រាជធានីភ្នំពេញ ៖ យុវជន២ក្រុមចូលផឹកស៊ីក្នុងហាងបៀរហ្គាឌិន «តន្រ្តីសួនមនោរម្យចំការដូង» បានខឹងនារីម្នាក់ ដែលជាតារាចម្រៀង ទៅរួមតុជាមួយក្រុមផ្សេងទៀត បានធ្វើឱ្យមួយក្រុមនោះ ខឹងសម្បារឌឺដងដាក់គ្នា ហើយខណៈពេលដែលត្រឡប់ទៅផ្ទះវិញ ក៏ដេញតាមវាយសន្លប់ម្នាក់ ។
ហេតុការណ៍នោះ ត្រូវសមត្ថកិច្ចល្បាតប្រទះឃើញក៏ឃាត់ខ្លួនបាន២នាក់ កាលពីវេលាម៉ោង១២ និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២ មីនា ២០១៤ ស្ថិតនៅចំណុចកើតហេតុក្បែរផ្សារថ្នល់បត់ តាមបណ្តោយផ្លូវលេខ២១៧ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ ។
ជនរងគ្រោះមានឈ្មោះ សន សុផល ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅ ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ ចំណែកជនបង្ក២នាក់បងប្អូនជីដូនមួយមានឈ្មោះ ញ៉ែម សារ៉ាន់ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មករសំណង់ និងម្នាក់ទៀតឈ្មោះ វ៉ន ដា ភេទប្រុស អាយុ១៨ឆ្នាំ ធ្វើការនិងស្នាក់នៅជាមួយគ្នានៅភូមិជិតកន្លែងកើតហេតុ មានស្រុកកំណើតនៅ ភូមិអង្គរនាម ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ ។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះមានគ្នា៣នាក់ទៅអង្គុយផឹកស៊ីនៅក្នុងបៀរហ្គាឌិនខាងលើ ចំណែកជនបង្កមានគ្នា៤នាក់ បានចូលផឹកស៊ីក្នុងហាងជាមួយគ្នា ប៉ុន្តែនារីជាអ្នកចម្រៀងបានទៅអង្គុយតុជាមួយជនរងគ្រោះ ធ្វើឱ្យតុជនបង្កខឹងបានបោះពាក្យសម្តីថា «អញស្គាល់នាងមុនឯងទៅទៀត ហេតុអីបានឯងហ៊ានទាក់ទងស្រីរបស់អញ» ។
លុះដល់ម៉ោង១២អធ្រាត្រ បិទហាងជនទាំងពីរក្រុមបាននាំគ្នាដើរត្រឡប់ទៅផ្ទះវិញ ដើរបាន១៥០ម៉ែត្រចំណុចក្បែរផ្សារថ្នល់បត់ ស្រាប់តែជនបង្កមានគ្នា៤នាក់ឃើញជនរងគ្រោះដើរតែម្នាក់ឯងនាំគ្នាព្រួតវាយមួយដៃមួយជើងម្នាក់រហូតដួលសន្លប់ មួយសន្ទុះដឹងខ្លួនវិញ ត្រូវសមត្ថកិច្ចល្បាតមកដល់ធ្វើការឃាត់ខ្លួនជនបង្កបាន២នាក់បងប្អូនជីដូនមួយ ចំណែក២នាក់ទៀតរត់គេចខ្លួនបាត់ ។
ចែករំលែកព័តមាននេះ