រាជធានីភ្នំពេញ ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជបន)ដែលបានចេញផ្សាយកាលពីថ្ងៃទី១ មីនា ២០១៤ បានឱ្យដឹងថា គណបក្សប្រជាជនកម្ពុជា (CPP) ដាក់បេក្ខភាពឈរបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ អាណត្តិទី២ ច្រើនជាងគេ ក្នុងរយៈពីរថ្ងៃដំបូងដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតចាប់ផ្តើមទទួលពាក្យ ។
នៅថ្ងៃទី២៧ និង២៨ កុម្ភៈ គណបក្ស៣ ដែលចុះឈ្មោះប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីខេត្ត-ក្រុង-ស្រុក ខណ្ឌ គឺគណបក្សប្រជាជនកម្ពុជាដាក់បេក្ខភាពរបស់ខ្លួនបានច្រើនជាងគេ ។ គណបក្សប្រជាជនកម្ពុជាដាក់បេក្ខភាពរបស់ខ្លួនបានចំនួន២៣មណ្ឌលរាជធានី-ខេត្ត និង១៨៨ មណ្ឌល-ក្រុង-ស្រុក-ខណ្ឌ គណបក្សសង្គ្រោះជាតិដាក់បាន៨មណ្ឌល រាជធានី-ខេត្ត និង ៦២មណ្ឌលក្រុង-ស្រុក-ខណ្ឌ ចំណែកគណបក្សហ្វុ៊នស៊ិនប៉ិច ដាក់បាន១មណ្ឌលក្រុង-ស្រុក-ខណ្ឌ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតចាប់ផ្តើមចុះឈ្មោះគណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះពីថ្ងៃទី២៧ កុម្ភៈ ដល់ថ្ងៃទី៣ មីនា ២០១៤។
គួររំលឹកថាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកាលពីថ្ងៃទី១៧ មករា ឆ្នាំ២០១៤ បានចេញផ្សាយនូវចំនួនសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត និងចំនួនសមាជិកក្រុង ស្រុក ខណ្ឌ សម្រាប់អាណត្តិទី២ ដែលនឹងត្រូវរៀបការបោះឆ្នោតនៅថ្ងៃទី១៨ ឧសភា ឆ្នាំ២០១៤ខាងមុខ។គជបបានបញ្ជាក់ថា យោងតាមអនុក្រិតស្តីពីការកំណត់ចំនួនសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត និងចំនួនសមាជិកក្រុង ស្រុក ខណ្ឌ សម្រាប់អាណត្តិទី២លេខ២២អនក្រ.បកចុះថ្ងៃទី១៥ មករា ឆ្នាំ២០១៤សមាជិកក្រុមប្រឹក្សាសរុបមានចំនួន៣.៣២៤នាក់។
គ.ជ.បបានបន្តថា ក្នុងចំណោមចំនួនសមាជិកក្រុមប្រឹក្សាទាំងអស់ខាងលើនេះចំនួនក្រុមប្រឹក្សារាជធានីភ្នំពេញ ក្រុមប្រឹក្សាខេត្តសរុបចំនួន៣៩៣នាក់ និងចំនួនសមាជិកក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ សរុបមានចំនួន២.៩២១នាក់។រាជធានី ខេត្ត ដែលមានចំនួនសមាជិកក្រុមប្រឹក្សាចំនួន២១រូប គឺរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តកំពង់ចាម។ខេត្តមានចំនួនសមាជិកក្រុមប្រឹក្សាចំនួន១៩រូបគឺខេត្តបាត់ដំបង ខេត្តព្រៃវែង ខេត្តសៀមរាម ខេត្តតាកែវនិងខេត្តត្បូងឃ្មុំ។
ចែករំលែកព័តមាននេះ