បី​យើង​អាច​ចាប់​ផ្តើម​ការ​កែ​ទម្រង់​ជាតិ ។​

មុន​​នេះលោក​ស៊ូថេប​ ស្នើ​សុំ​ជួប​តទល់​គ្នា​ជា​មួយ​លោក​ស្រី​យីងឡាក់​ ដោយ​ស្នើ​ថា ការ​ជួប​ចរចាគ្នា​នោះ​ត្រូវ​ផ្សាយបន្ត​ផ្ទាល់​តាម​ទូរ​ទស្សន៍។​​ ឆ្លើយតប​នឹង​សំណើ​នេះ លោក​ស្រី​យីងឡាក់​ បាន​យល់​ព្រម​ធ្វើ​ការ​ចរចាដោយ​សន្តិ​វិធី​ ក្នុង​លក្ខ​ខណ្ឌ​ដែល​ការចរចា​នោះសម​ស្រប​ទៅតាម​រដ្ឋ​ធម្មនុញ្ញ​ ហើយ​ឱ្យ​លោក​ស៊ូថេប​ ត្រៀម​បញ្ចប់​បាតុ​កម្ម​អូស​បន្លាយ​ពេល​យ៉ាង​យូរដើម្បី​សម្រួល​ដល់​ដំណើរ​ការ​បោះឆ្នោត ៕​